ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង និងឥណ្ឌូណេស៊ី បញ្ជាក់ឡើងវិញនូវកិច្ចសហប្រតិបត្តិការ សម្រាប់គម្រោងយន្តហោះចម្បាំងរួមគ្នា

Yonhap News

សេអ៊ូល៖ ទីភ្នាក់ងារទិញសព្វាវុធរបស់ កូរ៉េខាងត្បូងបានឲ្យដឹងថា មន្ត្រីការពារជាតិកូរ៉េខាងត្បូង និងឥណ្ឌូនេស៊ី បានអះអាងជាថ្មីនូវ កិច្ចសហប្រតិបត្តិការរបស់ពួកគេ សម្រាប់គម្រោងរួមគ្នាមួយ ដើម្បីអភិវឌ្ឍយន្តហោះចម្បាំង KF-21 នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានយុនហាប់។

ទីភ្នាក់ងារ DAPA បានឲ្យដឹងថា លោក Seok Jong-gun រដ្ឋមន្ត្រីនៃរដ្ឋបាលកម្មវិធីទិញយកការពារជាតិ (DAPA) និងលោក Donny Ermawan Taufanto អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឥណ្ឌូនេស៊ី បានពិភាក្សាគ្នាអំពីគម្រោងអភិវឌ្ឍន៍រួម ក៏ដូចជារបៀបវារៈកិច្ចសហប្រតិបត្តិការ អាវុធផ្សេងទៀត ក្នុងអំឡុងកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងហ្សាកាតា កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

អាជ្ញាធរការពារជាតិកូរ៉េខាងត្បូងបានអនុម័តផែនការកាលពីឆ្នាំមុន ដើម្បីកាត់បន្ថយការរួមចំណែករបស់ឥណ្ឌូនេស៊ី ចំពោះគម្រោងសាងសង់យន្តហោះចម្បាំងទំនើបនៅឆ្នាំ២០២៦ ដែលមានទំហំទឹកប្រាក់ដល់ ៦០០ ពាន់លានវ៉ុន (៤០៩ លានដុល្លារអាមេរិក) ពីចំនួនដើម ១.៦ ទ្រីលានវ៉ុន បន្ទាប់ពីការពន្យារពេលបង់ប្រាក់ម្តងហើយម្តងទៀតរបស់ទីក្រុងហ្សាកាតា។

ឥណ្ឌូណេស៊ី ដំបូងឡើយបានយល់ព្រមបង់ប្រាក់ប្រហែល ២០ ភាគរយនៃកម្មវិធី ៨.១ ទ្រីលានវ៉ុន ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១៥ ជាថ្នូរនឹងការផ្ទេរបច្ចេកវិទ្យា និងគំរូមួយ ក្នុងចំណោមលក្ខខណ្ឌផ្សេងៗទៀត។ គម្រោងនេះក៏ត្រូវបានរារាំងដោយការចោទប្រកាន់លេចធ្លាយបច្ចេកវិទ្យា ដែលពាក់ព័ន្ធនឹងក្រុមវិស្វករឥណ្ឌូនេស៊ី ដែលបានបញ្ជូនទៅកូរ៉េខាងត្បូង។

លោក Seok បានលើកឡើងថា “ក្នុងនាមជាកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងដែលបានធ្វើឡើងបន្ទាប់ពី ការស៊ើបអង្កេតលើវិស្វករឥណ្ឌូនេស៊ី កិច្ចពិភាក្សាបានធ្វើជាឱកាសមួយ សម្រាប់ការធ្វើឱ្យប្រក្រតីភាពនៃ កិច្ចសហប្រតិបត្តិការអាវុធទ្វេភាគី ដែលមានភាពតានតឹងបន្តិច” ដោយប្តេជ្ញាថា នឹងប្រើប្រាស់វាជាសន្ទុះ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយប្រជាជាតិអាស៊ីអាគ្នេយ៍៕

ប្រែសសម្រួល ឈូក បូរ៉ា

To Top