ផ្តើមពីចក្ខុវិស័យ នាំប្រទេសដើរ តាមមាគ៌ាទំនើបកម្ម សង្គមនិយម ប្រទេសចិន បានអនុវត្តប្រកប ដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃគោលនយោបាយ កំណែទម្រង់សេដ្ឋកិច្ច និងគោលនយោបាយ បើកទូលាយតាំងពីឆ្នាំ១៩៧៨មក ។ តាមរយៈគោលនយោបាយនេះ បានចាក់បញ្ចូលកម្លាំងដ៏ខ្លាំងក្លា ដល់សេដ្ឋកិច្ច របស់ប្រទេសចិន ហើយបាននាំប្រទេសចិន ចូលរួមចំណែកដល់ការអភិវឌ្ឍសកល ។ តាមរយៈវិធានការបើកទូលាយជាដំណាក់ៗ ប្រទេសចិន បានជំរុញកំណែទម្រង់ ប្រព័ន្ធសេដ្ឋកិច្ច ដោយរួមទាំងការបង្កើតតំបន់ សេដ្ឋកិច្ចពិសេស ការលើកទឹកចិត្ត និងជំរុញការវិនិយោគពីបរទេស និងការអភិវឌ្ឍ ពាណិជ្ជកម្មបរទេស។ បន្ទាប់ពីចូល ជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នាចុងឆ្នាំ២០០១ ប្រទេសចិន បានលើកទឹក ចិត្ត ធ្វើឱ្យប្រសើរឡើង ដល់ឧស្សាហកម្ម ក្នុងប្រទេស និង ទីផ្សារ ឱ្យមានលក្ខណៈស្តង់ដារ ដែលនាំឱ្យទីផ្សារ របស់ប្រទេសចិន មានភាពធន់រឹងមាំ ធ្វើសមាហរណកម្ម បន្ថែមទៀត ទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក ។ ជាលទ្ធផល កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៥ បានរំលេចថាផលិតផល ក្នុងស្រុកសរុប ឆ្នាំ២០២៤ មានចំនួន១៣៤,៩០៨.៤០ពាន់លានយាន់ កើនឡើង៥% ហើយផលិតផលស្រុក សរុបសម្រាប់ប្រជាជនម្នាក់ៗ បានកើនដល់ ប្រមាណ១៣,០០០ដុល្លារអាមេរិក ។
ក្នុងអំឡុងពេលដំណើរ ការកំណែទម្រង់ ប្រទេសចិនផ្តោតលើវិធានការ ជួយលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន ដោយបានប្រើប្រាស់ នូវមធ្យោបាយ ដ៏មានប្រសិទ្ធផលក្នុងការកាត់ បន្ថយភាពក្រីក្រតាមរយៈការធ្វើឱ្យជនបទកាន់តែមានវិបុលភាព ដោយបង្កើនសុភមង្គល ជូនដល់ប្រជាជនទាំងអស់ ដែលជាការ បង្កើតអព្ភូតហេតុ ដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រ របស់មនុស្សជាតិលើការកាត់បន្ថយភាពក្រីក្រ ជាក់ស្តែងនៅឆ្នាំ ២០២០ ប្រទេសចិន បានសម្រេច គោលដៅ កាត់បន្ថយភាពក្រីក្រ របស់ខ្លួន តាមការគ្រោងទុក ហើយប្រជាជនក្រីក្រ នៅតាមជនបទប្រមាណ ១០០លាននាក់ ត្រូវបានងើបចាកផុត ពីភាពក្រីក្រ ។ គំរូភាពនៃទំនើបភាវូបនីយសង្គមនិយមតាមបែបចិន មិនត្រឹមតែជំរុញកំណើនសេដ្ឋកិច្ចបៃតង ទាំងក្នុងប្រទេសនិងទាំងសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវវិបុលភាពរួម នៃសហគមន៍រួមជីវិត ដែលជាគោលការណ៍គ្រឹះ នៃអរិយធម៌អេកូឡូស៊ី ដែលជាស្មារតីគាំទ្រយ៉ាងមុតស្រួច ដល់ការការពារបរិស្ថាន ដែលបានចារឹក ក្នុងផែនការ៥ឆ្នាំលើកទី១៤ ប្រទេសចិនបាននិងកំពុងចូលរួមយ៉ាង សកម្មក្នុងនាមជាគំរូនៃសុខដុមនីយកម្ម រវាងមនុស្សនិងធម្មជាតិ ដោយក្នុងនោះដោយ មិនរាប់ពីផ្ទៃដីប្រមាណ២៥% ដែលពោរពេញដោយដើមឈើ បានជំរុញប្រទេសចិនដើរយ៉ាងស្វាហាប់ ទៅកាន់គោលដៅនៃ «ការបំភាយកាបូនទាប និង អព្យាក្រឹតភាពកាបូន»តាមរយៈការអភិវឌ្ឍថាមពលកកើតឡើងវិញ និងជាជើងឯក នៃការអភិវឌ្ឍ សកលបៃតង ។
រយៈពេល៤៧ឆ្នាំនៃគោលនយោបាយកំណែទម្រង់ និងការបើកចំហ ប្រទេសចិនបានក្លាយជាក្បាលម៉ាស៊ីនសំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោក ជាក់ស្តែងចាប់តាំងពីឆ្នាំ២០០៦មក ការរួមចំណែក របស់ប្រទេសចិន ចំពោះកំណើនសេដ្ឋកិច្ចពិភពលោកបានលើសពី៣០% ដែលនេះជាកម្លាំង ដ៏សំខាន់ជំរុញពាណិជ្ជកម្ម និង ការវិនិយោគពិភពលោក។ ភាពលេចធ្លា និងភាពប្រាកដប្រជានៃសេដ្ឋកិច្ចរបស់ចិន បានផ្តល់តួនាទីកាន់តែ សកម្មបន្ថែមទៀតដល់ប្រទេសចិនក្នុងអភិបាលកិច្ចសកល ដែលក្នុងនោះគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ដោយមានការគាំទ្រហិរញ្ញវត្ថុ ពីធនាគារវិនិយោគ ហេដ្ឋារចនា សម្ព័ន្ធអាស៊ី (AIIB) ប្រទេសចិនបាន ផ្តល់វេទិកាសហប្រតិបត្តិការថ្មី និងឱកាសអភិវឌ្ឍន៍ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ធ្វើទំនើបកម្ម សង្គមរបស់ខ្លួន ឆ្ពោះទៅកាន់ការអភិវឌ្ឍជឿនលឿន ។
