ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា៖ កុំឃើញមានការរីកចម្រើនហើយ គិតថាមិនមានបញ្ហាអ្វី ត្រូវបន្តខិតខំជាប់ជាប្រចាំ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងទៅដល់បុគ្គលិកសុខាភិបាលថា កុំគិតថា ឃើញវិស័យសុខាភិបាលមានការរីកចម្រើនច្រើនហើយនោះ មិនមានបញ្ហាអ្វីទេ ប៉ុន្តែត្រូវតែបន្តខិតខំបន្ថែមទៀតឲ្យបានជាប់ជាប្រចាំ ។

នេះជាប្រសាសន៍របស់លោករដ្ឋមន្រ្តី ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមីនា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នាថ្ងៃ១០ មីនា ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ជាពិសេសប្រធានមន្ទីរពេទ្យ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់មូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស ដោយត្រូវធានាមិនមានការរើសអើង និងត្រូវពង្រឹងចំណុចដែលអនុវត្តល្អកន្លងមក ព្រមទាំងពិនិត្យនូវចំណុចខ្វះខាត ដើម្បីធ្វើការកែលម្អឲ្យកាន់តែប្រសើរឡើង។

ក្នុងនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំក្រសួង ជាពិសេសតាមបណ្តារាជធានី ខេត្ត ត្រូវពង្រឹង និងពង្រីកការបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសមូលនិធិសមធម៌ និងប.ស.ស កាន់តែមានប្រសិទ្ធភាព គុណភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដោយត្រូវពិនិត្យរាល់មតិលើកឡើង ដើម្បីឆ្លុះបញ្ចាំងជាមួយការជាក់ស្តែង ដោយត្រូវពិនិត្យឲ្យគ្រប់ស្ថានភាព បើល្អត្រូវបង្កើនការប្រុងប្រយ័ត្ន និងជៀងវាង , បន្តចុះពិនិត្យ ដោយដាក់ក្រុមការងារចុះជាក់ស្តែងមិនឲ្យដឹងព័ត៌មាន , គោលការណ៍កែលម្អឲ្យចំកន្លែងខ្វះខាត និងលើកសរសើរកន្លែងខិតខំជាទូទៅ ដើម្បីបងប្អូនមានទឹកចិត្តខិតខំបន្តទៀត , នៅតាមមន្ទីរពេទ្យ ឬកន្លែងផ្តល់សេវា ត្រូវរៀបចំឲ្យមានប្រអប់សំបុត្របានស្អាត ឬ មាន QR Code សម្រាប់ទទួលនូវមតិយោបល់របស់ប្រជាពលរដ្ឋ ទាំងគ្រប់ទិដ្ឋភាព រិះគន់ស្ថាបនា ឬ សំណូមពរ និងបន្តយន្តការជាប្រចាំ ដោយត្រូវមានការសហការឲ្យបានជិតស្និតជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ។

ឆ្លៀតក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុកការងារឱសថ ចំណីអាហារ បរិក្ខារពេទ្យ នាយកដ្ឋានមន្ទីរពេទ្យ ត្រូវពន្លឿនការងារឲ្យបានទាន់ពេលវេលា និងបង្កើនការពិនិត្យ បានច្បាស់លាស់។ ចំពោះការងារសវនកម្ម និងអធិការកិច្ច ត្រូវបង្កើនសកម្មភាពចុះពិនិត្យ ដោយប្រុងប្រយ័ត្ន និងត្រូវដើរតាមគន្លងនីតិវិធី។ ករណីជំងឺឆ្លង ត្រូវបន្តតាមដាន និងយកចិត្តទុកដាក់ខ្ពស់ ដូចជាជំងឺផ្តាសាយបក្សី និងជំងឺឆ្លងផ្សេងៗទៀត ដែលអាចបង្កឱ្យមានការឆ្លងរាលដាល ជាយថាហេតុក្នុងសហគមន៍៕

To Top