ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅមិនទាន់ជំនួស លោកគ្រូ-អ្នកគ្រូ ដោយសារគ្មានបេះដូង និងមិនទាន់អាចមានសមត្ថភាពសម្រេចចិត្តជំនួសមនុស្សបាននៅឡើយទេ។

នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ (The First Cambodia EdTech Summit) ក្រោមប្រធានបទ «មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល» ដែលប្រព្រឹត្តិទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងយកចិត្តទុកដាក់ ធ្វើបរិវត្តកម្មការអប់រំនៅកម្ពុជា ដើម្បីជំរុញការរៀន និងបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឈានទៅលើកកម្ពស់ការអប់រំ និងអភិបាលកិច្ចសាលារៀន ប្រកបដោយសក្តានុពល និងផលិតភាពខ្ពស់។

ក្រសួង ក៏បានរៀបចំយុទ្ធសាស្ត្រជំរុញការអប់រំឌីជីថល ដោយបានគ្របដណ្តប់គ្រប់សមាសភាពសំខាន់ៗ នៅកម្រិតសាលារៀន ដូចជា៖ ១).សាលារៀនមានបរិយាកាសអំណោយផល សម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល, ២).គ្រូបង្រៀននិងអ្នកអប់រំមានតួនាទីជាអ្នកលើកទឹកចិត្ត និងជាអ្នកដឹកនាំ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល, ៣).នាយកសាលាជាអ្នកដឹកនាំមានចក្ខុវិស័យ និងជាអ្នកដោះស្រាយបញ្ហានៅកម្រិតសាលារៀន ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង ៤).កម្មវិធីសិក្សាគាំទ្រដល់ការអប់រំឌីជីថល និងវិធីសាស្ត្របង្រៀនគាំទ្រ ដល់ការអប់រំឌីជីថល។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចជួយគាំទ្រដល់អ្នកសិក្សាឱ្យសម្រេចបានគោលដៅនៃការអប់រំ ជួយដល់គ្រូបង្រៀនក្នុងការរៀបចំកិច្ចតែងការបង្រៀន និងធ្វើការរង្វាយតម្លៃលើកិច្ចការសិស្ស និងជាពិសេសទៅលើលទ្ធផលនៃការសិក្សា ដោយចំណាយពេលវេលាតិច។ បន្ថែមពីនេះទៀត AI ក៏ជួយដល់ដល់គ្រូបង្រៀនអាចស្វែងរកព័ត៌មាន ការសរសេរអត្ថបទ ការឆ្លើយសំណួរ ការបង្កើតសំណើ ការបង្កើតមេរៀន សំណួរនិងចម្លើយពេលប្រឡង កិច្ចតែងការ វីដេអូបង្រៀន ផលិតរូបភាពដើម្បីប្រើប្រាស់ក្នុងការបង្រៀន និងល្បែងសិក្សា។ បច្ចេកវិទ្យា AI ឱ្យសិស្សរៀនបានលឿន បង្កបរិយាកាសរីករាយក្នុងការរៀនសូត្រ ជាក់ស្តែងនៅសាលារៀនជំនាន់ថ្មី សិស្សកំពុងប្រើប្រាស់ AI ដើម្បីស្វែងយល់ពីមេរៀនដែលគេកំពុងសិក្សា និងការដោះស្រាយលំហាត់ជាដើម។

ដើម្បីប្រើប្រាស់បច្ចេកវិទ្យានេះប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យបុគ្គលិកអប់រំ គ្រូបង្រៀន សិស្សានុសិស្សបន្តអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងការរៀនសូត្រជាប្រចាំដើម្បីឆ្លើយតបនឹងការវិវត្តឥតឈប់ឈរនេះ។ អ្នកសិក្សាក៏ត្រូវស្វែងយល់ និងប្រតិបត្តិក្រមសីលធម៌នៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះផងដែរ ជាពិសេស ចំណេះដឹងពីការប្រើប្រាស់បច្ចេកវិទ្យាដោយសុវត្ថិភាព ដែលមានផលជះទៅលើកុមារតូច និងត្រូវយល់ដឹងអំពីឥទ្ធិពលនៃបច្ចេកវិទ្យាដែលធ្វើឱ្យប៉ះពាល់ដល់ការរីកលូតលាស់ផ្នែកបញ្ញា ស្មារតី និងកាយសម្បទាររបស់សិស្សផងដែរ។ យ៉ាងណាមិញ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «AI នៅមិនទាន់ជំនួសលោកគ្រូអ្នកគ្រូ ដោយសារគ្មានបេះដូង និងមិនទាន់អាចមានសមត្ថភាពសម្រេចចិត្តជំនួសមនុស្សបាននៅឡើយទេ»៕

