ព័ត៌មានជាតិ

ធនាគារអភិវឌ្ឍន៍អាស៊ី បង្កើនទំហំហិរញ្ញប្បទាន ប្រចាំឆ្នាំរបស់ខ្លួនជាង ៣៦ពាន់លានដុល្លារ

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផែនការ ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួនបន្ថែម ៥0% សម្រាប់រយៈពេលមួយទសវត្សរ៍បន្ទាប់នេះ ដែលជាការបន្ថែមមូល ដ្ឋានទុនរបស់ខ្លួន ដើម្បីបង្កើនផលជះនៃការអភិវឌ្ឍ នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។

យោងតាមសេចក្តីប្រកាស ព័ត៌មាន ADB នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ផែនការប្រើប្រាស់មូលធន (CUP) នេះបង្ហាញពីការបង្កើន ទំហំនៃការអាចផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំរបស់ ADB ពី ២៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ដល់ជាង ៣៦ ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣៤។ ការពង្រីកការផ្តល់ហិរញ្ញប្បទាននេះ នឹងជំរុញកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសសមាជិកកំពុងអភិវឌ្ឍ (DMCs) របស់ ADB ដើម្បីដោះស្រាយអាទិភាពនៃការអភិវឌ្ឍសំខាន់ៗនៅក្នុងតំបន់។

ប្រធាន ADB លោក Masatsugu Asakawa បានមានប្រសាសន៍ថា «ផែនការនេះឆ្លើយតបទៅនឹងតម្រូវការដែលផ្លាស់ប្តូរនៃតំបន់របស់យើង និងបង្កើនផលជះនៃការងាររបស់ ADB ធ្វើអោយប្រសើរឡើងនូវជីវិតរស់នៅរបស់ប្រជាពលរដ្ឋ និងការពារភពផែនដីរបស់យើង។ ជាមួយការប្រើប្រាស់សមត្ថភាព ផ្តល់ប្រាក់កម្ចីបន្ថែមរបស់យើង ផែនការប្រើប្រាស់មូលធននេះ អាចឱ្យយើងធ្វើការវិនិយោគ ជាយុទ្ធសាស្រ្តដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញ ព្រមទាំងបង្កើនគុណភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការរបស់យើងនៅក្នុងតំបន់»។

ផែនការប្រើប្រាស់មូលធននេះ តំណាងឱ្យជំហានបន្ទាប់នៃការវិវត្តកំពុងបន្តរបស់ ADB។ វាជាលទ្ធផលនៃកំណែទម្រង់ការគ្រប់គ្រងមូលធនឆ្នាំ ២០២៣ ដែលបង្កើនយ៉ាងខ្លាំងនូវសមត្ថភាពផ្តល់ហិរញ្ញប្បទានរបស់ ADB។ វាក៏ជាលទ្ធផលនៃ ការធ្វើបច្ចុប្បន្នភាពកាលពីឆ្នាំមុននៃយុទ្ធសាស្រ្តរួមរបស់
ADB ដែលកំណត់គោលដៅប្រកបដោយមហិច្ឆិតាក្នុងវិស័យអាទិភាពចំនួនប្រាំ។ ADB ក៏បានពង្រឹងការផ្តល់ប្រាក់កម្ចីសម្បទាន និងបង្កើនមូលនិធិអភិវឌ្ឍន៍អាស៊ី ដែលជាប្រភពជំនួយដ៏ធំបំផុតសម្រាប់ប្រទេសសមាជិកក្រីក្រ និងងាយរងគ្រោះបំផុត តាមរយៈផែនការថ្មីៗនេះ។

ផែនការប្រើប្រាស់មូលធននេះ រំពឹងថានឹងមានការកើនឡើងយ៉ាងខ្លាំង នៃការសន្យាផ្តល់ប្រាក់កម្ចីរបស់ ADB ក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខ (ជាមួយការបង្កើនបុគ្គលិក និងធនធានជំនួយបច្ចេកទេស) បន្ទាប់ពីមានស្ថិរភាពកំណើន ប្រកបដោយនិរន្តរភាពក្នុងរយៈកាលកន្លងទៅ។

