ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជាចាត់ទុកទឹកជា «មាស ស» ដែលជាកម្លាំងចលករសម្រាប់ជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព និងបរិយាប័ន្ន។
ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញជាតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ ក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១៣ កុម្ភៈ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ធនធានទឹក ជាចំណុចស្នូលនៃវិស័យកសិកម្ម ឧស្សាហកម្ម និងទឹកស្អាត ដែលនៅតែជាវិស័យចម្បងសម្រាប់ប្រទេសកម្ពុជា ក្នុងការរក្សាស្ថិរភាពតម្លៃស្បៀង ធានាសន្តិសុខស្បៀង និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។
លោកឧបនាយករដ្ឋមន្ត្រី «កម្ពុជាចាត់ទុកទឹកជា “មាស ស” ដែលជាកម្លាំងចលករសម្រាប់ជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព និងបរិយាប័ន្ន។ រាជរដ្ឋាភិបាលកម្ពុជា តែងតែទទួលស្គាល់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រ និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក តាមរយៈការជំរុញការគ្រប់គ្រង ធនធានទឹកឱ្យកាន់តែប្រសើរ ក្នុងការឈានទៅសម្រេចនូវគោលដៅ “ទឹកដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។

ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ដែលបានខិតខំប្រឹងប្រែង និងការចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួល និងជួយរៀបចំពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងថ្នាក់ជាតិដ៏មានសារៈសំខាន់ ពោរពេញដោយអត្ថប្រយោជន៍ ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមាសម្រាប់ខេត្តភាគខាងកើត និងភាគនិរតីរបស់កម្ពុជា។
ជាមួយនឹងសមិទ្ធផលដែលសម្រេចបាន និងទិសដៅការងារដែលបានដាក់ចេញសម្រាប់ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាម សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍បន្ថែមមួយចំនួនជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃស្ថាប័នទាំងបី ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបានជាមូលដ្ឋានក្នុងការផ្ដោតការយក ចិត្តទុកដាក់លើការអនុវត្តការងារជាក់ស្ដែង។
ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ឈរលើសមិទ្ធផលនានាដែល សម្រេចបាននាពេលកន្លងមក មេរៀន បទពិសោធន៍ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ព្រមទាំងការចូលរួម និងកិច្ចសហការពីអ្នកពាក់ព័ន្ធ យើងនឹងបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត សំដៅធានាឱ្យបាននូវប្រភពទឹកស្អាត គ្រប់គ្រាន់សម្រាប់ផលិតកម្មគ្រប់វិស័យ ក៏ដូចជា ការចូលរួមទប់ស្កាត់ និងការកាត់បន្ថយនូវគ្រោះមហន្តរាយធម្មជាតិនានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យ រីកចម្រើនកាន់តែឆាប់រហ័សថែមទៀត៕
