ភ្នំពេញ៖ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជា និងអូស្រ្តាលីបានរៀបចំសិក្ខាសាលាជាន់ខ្ពស់មួយ ស្ដីពី “មាគ៍ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ បទពិសោ- ធន៍អន្តរជាតិ” ចូលរួមដោយ លោកសាស្រ្តាចារ្យ Ricardo Hausmann នាយកស្ថាប័នស្រាវជ្រាវ Growth Lab នៃសាកលវិទ្យាល័យ Harvard ដើម្បីពិភាក្សាអំពីយុទ្ធសាស្រ្ត សម្រាប់បង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

ការធ្វើពិពិធកម្មផលិតផលថ្មី និងផលិតផលដែលមានលក្ខណៈកាន់តែជឿនលឿន គឺជាកត្តាចម្បងក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ យោងតាមទស្សនទានរបស់ លោកសាស្រ្តាចារ្យ Hausmann អំពីការវិភាគលើកំណើន (Growth Diagnostics) សេដ្ឋកិច្ចដែលមានពិពិធភាព (Economic Complexity ) និងលំហផលិតផល (Product Space) បានលើកឡើងថាជារឿយៗ ការសម្រេចបានកំណើន សេដ្ឋកិច្ចអាស្រ័យលើផលិតផលចម្រុះទំនើប ដែលប្រទេសមួយអាចផលិត និងនាំចេញបាន។ អ្នកចូលរួមសិក្ខាសាលា បានពិភាក្សាអំពីលទ្ធភាពនៃការអនុវត្តយុទ្ធសាស្រ្ត សមស្របនៅក្នុងបរិបទសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងកំណត់កាលានុវត្តភាពដ៏មានប្រសិទ្ធភាព បំផុតសម្រាប់ការធ្វើពិពិធកម្ម និងកំណើន។

សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ ទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី និងលោក ដេរីក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។ សិក្ខាសាលានេះផងដែរ មានការចូលរួមពីមន្រ្តីជាន់ខ្ពស់ខាងទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា “រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តវិធានការគោលដៅដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសដែលមានគុណភាពខ្ពស់ ក៏ដូចជាពង្រីកសមត្ថភាពឧស្សាហកម្មក្នុងប្រទេស និងបង្កើនប្រសិទ្ធភាពនៃសមា- ហរណកម្មខ្សែច្រវាក់តម្លៃសកល (Global Value Chain)។ រាជរដ្ឋាភិបាលមានការសម្រេចចិត្តខ្ពស់ក្នុងការបង្កើតបរិការណ៍ សេដ្ឋកិច្ចមួយ ដែលជំរុញភាពច្នៃប្រឌិត គាំទ្រផ្នែកសហគ្រិនភាព និងជំរុញភាពធន់នៃសេដ្ឋកិច្ចរយៈពេលវែង”។

ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត បានមានប្រសាសន៍ថា៖ សិក្ខាសាលាជាន់ខ្ពស់នេះ ផ្ដល់ឱកាសដ៏កម្រមួយសម្រាប់អ្នករៀបចំគោលនយោបាយ អ្នកជំនាញអន្តរជាតិ និងអ្នកអនុវត្ត ដៃគូអភិវឌ្ឍ អ្នកស្រាវជ្រាវ និងភាគីពាក់ព័ន្ធនានា ដើម្បីពិភាក្សាស៊ីជម្រៅលើសំណួរសំខាន់ៗដែលដឹកនាំអនាគតនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា៖ សំណួរទីមួយ តើកម្ពុជាអាចចាប់យកសក្តានុពល និងឱកាសរបស់ខ្លួនដើម្បីរក្សាកំណើនសេដ្ឋកិច្ចដោយរបៀបណា? សំណួរទីពីរ តើយើងដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គម ឧបសគ្គរាំងស្ទះចម្បងៗ ដើម្បីធ្វើពិពិធកម្មមូលដ្ឋានកំណើនរបស់យើង និងពង្រឹងការប្រកួតប្រជែងរបស់យើង ដើម្បីធានាឱ្យមានកំណើនប្រកបដោយបរិយាបន្ន និរន្តរភាព និងភាពធន់ដោយរបៀបណា? ហើយសំខាន់បំផុត តើយើងនឹងឈានទៅទីណាបន្ទាប់ពីនេះ?

លោក ដេរីក យីប លើកឡើងថា៖ “អូស្រ្តាលីមានសេចក្តីរីករាយដែលបានសហការជាមួយកម្ពុជា ក្នុងការរៀបចំយុទ្ធសាស្រ្តកំណើនថ្មីមួយ សម្រាប់កម្ពុជាក្រោយពេលចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច។ សិក្ខាសាលានេះ គឺជាផ្នែកមួយដ៏សំខាន់នៃ កិច្ចសហការរបស់យើងជាមួយក្រសួងពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍអនាគតជាចម្បងរបស់កម្ពុជា”។
លោកបានបន្ថែមទៀតថា “អូស្ត្រាលីប្តេជ្ញាគាំទ្រកម្ពុជា ក្នុងការសម្រេចបាននូវកំណើនប្រកបដោយភាពធន់ បរិយាបន្ន និង និរន្តរភាព”។ សិក្ខាសាលាជាន់ខ្ពស់នេះ រៀបចំឡើងដោយ កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ កម្មវិធីនេះ មានការចូលរួមពីសំណាក់ លោកសាស្រ្តាចារ្យ Hausmann បានបញ្ជាក់ពីការប្តេជ្ញារបស់អូស្រ្តាលីដើម្បី បង្កើនកិច្ចសន្ទនាជាយុទ្ទសាស្រ្ត និងគាំទ្រកម្ពុជាឲ្យសម្រេចបាននូវកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់។

