ខេត្តសៀមរាប៖ ក្រសួងបរិស្ថាន ដោយមានការគាំទ្រ ពីគម្រោង”ការបញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិទៅក្នុងតំបន់ទេសភាព នៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិ នៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា (INRM Project)” និងអង្គការសុខិតកាល រៀបចំអញ្ជើញក្រុមអ្នកសារព័ត៌មានចូលរួមធ្វើដំណើរទេស្សនកិច្ចទៅកាន់ សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
ដំណើរទស្សនកិច្ចនេះនឹងអាចអោយក្រុមអ្នកសារព័ត៌មានស្វែងយល់សិក្សាកាន់តែស៊ីជម្រៅ ពីការងារចូលរួមរបស់សហគមន៍ នៅក្នុងកិច្ចការងារអភិរក្សធនធនធម្មជាតិ ការដាំស្តារព្រៃ និងពិសេសគឺអាចទទួលបាននូវបទពិសោធន៍ដ៏ល្អៗ ជាមួយសម្រស់ធម្មជាតិស្រស់ត្រកាលក៏ដូចជាការចូលរួមគាំទ្រដល់ប្រជាសហគមន៍ និងកិច្ចការអភិរក្សរបស់ពួកគាត់ផងដែរ។

ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនៅក្នុងសហគមន៍ ក្រុមអ្នកសារព័ត៌មាននឹងបន្តដំណើរឈ្ពោះទៅកាន់ “មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន”ជាកន្លែងដែលមានបណ្តុះពូជផ្កានិងថ្នាលបណ្តុះកូនឈើជាច្រើនពាន់ដើមថែមទៀតផង។

សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ បានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០០៣ លើទំហំផ្ទៃដីចំនួន៣៦៥ហិកតា និងមានប្រជាជនរស់នៅរហូតដល់៣២៥គ្រួសារ។ ការងារសំខាន់ៗរបស់សហគមន៍គឺផ្តោតទៅលើកិច្ចការងារអភិរក្សនិងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពដើម្បីជួយជាចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ សហគមន៍ក៏មានតំបន់សក្តានុពលក្នុងវិស័យទេសចរណ៍ធម្មជាតិជាច្រើនដូចជា ព្រៃឈើ សត្វព្រៃ ទឹកជ្រោះ តំបន់ទេសភាព ស្រះដំរី ប្រាសាទបុរាណ បុរាណដ្ឋាន ពើងថ្ម និងប្រពៃណីតម្បាញរបស់អ្នកភូមិជាដើម។ ការអភិរក្សធនធានធម្មជាតិ៖ សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំបានចូលរួមយ៉ាងសកម្មនៅក្នុងការងារអភិរក្ស និងថែរក្សាធនធានធម្មជាតិតាមរយៈការរៀបំផែនការនិងអនុវត្តការងារដើរល្បាតយ៉ាងទៀងទាត់ ការរៀបចំថ្នាលកូនឈើ សួនឱសថ និងការដាំស្តារព្រៃជាដើម។ សហគមន៍បានសហការជាមួយគម្រោងរបស់រាជរដ្ឋាភិបាល និងបណ្តាអង្គការជាច្រើនក្នុងការរៀបចំការគ្រប់គ្រងបែងចែកតំបន់ការពារធម្មជាតិយ៉ាងច្បាស់លាស់ដើម្បីការពារការកាប់បំផ្លាញព្រៃឈើផងនិងអាចអោយប្រជាសហគមន៍ដកហូតអនុផលព្រៃឈើដោយនិរន្តរភាពផងដែរ។

ការងារដាំស្តារព្រៃ៖ សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំគឺបានរៀបចំថ្នាលបណ្តុះកូនឈើដោយខ្លួនឯងផងនិងមានការសហការទិញបន្ថែមពីថ្នាលនៅតាមសាលារៀនក្នុងតំបន់ ដើម្បីយកទៅលក់បន្តអោយភ្ញៀវទេសចរអាចយកទៅដាំនៅក្នុងព្រៃរបស់សហគមន៍។ មានកូនឈើច្រើនជាង៥០០០ដើមត្រូវបានដាំដោយភ្ញៀវទេសចរនិងមើលថែបន្តដោយក្រុមការងាររបស់សហគមន៍ហើយកូនឈើទាំងនោះមានដូចជាឈើធ្នុង យាង បេង និងគគីជាដើម ។
ក្រៅពីការដាំដុះបន្ថែមសមាជិកសហគមន៍ក៏មានផែនការដើរល្បាតព្រៃយ៉ាងទៀងទាត់ ២ដងក្នុង ១ខែដើម្បីធានាបាននូវភាពថិតនៃព្រៃដែលមានស្រាប់ និងបន្តមើលថែរក្សាកូនឈើដែលទើបដុះថ្មី។ ដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានគឺនឹងធ្វើជាសាក្សីដោយផ្ទាល់ចំពោះកិច្ចខិតខំប្រឹងប្រែងលើកិច្ចការងារទាំងនោះ និងស្វែងយល់ពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់សហគមន៍ក្នុងការអភិរក្សបរិស្ថានធម្មជាតិរបស់ពួកគាត់ផងដែរ។
សេវាកម្មទេសចរណ៍៖ សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំមានតំបន់សក្តានុពលក្នុងវិស័យទេសចរណ៍ធម្មជាតិជាច្រើន រាប់ចាប់ពីការដើរកំសាន្តព្រៃឈើ មើលសត្វព្រៃ ទឹកជ្រោះ តំបន់ទេសភាព ស្រះដំរី ប្រាសាទបុរាណ បុរាណដ្ឋាន ពើងថ្ម និងប្រពៃណីតម្បាញរបស់អ្នកភូមិ។
សហគមន៍មានផ្ទះស្នាក់រហូតដល់២៥ផ្ទះដែលអាចផ្តល់ជូនកន្លែងស្នាក់នៅដ៏សមរម្យសម្រាប់ទាំងភ្ញៀវជាតិនិងអន្តរជាតិដោយតម្លៃស្នាក់នៅមួយយប់ត្រឹមតែ២០ដុល្លា និងអាចស្នាក់នៅបានរហូតដល់ទៅ៨នាក់។ ក្រៅពីនេះសហគមន៍ក៏មានសេវាចុងភៅដោយពួកគាត់អាចធ្វើម្ហូបទៅតាមតម្រូវការរបស់ភ្ញៀវនិងមានអ្នកនាំភ្ញៀវ៥នាក់ប្រចាំសហគមន៍ដែលបានទទួលការបណ្តុះបណ្តាលច្បាស់លាស់ផងដែរ។
ដំណើរទស្សនកិច្ចក្រុមអ្នកសារព័ត៌មាននេះ នឹងបង្ហាញអោយឃើញពីរបៀបដែលសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំបំពេញនូវរាល់សកម្មភាពផ្សេងៗរបស់ពួកគាត់ ដើម្បីគាំទ្រដល់ការដាំស្តារព្រៃឡើងវិញ និងការគិតគូរដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពដោយធានាអោយបាននូវអនាគតដ៏ល្អប្រសើរសម្រាប់បរិស្ថានផងនិងសមាជិកសហគមន៍ផង៕
