ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ការប្រាស្រ័យទាក់ទងជាមួយសហរដ្ឋអាមេរិក ទាក់ទងនឹងការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សី ដែលកំពុងបន្តកើតមានកាន់តែលំបាក ដោយសារតែប្រទេសនេះបានដកខ្លួន ចេញពីទីភ្នាក់ងារសុខភាព របស់អង្គការសហប្រជាជាតិ។
លោក Christian Lindmeier អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក បាននិយាយអំពីបញ្ហានេះនៅក្នុង សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវដោយពន្យល់ថា “ការទំនាក់ទំនងពិតជាបញ្ហាប្រឈម។ មធ្យោបាយទំនាក់ទំនង បែបប្រពៃណីត្រូវបានកាត់ផ្តាច់” ប៉ុន្ដែលោកបដិសេធមិននិយាយលម្អិត។
ចាប់តាំងពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី H5N1 នៅសហរដ្ឋអាមេរិកក្នុងខែមេសា ឆ្នាំ ២០២៤ មនុស្សជិត ៧០ នាក់ ដែលភាគច្រើនជាកម្មករកសិដ្ឋានបានឆ្លងជំងឺនេះ។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានរាយការណ៍ថា ខណៈពេលដែលមិនមានភស្តុតាង នៃការចម្លងពីមនុស្សទៅមនុស្ស ហើយហានិភ័យសុខភាពសាធារណៈនៅតែមានកម្រិតទាប បុគ្គលដែលមានការប៉ះពាល់យូរជាមួយបក្សី បសុបក្សី ឬបសុសត្វមានហានិភ័យខ្ពស់នៃការឆ្លង។
ការព្រួយបារម្ភត្រូវបានលើកឡើងអំពី ផលប៉ះពាល់នៃការដកសហរដ្ឋអាមេរិកចេញពី WHO ជាពិសេសទាក់ទងនឹង ការចែករំលែកព័ត៌មានសំខាន់ៗ។ នៅថ្ងៃបើកសម្ពោធចូលកាន់តំណែង របស់លោកនៅថ្ងៃទី ២០ ខែមករាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីដកសហរដ្ឋអាមេរិកចេញពី អង្គការខុសភាពពិភពលោក។
យោងតាមរបាយការណ៍ប្រព័ន្ធ ផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក ប្រទេសមួយចំនួនបានសម្តែង ការព្រួយបារម្ភជាលក្ខណៈឯកជន អំពីលទ្ធភាពដែលសហរដ្ឋអាមេរិក អាចបញ្ឈប់ការចែករំលែកព័ត៌មាន អំពីមេរោគដែលកំពុងកើតឡើង ដែលអាចដើរតួយ៉ាងសំខាន់ក្នុងការ ទប់ស្កាត់ជំងឺរាតត្បាតបន្ទាប់។ ស្ថានភាពកាន់តែមានការព្រួយបារម្ភ បន្ទាប់ពីការរកឃើញថ្មីៗ នៃជំងឺគ្រុនផ្តាសាយបក្សីប្រភេទទី ២ នៅក្នុងគោទឹកដោះគោនៅក្នុងរដ្ឋ Nevada របស់សហរដ្ឋអាមេរិក ដែលបង្កឱ្យមានការភ័យខ្លាច ចំពោះវិសាលភាពនៃការផ្ទុះឡើងកាន់តែទូលំទូលាយ ៕
ប្រែសម្រួល ឈូក បូរ៉ា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)