ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ កោះហៅបេសកជនពិសេសប៉ូឡូញ ជុំវិញការអធិប្បាយរបស់ រដ្ឋមន្ត្រីការបរទេសថ្មីៗនេះ

AFP

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រសួងការបរទេសនៃប្រទេសអ៊ីរ៉ង់បានកោះហៅ ឯកអគ្គរដ្ឋទូតប៉ូឡូញ ដើម្បីតវ៉ាជាផ្លូវការចំពោះសុន្ទរកថា របស់រដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorski ទាក់ទងនឹងអ៊ីរ៉ង់កាលពីពេលចុងក្រោយនេះ។

កាសែត Wall Street Journal (WSJ) បានរាយការណ៍ថាលោក Sikorski ក្នុងអំឡុងពេលដំណើរទស្សនកិច្ចបន្ត របស់គាត់នៅសហរដ្ឋអាមេរិកបាននិយាយថា មានទីតាំងត្រួតស៊ីគ្នានៃការឈ្លានពាន រវាងអ៊ីរ៉ង់និងរុស្ស៊ីដោយចោទប្រកាន់អ៊ីរ៉ង់ថា បញ្ជូនការស្លាប់និងការបំផ្លិចបំផ្លាញ ទៅគ្រប់ទិសទីហើយថែមទាំងអំពាវនាវឱ្យ រួមគ្នាប្រឈមមុខនឹងការគំរាមកំហែង ដោយផ្ទាល់នេះនិងធ្វើយ់ាងណាដកវាចេញថែមទៀតផង។

WSJ ក៏បានលើកឡើងផងដែរថាលោក Sikorski បានជួយបញ្ជូនយន្តហោះគ្មាន មនុស្សបើកមួយគ្រឿងប្រភេទ Shahed របស់អ៊ីរ៉ង់ទៅកាន់សហរដ្ឋអាមេរិក ដែលត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់ ដោយរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ហើយនឹងត្រូវបានបង្ហាញនៅក្នុងសន្និសីទ សកម្មភាពនយោបាយអភិរក្ស (CPAC) ដែលធ្វើឡើងនៅចុងសប្តាហ៍នេះក្នុងទីក្រុងវ៉ាស៊ីនតោនដែរ។

ជាលទ្ធផលប្រព័ន្ធផ្សព្វផ្សាយរបស់ សហរដ្ឋអាមេរិកបានចោទប្រកាន់ថា គំរូយន្តហោះគ្មានមនុស្សបើកត្រូវបាន ប្រើប្រាស់ដោយរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន និងក្នុងការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសហ្ស៊កដានីក្នុងខែមករា ឆ្នាំ២០២៤ ដែលបានសម្លាប់ទាហានអាមេរិកបីនាក់។

យ៉ាងណាក្តីបេសកកម្មអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ទៅកាន់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កបានឆ្លើយតបកាលពីថ្ងៃសុក្រ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា មិនមានការហាមឃាត់ផ្លូវច្បាប់ លើការលក់យន្តហោះដ្រូន Shahed 136 របស់ខ្លួនទេទៅឲ្យប្រទេសឬអតិថិជនណាមួយនោះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top