ប្រតិបត្តិការជាមួយផ្នែកផ្សេងពីរដ្ឋាភិបាល (nonsovereign operations) ត្រូវបានរំពឹងថានឹងកើនឡើងក្នុងល្បឿនដ៏លឿនមួយ (ដោយការកើនឡើង នៃការសន្សាផ្តល់ហិរញ្ញប្បទានពី ២0% ទៅ ២៧% ក្នុងរយៈពេលមួយទសវត្សរ៍បន្ទាប់នេះ) ហើយប្រតិបត្តិការ ជាមួយរដ្ឋាភិបាល(sovereign operations)នឹងកើនឡើងក្នុងល្បឿនមធ្យមជាមួយនឹងគម្រោងអភិវឌ្ឍន៍ដែលពាក់ព័ន្ធ និងច្រើនជាងមុន។

ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ប្រាក់ចំណូលសុទ្ធរបស់ ADB ត្រូវបានព្យាករថានឹងកើនឡើងជាលំដាប់។ ADB មានបំណងវិនិយោគជាយុទ្ធសាស្រ្ត មួយផ្នែកនៃចំណូលនេះ ដើម្បីជួយប្រទេសសមាជិក កំពុងអភិវឌ្ឍរបស់ខ្លួន ដើម្បីបង្កើតគម្រោងដែលចំណេញ និងមានគុណភាពខ្ពស់ ព្រមទាំងប្រមូលថវិកា ប្រកបដោយនិរន្តរភាព តាមរយៈទីផ្សារមូលធន។ គំនិតផ្តួចផ្តើម ថ្មីៗរួមមានការផ្តល់កម្ចីជាមួយនឹងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដើម្បីជំរុញការវិនិយោគលើភាពធន់ និងនិរន្តរភាព ក៏ដូចជាការគាំទ្រអាស្រ័យស្ថានភាព ជាក់ស្តែងក្នុងការរៀបចំគម្រោង។

សូមបញ្ជាក់ថា ADB នឹងបង្កើតវិធីសាស្រ្តប្រតិបត្តិការ ដើម្បីណែនាំការងារនាពេលអនាគតរបស់ខ្លួនក្នុងផ្នែក អភិវឌ្ឍន៍វិស័យឯកជន អន្តរកម្មឌីជីថល ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងទំនិញសាធារណៈ (public goods)។ គំនិតផ្តួចផ្តើមទាំងនេះត្រូវបានរៀបចំឡើងដើម្បីធានាថា ADB អាចសម្រេចបាននូវគោលដៅរួមរបស់ខ្លួនសម្រាប់ឆ្នាំ ២០៣០។ វារួមបញ្ចូលទាំងការបង្កើនចំណែកនៃហិរញ្ញវត្ថុអាកាសធាតុដល់ ៥0% នៃការសន្យាផ្តល់ហិរញ្ញប្បទានសរុប និងការឈានដល់ការផ្តល់ហិរញ្ញប្បទាន សម្រាប់វិស័យឯកជនសរុបចំនួន ១៣ ពាន់លានដុល្លារ ពីការផ្តល់ហិរញ្ញប្បទានរបស់ ADB និងពីការកៀរគរថវិកាដោយផ្ទាល់សម្រាប់ឆ្នាំ ២០៣០។ វឌ្ឍនភាពនៃការអនុវត្តផែនការប្រើប្រាស់មូលធននេះ នឹងត្រូវពិនិត្យតាមដានជារៀងរាល់ឆ្នាំ ដើម្បីធានាការឆ្លើយតប របស់វាទៅនឹងតម្រូវការ និងអាទិភាពដែលកំពុងវិវត្តក្នុងតំបន់៕

To Top