ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសទទួលស្គាល់សាលារៀនចំនួន ១៤៤ ជាប់ស្តង់ដាសាលារៀនគំរូ រួមមាន៖ សាលាមត្តេយ្យសិក្សា ២៤ សាលាបឋមសិក្សា ៥០ អនុវិទ្យាល័យ ៥ វិទ្យាល័យ ៦០ និងសាលាគរុកោសល្យ ៥។ នេះជាការលើកឡើង លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានឱ្យដឹងថា ក្រសួង បានរៀបចំយន្តការចុះជួយគាំទ្រសាលាមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា ដោយប្រើប្រាស់ថវិការដ្ឋ និងយន្តការគម្រោង ផ្តោតលើ៖ លទ្ធផលសិក្សា របស់សិស្ស វិធីសាស្ត្រ បង្រៀននិងរៀន ការគាំទ្រគណៈគ្រប់គ្រង សាលារៀន ការចូលរួមរបស់សហគមន៍ និងការពង្រឹង គណនេយ្យភាពរបស់សាលារៀន។
លោកឧបនាយករដ្ឋមន្រ្តី បន្ដថា ក្រុមការងារចុះជួយគាំទ្រ សាលារៀនត្រូវបានបែងចែកជា ៥ តំបន់ និងផ្តោតលើការកំណត់ និងរៀបចំបញ្ជីបញ្ហា ការកំណត់អាទិភាព និង ដោះស្រាយបញ្ហា តាមលំដាប់លំដោយ ការរៀបចំព្រឹត្តិបត្រព័ត៌មាន សាលារៀន របាយការណ៍បំពេញការងាររបស់ សាលារៀន ស្វ័យវាយតម្លៃសាលារៀន របាយការណ៍អធិការកិច្ច ការរៀបចំផែនការសកម្មភាព គាំទ្រសាលារៀន ។
លោកឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា «ជារួម នៅពេលសន្និបាតអប់រំឆ្នាំ ២០២៥ ក្រសួងប្រកាសទទួលស្គាល់ សាលារៀនចំនួន ១៤៤ ជាប់ស្តង់ដាសាលារៀនគំរូ រួមមាន សាលាមត្តេយ្យសិក្សា ២៤ សាលាបឋមសិក្សា ៥០ អនុវិទ្យាល័យ ៥ វិទ្យាល័យ ៦០ និងសាលាគរុកោសល្យ ៥។ ក្រសួង សូមលើកទឹកចិត្តឱ្យ សាលារៀនទាំង ១៤៤ និង សាលារៀនដទៃទៀត បន្តធ្វើការកែលម្អ និងអនុវត្តឱ្យបានពេញ លេញនូវស្តង់ដាសាលារៀនគំរូ នៅឆ្នាំបន្តបន្ទាប់ទៀត»។
លោកឧបនាយករដ្ឋមន្រ្តី បន្ថែមថា ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្ត វិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា (គ.វ.អ.) ដែល ដឹកនាំផ្ទាល់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា-ណាចក្រកម្ពុជា ដើម្បីធ្វើការកែទម្រង់ និងដាក់ចេញ នូវវិធាន គន្លឹះសម្រាប់វិស័យអប់រំពីកម្រិត មត្តេយ្យសិក្សា ដល់កម្រិតមធ្យមសិក្សា ដោយផ្តោតទៅលើការ ពង្រឹងជំនាញ ទន់របស់សិស្ស ការពង្រឹងអភិបាលកិច្ចសាលារៀន សកម្មភាពក្រៅម៉ោងសិក្សា និងការចូលរួមពីសហគមន៍ ។
លេខាធិការដ្ឋាន គ.វ.អ. បានចុះជ្រើសរើស សាលាបឋមសិក្សាគោលដៅចំនួន ៤២ សាលា នៅបណ្តារាជធានី ខេត្តចំនួន ៩ នៅឆ្នាំសិក្សា២០២៣-២០២៤ សម្រាប់ការអនុវត្តជំហានដំបូង ដោយផ្តោតលើកម្មវិធីក្រៅម៉ោងសិក្សា ចំនួន ២ ម៉ោងបន្ថែម រួមមាន វិន័យ សីលធម៌ ចរិយាធម៌ ការងារស្ម័គ្រចិត្ត និងការចូលរួមពីសហគមន៍ ។ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ សាលារៀន គោលដៅ គ.វ.អ. បានពង្រីកដោយប្រើប្រាស់យុទ្ធសាស្ត្រផ្ការីក ដល់សាលាបឋមសិក្សាចំនួន ១៦១ ក្នុង ២៥ រាជធានី ខេត្ត ៕
