ភ្នំពេញ ៖ មេបញ្ជាការ នៃកងម្លាំងនគរបាល វរការពារព្រំដែនកម្ពុជា ប្រចាំភូមិសាស្រ្តខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា បានទទួលជួបមេទ័ពថៃ ប្រចាំខេត្តត្រាត ប្រទេសថៃ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅច្រកព្រំដែនថ្មដា ក្នុងភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំដែនកម្ពុជា-ថៃ។

ភាគីទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនង រវាងប្រទេសទាំង២ កម្ពុជា-ថៃ ជាពិសេសការពិនិត្យលើ គម្រោងបើកច្រកព្រំដែន ក្នុងតំបន់ក្នុងពេលខាងមុខ។ ជាមួយគ្នានេះ ភាគីទាំង២ បានជួបពិភាក្សាផងដែរ អំពីការត្រៀមបង្ការ ទប់ស្កាត់អំពីភ្លើងឆេះព្រៃ ដែលបច្ចុប្បន្នក្នុង ភូមិសាស្រ្តខេត្ត របស់ថៃមួយនេះ បាននិងកំពុងមានករណីភ្លើងឆេះព្រៃ និងបានបង្កឱ្យមានការកើនឡើង កំហាប់ភាគល្អិតនិចលក្នុងខ្យល់ (PM 2.5) នៅក្នុងប្រទេសផងដែរ ។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ថា “មេទ័ពឈរជើង នៅខេត្តពោធិ៍សាត់ប្រទេសកម្ពុជា និងមេទ័ពយោធាខេត្តត្រាត នៃប្រទេសថៃ បានជួបគ្នាពិតប្រាកដមែន នៅក្នុងភូមិសាស្រ្ត នៃតំបន់ច្រកព្រំដែន នៃប្រទេសទាំង២កម្ពុជា-ថៃ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាពេលកន្លងទៅ។ ភាគីទាំងពីរបានជជែកគ្នាច្រើន លើកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងព្រំដែន។ ជាមួយគ្នានេះ ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ ជាមួយគ្នាដើម្បីទប់ស្កាត់ និងបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលបច្ចុប្បន្នប្រទេសថៃ កំពុងកើតមាន នៅក្បែរព្រំដែនកម្ពុជា” ។

សូមបញ្ជាក់ថា កន្លងមកកម្ពុជាមិទាន់មានករណីឆេះព្រៃ ដូចមានកើតមានដូចបណ្តាប្រទេសមួយចំនួន នាពេលកន្លងទៅនោះទេ។ ក្រសួងបរិស្ថានបានធ្វើការជាជមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងជាពិសេសជាមួយអាជ្ញាធរ រាជធានីខេត្ត ហើយបានពិនិត្យឃើញថា ករណីមានការឆេះកន្លែងខ្លះ គឺការឆេះស្មៅ ស្បូវ ស្លឹកឈើ សំរាម និងជញ្ជ្រាំងស្រូវ នៅតាមមូលដ្ឋានមួយចំនួនតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា ក្រសួងបរិស្ថានកម្ពុជា បានធ្វើការសហការ ជាមួយអ្នកពាក់ព័ន្ធទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ធ្វើការផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋ កុំឱ្យដុត គល់ជញ្រ្ជាំង សំរាម ជាពិសេសដុតសំណល់កសិកម្ម ប្លាស្ទិក ជាដើម ចូលរួមទប់ស្កាត់ការឆេះ ជាពិសេសអនុវត្តវិធានការច្បាប់ចំពោះបទល្មើសកាប់ រុករាន ដីព្រៃធ្វើជាកម្មសិទ្ធិខុសច្បាប់ជាដើម ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្រសួងបរិស្ថាន បានធ្វើការតាមដានជាប្រចាំ នូវករណីភ្លើងឆេះ (Hotspot) ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយស្ថាប័នជំនាញក្នុងតំបន់ ពិសេសមជ្ឈមណ្ឌលជំនាញឧតុនិយមអាស៊ាន និងបានធ្វើការផ្ទៀងផ្ទាត់ជាក់ស្ដែង នៅទីវាលផងដែរ ។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានសំណូមពរឱ្យសាធារណជន មេត្តាបន្តតាមដានលទ្ធផលការ ប្រែប្រួលគុណភាពខ្យល់ តាមរយៈការត្រួតពិនិត្យ គុណភាពខ្យល់ពីឧបករណ៍ និងស្ថានីយដែលបានដំឡើង នៅទូទាំងប្រទេស និងការតាមដាន គុណភាពខ្យល់ដោយប្រើប្រាស់ រថយន្តត្រួតពិនិត្យគុណភាពខ្យល់ បានបង្ហាញពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងបណ្ដាខេត្ត ជារៀងរាល់ថ្ងៃ តាមប្រព័ន្ធផ្សព្វផ្សាយដូចជា៖ www.airquality.gov.kh ផេកFacebookផ្លូវការ របស់ក្រសួងបរិស្ថានដែលមានឈ្មោះ Ministry of Environment និងប្រព័ន្ធApp ដែលមានឈ្មោះ CGS SPA។ លើសពីនេះតាមរយៈប្រព័ន្ធផ្សព្វផ្សាយ សាធារណជនអាចទទួលបានព័ត៌មាន ស្តីពីការថែទាំសុខភាព នៅពេលមានការជូនដំណឹង ពីការប្រែប្រួលគុណភាពខ្យល់ នៅតាមតំបន់ដែលខ្លួនរស់នៅផងដែរ៕

