ព័ត៌មានជាតិ

បណ្ឌិត ជា មុនីឫទ្ធិ៖ វិទ្យាស្ថានស្រាវជ្រាវការផ្សព្វផ្សាយតំបន់ជិតខាង ឡានឆាង-មេគង្គ ឃ្លាំងពុទ្ធិមហាសាលសម្រាប់តំបន់!

ប៉េកាំង៖ ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យប៉េកាំងមានរៀបចំកម្មវិធីបើកដំណើរការវិទ្យាស្ថានស្រាវជ្រាវការផ្សព្វផ្សាយតំបន់ជិតខាង ឡានឆាង-មេគង្គ។

តាមប្រព័ន្ធវីដេអូ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងសុន្ទរកថាគន្លឹះ ដោយបានគូសរំលេចថា ឆ្នាំ២០២៤ គឺជាខួបលើកទី១០ឆ្នាំនៃការលើកឡើងនូវគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ហើយក៏ជាឆ្នាំនៃការចេញដំណើរដ៏ប្រពៃសម្រាប់បណ្តា ប្រជាជាតិតាមដងទន្លេឡានឆាង-មេគង្គរួមគ្នានៅក្នុងការបង្កើនបរិមាណមាសបៃតងតាមរយៈវិស័យទេសចរណ៍ ដែលក្នុងនោះក្រោមក្របខណ្ឌទ្វេភាគី កម្ពុជានិងចិន បានកំណត់យកឆ្នាំ២០២៤ជាឆ្នាំនៃការរៀបចំសកម្មភាពផ្លាស់ប្តូរប្រជាជន និងប្រជាជន ហើយយកឆ្នាំ២០២៥ជាឆ្នាំទេសចរណ៍ កម្ពុជា-ចិន។

ក្នុងរយៈពេល១០ឆ្នាំមកនេះ តាមរយៈកិច្ចគាំទ្រពីនាយកដ្ឋានឃោសនានៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនប្រចាំខេត្តយូណាន សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានក្លាយជាចំណែកដ៏សំខាន់មួយដែលបានរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុនៃការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តជាមួយបណ្តាប្រទេសនានាក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។

លោកបណ្ឌិតបានបន្ថែមទៀតថា ការបង្កើតវិទ្យាស្ថាននេះ គឺជាជម្រើសដ៏សមស្របតាមអនុលោមតាមនិន្នាការនៃយុគសម័យ និងបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការប្រមូលផ្តុំកម្លាំងនៃក្រុមបញ្ញាញាណជាន់ខ្ពស់ដើម្បីរួមគ្នាធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រជាជននិងប្រជាជននៃបណ្តាប្រទេសទាំង៦តាមដងទន្លេឡានឆាង-មេគង្គ ស្របតាមទស្សនៈ «ផឹកពីទន្លេតែមួយ វាសនារួមគ្នានៃប្រជាជាតិយើងទាំង៦»។

លោកបណ្ឌិត លូ ទី សាស្ត្រាចារ្យ និងជាអ្នកគ្រប់គ្រងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានសារព័ត៌មាន និងទំនាក់ទំនងនៃសាកលវិទ្យាល័យប៉េកាំង និងជាវិទ្យាស្ថានស្រាវជ្រាវការផ្សព្វផ្សាយតំបន់ជិតខាង ឡានឆាង-មេគង្គ បានគូសរំលេចថាការបង្កើតវិទ្យាស្ថានស្រាវជ្រាវការផ្សព្វផ្សាយតំបន់ជិតខាង ឡានឆាង-មេគង្គ មានសារៈសំខាន់យ៉ាងក្រៃលែង និងជានិមិត្តសញ្ញានៃជំហានដ៏សំខាន់មួយសម្រាប់ការកសាងសហគមន៍វាសនារួមប្រទេសទន្លេឡានឆាង-មេគង្គ ដែលអាចនឹងផ្តល់ការវិភាគយ៉ាងស៊ីជម្រៅអំពីវប្បធម៌នៃប្រទេសនានាក្នុងតំបន់ទន្លេឡានឆាង-មេគង្គ ដោយសហការជាមួយបណ្តាស្ថាប័នស្រាវជ្រាវនានាក្នុងបណ្តាប្រទេសតាមដងទន្លេឡានឆាង-មេគង្គ ដែលក្នុងនោះរួមមានទាំងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនក្នុងការបោះពុម្ពផ្សាយនូវស្នាដៃស្រាវជ្រាវដ៏មានតម្លៃកាន់តែច្រើន និងផ្តល់ការគាំទ្រផ្នែកទ្រឹស្តីដល់ការស្រាវជ្រាវការផ្សព្វផ្សាយក្នុងតំបន់ដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទន្លេឡានឆាង-មេគង្គបង្កើតជាបណ្តាញផ្សព្វផ្សាយក្នុងតំបន់ដែលមានឥទ្ធិពលកាន់តែខ្លាំង និងបង្ហាញដល់ពិភពលោកនូវសមិទ្ធផលអភិវឌ្ឍន៍ និងកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ទន្លេឡានឆាង-មេគង្គ៕

To Top