ព័ត៌មានជាតិ

ក្រសួងការងារ រៀបចំសិក្ខាសាលា ពិគ្រោះយោបល់ ថ្នាក់ក្រោមជាតិ ដើម្បីវាយតម្លៃ លើការអនុវត្តគោល នយោ​បាយជាតិ ស្ដីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥

សៀមរាប ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ក្រោមជាតិ ដើម្បីវាយតម្លៃលើការអនុវត្តគោល នយោបាយជាតិ ស្ដីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ (NEP) ក្រោមអធិបតីភាព លោក សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ឌី រ៉ាដូ អភិបាលរង និងជាតំណាង ដ៏ខ្ពង់ខ្ពស់ លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោកស្រី Makiko Matsumoto អ្នកជំនាញជាន់ខ្ពស់ខាងមុខរបរ និងការងារ នៃអង្គការអន្តរជាតិ ខាងការងារ  (ILO) ព្រមទាំងមានការអញ្ជើញ ចូលរួមពីសំណាក់អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ធំ និង តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ នៃខេត្តសៀមរាប បាត់ដំបង កំពង់ចាម កំពង់ធំ និងបន្ទាយមានជ័យ ដែលជាសមាជិកគណៈកម្មការ ខេត្តសម្រាប់អនុវត្តគោល នយោបាយ NEP ផងដែរ។

លោក សោម ចំណាន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ NEP សំដៅបង្កើនឱកាសការងារ សមរម្យ ជូនដល់ប្រជាពលរដ្ឋកម្ពុជា និងលើកកម្ពស់ផលិតភាពការងារ ជំរុញការអភិវឌ្ឍជំនាញ និងធនធានមនុស្ស ព្រមទាំងពង្រឹងអភិបាល កិច្ចទីផ្សារការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការផ្លាស់ប្តូរនៃនិម្មាបនកម្មសេដ្ឋកិច្ចទាំងក្នុងប្រទេស តំបន់ និងសកលលោក។ គោលនយោបាយ NEP មានចក្ខុវិស័យ លើកតម្កើងជីវភាព ភាពថ្លៃថ្នូរ របស់ប្រជាពលរដ្ឋ ភាពសុខដុមរមនាសង្គម តាមរយៈការបង្កើតឱកាសការងារ សមរម្យនិងមានផលិតភាពការងារខ្ពស់ ជូនប្រជាពលរដ្ឋកម្ពុជា គ្រប់រូបប្រកបដោយសមធម៌។

លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេលដប់ឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានធ្វើពិពិធកម្ម ដែលនាំទៅដល់ការបង្កើត ការងារជាច្រើននៅក្នុង វិស័យឧស្សាហកម្ម ។ គំនិតផ្តួចផ្តើមដើម្បីកែលម្អការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបំពាក់កម្លាំងពលកម្ម របស់កម្ពុជាជាមួយនឹងជំនាញ ដែលឆ្លើយតបនឹងតម្រូវការ ដែលកំពុងវិវត្តនៃទីផ្សារការងារ ។ ជាងនេះទៅទៀត ការពង្រឹងស្ថាប័នទីផ្សារការងារ បានជំរុញបរិយាកាសការងារ ប្រកបដោយសមធម៌ និងប្រសិទ្ធភាព។

អង្គសិក្ខាសាលាបានធ្វើការវិភាគស៊ីជម្រៅ ចែករំលែកទិន្នន័យ និងវាយតម្លៃពីផលប៉ះពាល់ជាក់ស្តែង នៃការអនុវត្តគោលនយោបាយ NEP នៅក្នុងមួយទសវត្សរ៍កន្លងមក ។ នេះជាជំហានដ៏សំខាន់មួយ ក្នុងការតាក់តែងគោលនយោបាយ NEP ឆ្នាំ២០២៦-២០៣៥ ដើម្បីធានាបានថា គោលនយោបាយ NEP ថ្មីនេះ នឹងកាន់តែឆ្លើយតបទៅ នឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព និងបរិយាបន្ន របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕

To Top