ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ​ម៉ឹង ពន្លក ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។

លោកឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក សូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។

សូមរំលឹកថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានទម្លាយនូវសារសំឡេងចំនួន២ឃ្លីប ដោយភ្ជាប់នូវខ្លឹមសារទាំងស្រុងថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយនៃ ផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាត លើរូបខ្ញុំនិងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេ ជាអ្នកណាហើយនៅទីណា? តែយើងមិនទាន់ បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថា ប្រជាធិបតេយ្យនិងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះនិងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?។ យើងរង់ចាំមើលបណ្តាបក្សនយោបាយនិងអ្នកនយោបាយ ណាខ្លះដែលចេញមុខថ្កោលទោសឬ នៅស្ងៀមឬគាំទ្រចំពោះទង្វើបែបនេះ?”។

សម្តេចតេជោគូសបញ្ជាក់ដាច់ណាត់ថា “ខ្ញុំសូមប្រកាសថាខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំនិងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ដែលទី១មុន ខ្ញុំប្រកាសនៅខេត្តកណ្តាលនិងទី២គឺ ក្រោយខ្ញុំប្រកាសគឺនៅថ្ងៃទី១២កុម្ភៈ ២០២៥ម្សិលមិញ»៕

To Top