ដោយជ្រោងទង់ នៃកិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ ប្រទេសចិន បន្តជាប់ជានិច្ចនូវការ ប្រកាន់ខ្ជាប់មាគ៌ា នៃការអភិវឌ្ឍឈរ លើសន្តិភាពក្នុងចរន្តពហុភាគីនិយម ព្រមទាំងជាលំនឹងសកល ដែលរួមចំណែក ដល់ការថែរក្សាសន្តិភាព និងស្ថិរភាពពិភពលោក ។ មិនថាលើវិស័យសេដ្ឋកិច្ច ដូចជាRCEP ឬការផ្តល់វ៉ាក់សាំងនិងជំនួយផ្នែកវេជ្ជសាស្រ្តនានាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនោះទេ ប្រទេសចិនតែងបង្ហាញជាប់ជានិច្ចនូវទំនួលខុសត្រូវរបស់ខ្លួនក្នុងនាមជាប្រទេសមហាអំណាច និងគិតគូរដល់ផលប្រយោជន៍ របស់មនុស្សជាតិ។ បន្ថែមពីលើនេះ ស្ថិតនៅក្នុងបរិបទមិននឹងនរ នៃសេដ្ឋកិច្ចសកល រួមជាមួយកម្លាំងប្រកួតប្រជែងស្របតាមនិន្នាការយុគសម័យទីផ្សារសេរី បានផ្តល់កម្លាំង ចលករជំរុញឱ្យក្រុមហ៊ុនចិន បង្កើនប្រសិទ្ធភាព និងនវានុវត្តកាន់តែខ្ពស់លើវិស័យបច្ចេកវិទ្យា។ ជាលទ្ធផល បន្ទាប់ពីការបើកដំណើរការ ឧស្សាហកម្មរថយន្ត ដោយបានឆ្លង កាត់ការផ្លាស់ប្តូរពី «ទីផ្សារសម្រាប់បច្ចេកវិទ្យា» ទៅជានវានុវត្តភាពជឿនលឿនហួសពីការស្មានរបស់ពិភពលោក ជាក់ស្តែង កាលពីឆ្នាំ២០២៤ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD រកបានប្រាក់ចំណូលក្នុង ទំហំទឹកប្រាក់ ប្រមាណ១០៧ពាន់លានដុល្លារ ដែលធ្វើឱ្យមានភាពខ្លាំង នៃប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន ។
កិច្ចខិតខំផលិត រថយន្តអគ្គិសនី របស់ប្រទេសចិនមិនត្រឹមបានចូលរួមនៅ ក្នុងការបង្កើនផលិតផលប្រើប្រាស់ ថាមពលកកើតឡើងវិញ ដែលមានគុណភាពល្អនិង តម្លៃសមរម្យ ចូលក្នុងទីផ្សារសកលប៉ុណ្ណោះ ថែមទាំងបានចូលរួមពង្រីក និងពន្លាតការអភិវឌ្ឍសកលបៃតង និងការអភិវឌ្ឍ នៃឧស្សាហកម្មនវានុវត្ត ទាន់យុគសម័យ បច្ចេកវិទ្យាទំនើប ព្រមទាំងឆ្លើយតបទាន់ពេល វេលាមកដល់នៃ គោលដៅរបៀបវារៈ ការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ឆ្នាំ២០៣០ថែមទៀតផង។
ជារួម ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវមួយរូប ខ្ញុំយល់ថា បទពិសោធន៍មហិមាដែលខ្លួនទទួលបានពីការសាកល្បងនានាក្នុងរយៈពេលកន្លះសតវត្សរ៍នេះ បានលើកទឹកចិត្តដល់ប្រទេសចិននឹងបន្តការធ្វើកំណែទម្រង់ស៊ីជម្រៅ និងការបើកចំហកាន់តែទូលាយដោយជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងចែករំលែកឱកាស អភិវឌ្ឍន៍ជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោក។ បទពិសោធន៍អភិវឌ្ឍន៍របស់ប្រទេសចិនបង្ហាញថា ការបើកចំហនាំមក នូវវឌ្ឍនភាព កំណែទម្រង់ជំរុញភាពរឹងមាំ ហើយមានតែកិច្ចសហប្រតិបត្តិការប៉ុណ្ណោះ ដែលអាចនាំទៅរកលទ្ធផលឈ្នះ-ឈ្នះ។ នៅក្នុងដំណើរការនៃការកសាង សហគមន៍មួយ ដែលមានអនាគត រួមគ្នាសម្រាប់មនុស្សជាតិ ប្រទេសចិននឹងបន្តលើកកម្ពស់វិបុល ភាពសកលតាមរយៈការ អភិវឌ្ឍរបស់ខ្លួន និងរួមគ្នាប្រកៀកស្មារ ជាមួយប្រទេសដទៃទៀតក្នុងពិភពលោក ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន
