ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា ភាពយន្ដចល័ត ចិន-កម្ពុជា កំពុងតែចូលរួមជួយផ្តល់ អត្ថប្រយោជន៍ជាយ៉ាងច្រើន ក្នុងកិច្ចការជំរុញ ផ្នែកយល់ដឹងអំពី ចិនបច្ចុប្បន្នភាពដល់ប្រជាជនកម្ពុជា។
ក្នុងពិធីដាក់សម្ពាធឲ្យ ដំណើរការភាពយន្ដចល័ត ចិន-កម្ពុជា លើកទី៤ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក Wang Wentian បានរំលឹកថា ព្រឹត្តិការណ៍ចាក់បញ្ចាំងភាពយន្តឆ្នើម ចិន-កម្ពុជា ត្រូវបានរៀបចំបង្កើតឡើងដោយស្ថានទូតចិនប្រចាំកម្ពុជា កាលឆ្នាំ២០១៦ ដូច្នេះឆ្នាំ២០១៩នេះ គឺជាលើកទី៤។
លោកឯកអគ្គរដ្ឋទូតមានប្រសាសន៍ថា “អាចនិយាយបានថា ជាការជំរុញសាកល្បងគុណភាព នៃកិច្ចទំនាក់ទំនងវប្បធម៌សិល្បៈនៃប្រទេសទាំងពីរ ហើយព្រឹត្តិការណ៍ ដំណើរចាក់បញ្ចាំងភាពយន្តឆ្នើម កម្ពុជា- ចិន ក៏កំពុងតែចូលរួមជួយផ្តល់នូវអត្ថប្រយោជន៍យ៉ាងសកម្ម ក្នុងកិច្ចជំរុញផ្នែកយល់ដឹងអំពី ចិនបច្ចុប្បន្នដល់ប្រជាពលរដ្ឋកម្ពុជា”។
លោកបន្ដថា នៅខែក្រោយនេះ ក្រុមការងារចាក់បញ្ចាំងភាពយន្តល័ត ចិន-កម្ពុជា នឹងចាប់ផ្តើមដំណើរការម្តងទៀត ។ លោកសង្ឃឹមថា ព្រឹត្តិការណ៍នៃដំណើរចាក់បញ្ចាំងភាពយន្តឆ្នាំ២០១៩ ទទួលបានការស្វាគមន៍ ពីប្រជាពលរដ្ឋដូចសព្វដង។
លោកបន្ថែមថា ព្រឹត្តិការណ៍មួយនេះ ក៏ទទួលបានការគាំទ្រ និងសហការពេញទំហឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតនៅម្ពុជា។
ឆ្លៀតឱកាសនោះដែរ ទូតចិនប្រចាំកម្ពុជា លើកឡើងថា បច្ចុប្បន្ន ចិន-កម្ពុជា កំពុងចូលរួមយ៉ាងសកម្មក្នុងការកសាងសហគមន៍ជោគវាសនារួមក្រោម អត្ថន័យយុទ្ធសាស្រ្ត ហើយកិច្ចទំនាក់ទំនងលើវិស័យមនុស្សសាស្រ្តជាផ្នែកមួយយ៉ាងសំខាន់ ដែលមិនអាចខ្វះបាន ក្នុងចំណោមនៃផ្នែកដទៃទៀត។
ក្នុងឱកាសនោះដែរលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួយរដ្ឋសភា និងព្រឹទ្ធសភា បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៦មក ព្រឹត្តិការណ៍ដំណើរភាពយន្តចល័ត ចិន-កម្ពុជា ដ៏ឆ្នើម បានចាក់បញ្ជាំងអស់រយៈពេល៣ឆ្នាំជាប់ៗគ្នារួចមកហើយ ដែលបានគ្របដណ្ដប់ ខេត្ត-ក្រុង ចំនួន២០នៅ កម្ពុជា ហើយបានចាក់បញ្ជាំង ជូនប្រជាជនខ្មែរជិត១០ម៉ឺននាក់ នៅតាមតំបន់នីមួយៗ បានចូលរួមទស្សនា។
លោកស្រី បានថ្លែងអំណរគុណ ចំពោះក្រុមការងារ ចាក់បញ្ជាំងខ្សែ ភាពយន្តនៃ ដំណើរភាពយន្តចល័ត ចិន-កម្ពុជាដ៏ឆ្នើម ទាំងអស់ ដែលបានខិតខំខ្នះខ្នែង ពុះភ្នំកាត់ព្រែក ចុះទៅដល់មូលដ្ឋានផ្ទាល់ ដោយមិនខ្លាចនឿយហត់និងការលំបាកផ្សេង ៗ ដើម្បីចាក់បញ្ជាំងខ្សែ ភាពយន្ត ជូនប្រជាជននៅតាមតំបន់ ដាច់ស្រយាល បានទស្សនាខ្សែភាពយន្ត និងបានស្វែង យល់ និងទទួលព័ត៌មានផ្សេងៗ ពីប្រទេសចិន និងពិភពខាងក្រៅឲ្យបានកាន់តែច្រើនឡើងថែមទៀត។
ជាងនេះទៅទៀត លោកស្រី ម៉ែន សំអន រំលឹកថា ចិនបានចាប់ផ្តើមមានទំនាក់ទំនង ការទូតជាផ្លូវការ ជាមួយកម្ពុជា ចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨មក ពោលគឺតាំង ពីជំនាន់ អតីត ព្រះមហាក្សត្រកម្ពុជា សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងលោកប្រធាន ម៉ៅ សេទុង ក៏ដូចជាឥស្សរជនកម្ពុជា និងចិនជំនាន់ ក្រោយ រហូតដល់បច្ចុប្បន្ន ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋភិបាល និងលោកម ប្រធានស៊ី ជិងពីង៕