ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា គ្មានសាសនាណាមួយ ដែលបង្រៀនប្រជាជន និងសាសនិករបស់ខ្លួន ឱ្យប្រព្រឹត្តអំពើបាបនោះទេ ។
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាមនិងពុទ្ធសាសនា” រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (MWL) នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចប្រជុំនាថ្ងៃនេះ មានសារៈសំខាន់ និងបានបង្ហាញដល់បណ្តាប្រទេស ដែលជាសមាជិករបស់អង្គការសម្ព័ន្ធពិភពឥស្លាម បណ្តារដ្ឋ៥៧ប្រទេស ដែលជាសមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) និងប្រទេសនានានៅលើសកលលោក បានឃើញថា កម្ពុជា អាចចាត់ទុកជាប្រទេសគម្រូមួយ ក្នុងការបញ្ចប់សង្គ្រាមរ៉ាំរៃទាំងស្រុង និងទទួលបានសុខសន្តិភាពពេញលេញ និងបានលើកកម្ពស់សិទ្ធិសេរីភាព ជំជឿសាសនារបស់ប្រជាពលរដ្ឋទូទៅ បូករួមទាំងបងប្អូនសាសនិកឥស្លាមផងដែរ ។
ក្នុងនោះសម្តេចធិបតី បានគូសបញ្ជាក់ថា គ្មានសាសនាណាមួយ ដែលបង្រៀនប្រជាជនឱ្យប្រព្រឹត្តអំពើបាបនោះទេ គ្រប់សាសនាទាំងអស់ សុទ្ធតែតម្រង់ទិសសានិករបស់ខ្លួនទៅរកផ្លូវល្អ ប្រកបដោយសិល្បធម៌ គុណធម៌ មេត្តាធម៌ ភាពស្មោះត្រង់ និងសេចក្តីប្រោសប្រណី ចំពោះមនុស្សជាតិ និងរាល់ជីវិតទាំងអស់នៅលើលោក ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសសន៍ថា “គ្រប់សាសនា សុទ្ធតែពន្យល់បង្ហាត់បង្ហាញដោយយកចិត្តទុកដាក់ជាប្រចាំ នៅក្នុងការជំរុញអំពើជាផលកុសល ដើម្បីសេចក្តីសុខផ្លូវចិត្ត និងដំណើរឆ្ពោះទៅកាន់ឋានសួគ៌ ហើយអប់រំទូន្មានឱ្យដើរប្រាសចាកឆ្ងាយ ពីការធ្វើទុក្ខបុកម្នេញទៅលើមនុស្សសត្វ និងជីវិតដទៃ និងរាល់អំពើបាបកម្មជាដំណើរឆ្ពោះទៅកាន់ឋាននរគ”៕