ប្រវត្តិរូប
លោកសាស្រ្តាចារ្យ Ricardo Hausmann៖ លោក Ricardo Hausmann គឺជាស្ថាបនិក និងជានាយកស្ថាប័នស្រាវជ្រាវ Growth Lab នៃសាកលវិទ្យាល័យ Harvard និងជាសាស្រ្តាចារ្យ Rafik Hariri បង្រៀនលើការអនុវត្តសេដ្ឋកិច្ចនយោបាយអន្តរជាតិ នៅសាកលវិទ្យាល័យ Harvard Kennedy ។ លោកសាស្រ្តាចារ្យជាអ្នកផ្ដួចផ្ដើមបង្កើតវិធីសាស្រ្តដើម្បីធ្វើការវិនិច្ឆ័យលើកំណើនសេដ្ឋ-កិច្ច (Growth Diagnostic) និងសេដ្ឋកិច្ចដែលមានពិពិធភាព (Economic Complexity ) រួមទាំងយុទ្វសាស្រ្តសេដ្ឋកិច្ចដទៃទៀត ដូចជា Dark Matter, Original Sin, និង Self-discovery។
ចាប់តាំងពីបើកដំណើរការ Growth Lab ក្នុងឆ្នាំ ២០០៦ លោក Hausmann បានដឹកនាំសកម្មភាពស្រាវជ្រាវ ជាង៥០ គម្រោង ក្នុងប្រទេសជិត ៣០ នៅទូទាំងពិភពលោក រួមមានសហរដ្ឋអាមេរិកផងដែរ។ ការស្រាវជ្រាវទាំងនេះផ្តោតលើគោលនយោបាយអភិវឌ្ឍន៍ យុទ្ធសាស្រ្តកំណើន និងរបៀបវារៈពិពិធកម្មនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់រាជធានី។ មុនពេលចូលបម្រើការនៅសកលវិទ្យាល័យ Harvard លោកគឺជានាយកផ្នែកសេដ្ឋកិច្ច នៃធនាគារអភិវឌ្ឍអន្តរ-អាមេរិក នាយកនៃគណកម្មាការអភិវឌ្ឍធនាគារពិភពលោក និងស្ថាប័នមីក្រូហិរញវត្ថុ សមាជិកនៃ ក្រុមប្រឹក្សាភិបាលរបស់ធនាគារកណ្តាល នៃប្រទេសប្រទេសវ៉េណេស៊ុយអេឡា និងជារដ្ឋមន្រ្តីក្រសួងផែនការប្រទេសវ៉េណេស៊ុយអេឡា ពីឆ្នាំ ១៩៩២-១៩៩៣។
កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) គាំទ្រកម្ពុជាឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព។ ដើម្បីសម្រេចបាននូវគោលដៅនេះ CAPRED សហការជាមួយ វិស័យឯកជន និងស្ថាប័នរាជរដ្ឋាភិបាលដែលមាន ‘សមាសភាព’ ចំនួនបី រួមមាន៖ ការអភិវឌ្ឍវិស័យកសិកម្ម ពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍសហគ្រាស និងសេវាកម្មហេដ្ឋារចនាសម្ព័ន្ធ។ គោលដៅរបស់ CAPRED ចែកចេញជា ២ដំណាក់កាល៖ (១) ឆ្នាំ២០៣១៖ គាំទ្រដៃគូគោលដៅក្រសួង-ស្ថាប័នរាជរដ្ឋាភិបាលដែលពាក់ព័ន្ធ បង្កើត និងអនុវត្តគោលនយោបាយ ដែលជំរុញដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព កំណើនភាពធន់ និងបរិយាបន្ន នៅក្នុងសកម្មភាពរបស់ CAPRED។ (២) ឆ្នាំ២០៣១៖ គាំទ្រដៃគូគោលដៅវិស័យឯកជន បង្កើត និងអនុវត្តគំនិតផ្តួចផ្តើមពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ននៅក្នុងសកម្មភាពរបស់ CAPRED។ ប្រធានបទអន្តរវិស័យសំខាន់ៗមួយចំនួន រួមមាន៖ សមភាពយេនឌ័រ ពិការភាព បរិយាបន្នសង្គម (GEDSI) ភាពធន់នឹងអាកាសធាតុ និងការគាំទ្រគោលនយោបាយ។ វិធីសាស្រ្តរបស់កម្មវិធីទាំងនេះអាចធានាបានដល់ការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយដោះស្រាយដោយផ្ទាល់នូវឧបសគ្គក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។
សម្រាប់ពត៌មានបន្ថែម សូមទាក់ទង៖
-ស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា៖ Media.Cambodia@dfat.gov.au
