កំពង់ស្ពឺ៖ មន្ត្រីការិយាល័យគាំពារបរិស្ថាននៃ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺលោក ឈុន ឈៀហេង បានធ្វើការណែនាំដល់ម្ចាស់រោងចក្រកែច្នៃផ្លែឈើយីហោ សានផ្លាស អ៉ិនធើណេសិនណល ឯ.ក ដែលមានទីតាំងនៅក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ឱ្យបញ្ឈប់ជាបន្ទាន់នូវការបង្ហូរកាកសំណល់រាវ ចូលទៅក្នុងប្រឡាយមេតាហោ ដើម្បីលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋនិងបរិស្ថាន។
ការណ៍នេះធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ក្រោយទទួលបានការស្នើសុំឱ្យ មានការត្រួតពិនិត្យនិងអន្តរាគមន៍ជាថ្មី បន្ទាប់ពីមានក្លិនស្អុយជះភាយខ្លាំង ទៅក្នុងខ្យល់ធ្វើឱ្យរំខានដល់ការរស់នៅ របស់ប្រជាពលរដ្ឋនិងការរៀនសូត្ររបស់សិស្សានុសិស្ស។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_12-57-35-1024x768.jpg)
លោក ឈុន ឈៀហេង ប្រធានការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថាខេត្តកំពង់ស្ពឺបានឱ្យដឹងថា មន្ត្រីជំនាញរួមជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំ និងស្រុកសំរោងទងបានចុះអន្តរាគមន៍បន្ទាន់ គ្រាដែលទទួលបានការណែនាំ ពីរដ្ឋបាលខេត្តនិងមន្ទីរសាម៉ី លើរោងចក្រកែច្នៃផ្លែឈើយីហោ សាន់ផ្លាស អ៉ិនធើណាសិនណល ឯ.ក ដើម្បីរកឱ្យឃើញពីមូលហេតុដែលបង្កឱ្យ មានក្លិនស្អុយជះភាយខ្លាំងរំខានការរស់នៅ និងសិក្សារបស់សិស្សនិងទឹកកខ្វក់ ដែលប៉ះពាល់ដល់ជីវិតរស់នៅរបស់មច្ឆជាតិ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_12-57-33-1024x768.jpg)
ប្រធានការិយាល័យគាំពារបរិស្ថានបានបន្ថែមថា ជំនាញបានរកឃើញថា ពិតជាមានការបង្ហូរកាកសំណល់ មួយចំណែកពីរោងចក្រចូលទៅទីសាធារណៈ និងប្រឡាយមេតាហោពិតប្រាកដ ចំពោះមុខជំនាញបានធ្វើការណែនាំ ទៅដល់ម្ចាស់រោងចក្រខាងលើឱ្យ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពនេះ ហើយត្រូវបិទខ្ទប់មាត់លូឱ្យជិត ដើម្បីការពារការហៀរ ឬជ្រាបកាកសំណល់រាវទៅទីសាធារណៈបន្តទៀត។ ក្រុមហ៊ុនត្រូវរៀបចំបង្កើតឱ្យមានអាងស្តុក កាកសំណល់រាវឱ្យបានត្រឹមដោយមាន ដាក់ថ្នាំបំបាត់ក្លិនទៅតាមបច្ចេកទេស ការពារការជះក្លិនស្អុយទៅខាងក្រៅ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_12-57-40-1024x463.jpg)
ទន្ទឹមនេះក៏ត្រូវសិក្សាបន្ថែមដើម្បី ឈានទៅបង្កើតជាអាងប្រព្រឹត្តិកម្ម ដោយទំនាក់ទំនងផ្ទាល់ជាមួយ មន្ត្រីបច្ចេកទេសជំនាញ។ ក្នុងនោះអាជ្ញាភូមិ ឃុំត្រូវដើរតួជាសមត្ថកិច្ចតាមដាន រាល់សកម្មភាពការបង្ហៀរនានា ដើម្បីធានាថាគ្មានផលប៉ះពាល់ថ្មី ដល់ពលរដ្ឋនិងបរិស្ថានទៀតទេ។
លោក ឈុន ឈៀហេង បានបញ្ជាក់ផងដែរថា រោងចក្រកែច្នៃផ្លែឈើ សានផ្លាស អ៉ិនធើណាសិនណល ឯ.ក ធ្លាប់ត្រូវពិន័យអន្តរកាល ម្តងរួចមកហើយកាលពីអំឡុងខែឧសភា ឆ្នាំ២០២៤កន្លងមក បន្ទាប់ពីរកឃើញការបង្ហូរកាកសំណល់ ដូចគ្នានេះទៅទីសាធារណៈ និងប្រឡាយមេតាហោ ហើយក្រោយមករោងចក្រនេះ ក៏ត្រូវបានផ្អាកដំណើរទៅវិញមួយរយៈរហូតដល់ ដើមខែមករាឆ្នាំ២០២៥នេះ ទើបបើកដំណើរការម្តងទៀត។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_12-57-38-1024x505.jpg)
រោងចក្រនេះដែរ បច្ចុប្បន្នមានលទ្ធភាពប្រមូលទិញ ផ្លែស្វាយប្រមាណ ២០ទៅ៣០តោនក្នុងមួយថ្ងៃ និងមានកម្មករធ្វើការប្រមាណ២៣០នាក់ ក្នុងនោះរោងចក្រក៏បានប្រើប្រាស់ទឹកប្រមាណជាង ២៥ទៅ៣០ម៉ែត្រគូប លើខ្សែសង្វាក់ផលិតកម្មនេះផងដែរ៕
ដោយ៖ សុខ សុភ័ណ្ឌ របថតមជ្ឈមណ្ឌលដើមអម្ពិល
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)