ភ្នំពេញ ៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានចាត់ទុកថា ការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ សម្រេចបានលទ្ធផល កាន់តែប្រសើរថែមទៀត តាមរយៈសហគមន៍តំបន់ការពារធម្មជាតិ ដែលជាយន្តការមួយ ប្រកបដោយប្រសិទ្ធភាព និងចូលរួមចំណែកយ៉ាងសំខាន់ ដោយបានជួយទប់ស្កាត់ការបាត់បង់ព្រៃឈើ ការិចរឹលព្រៃឈើ និងការអភិរក្សធនធានធម្មជាតិ រួមទាំងការដាំស្តារព្រៃឈើ ដើម្បីបង្កើនគម្របបៃតង ជួយដល់ការអភិវឌ្ឍ ដោយចីរភាពនៅកម្ពុជា ។

លោកបានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថាន បានជួយសហគមន៍សហគមន៍ តំបន់ការពារធម្មជាតិ ឱ្យមានឱកាសចូលរួមចំណែកលើកកម្ពស់សិទ្ធិ ក្នុងការគ្រប់គ្រងព្រៃឈើ ផ្តល់អភិបាលកិច្ច និងក្របខណ្ឌច្បាប់ពេញលេញ ដល់ប្រជាជនមូលដ្ឋាន ក្នុងការទាញយកប្រយោជន៍ផ្នែកសេដ្ឋកិច្ច ប្រកបដោយសមធម៌ ព្រមទាំងការចិញ្ជឹមជីវិត ធានាសន្តិសុខស្បៀង និងបង្កើនចំណូលផ្សេង ក្រៅពីការដាក់ សម្ពាធលើព្រៃឈើ។

កន្លងមកក្រសួងបរិស្ថាន បានសម្របសម្រួលបង្កើតនិងកំពុងធ្វើការជំរុញយុទ្ធនាការ«ពន្លកបៃតង» ជាមួយសហគមន៍ការពារធម្មជាតិ សរុបចំនួន១៩៣ សហគមន៍។ នៅក្នុង ក្រសួងបរិស្ថានកំពុងអភិវឌ្ឍន៍ «របៀងគោលដៅលំហែបៃតង ដោយធ្វើការតភ្ជាប់គោលដៅ កម្សាន្តរបស់អ្នកទេសចរណ៍ នៅតាមសហគមន៍តំបន់ការពារធម្មជាតិចំនួន៥ នៅលើខ្នងភ្នំគូលែន ដែលផ្តោតលើមានការរៀបចំ សម្បទាទេសចរណ៍ ដូចជាការសាសង់ កន្លែងបោះតង់ស្នាក់នៅ តាមរចនាបទខ្មែរ ការរៀបចំផ្លូវ គោលដៅដើរកម្សាន្ត ភ្ជាប់ពីសហគមន៍មួយទៅសហគមន៍មួយទៀត ដោយថ្មើរជើង ឬអាចជិះកង់កម្សាន្ត ហើយសហគមន៍នីមួយៗ អាចផ្តល់សេវាកម្មទេសចរណ៍ (ការដឹកជញ្ជូន ម្ហូបអាហារ មគ្គុទេសក៏សហគមន៍) ។ល។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងទៅ បានសាសង់កន្លែងសម្រាកលំហែបៃតងចំនួន១០ កន្លែង និងជួយសាសង់នៅកន្លែងផ្សេងទៀត ជាបន្តបន្ទាប់ ជូនសហគមន័តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ដែលជាសហគមន៍មួយស្ថិតក្នុងរបៀងលំហែបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» សំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអភិរក្សប្រព័ន្ធជីវៈចម្រុះ និងវប្បធម៌ ប្រពៃណី ដែលជាឧត្តមប្រយោជន៍ ដល់ប្រជាជនកម្ពុជា ។

សូមបញ្ចាក់ថា អ្នកសារព័ត៌មានជាង២០អង្គភាព បានចូលរួមសិក្សាស្វែងយល់ពីសក្តានុពលធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ធំ ព្រះវិហារ និងសៀមរាប ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមការគាំទ្រពីក្រសួងបរិស្ថាន តាមរយៈគម្រោង” ការបញ្ជ្រាបការគ្រប់គ្រង ធនធានធម្មជាតិទៅក្នុងតំបន់ទេសភាព នៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិ នៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា(INRM Project)” និងមានការសម្របសម្រួល ពីអង្គការសុខិកាល ។ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ សិក្សាស្វែងយល់ព័ត៌មាន ជាមូលដ្ឋាន សម្រាប់ការរៀបចំផែនការ យុទ្ធសាស្ត្រ អភិវឌ្ឍន៍របៀងគោលដៅលំហែបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» សំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអភិរក្សប្រព័ន្ធជីវៈចម្រុះ និងវប្បធម៌ប្រពៃណី នៅក្នុងតំបន់ការពារធម្មជាតិ៕

