ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានគូសបញ្ជាក់ថា បន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៨ ការបោះឆ្នោតក៏ដូចជាការចុះឈ្មោះបោះឆ្នោត ជាបន្តបន្ទាប់នៅកម្ពុជា ត្រូវបានកែលម្អ និងកែទម្រង់ទាំងក្របខណ្ឌច្បាប់ ការងារគ្រប់គ្រង បច្ចេកទេស ការអនុវត្ត និងការងារសន្តិសុខសុវត្ថិភាព ដែលបានបង្កលក្ខណៈល្អដល់ គ.ជ.ប ក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួន ឱ្យកាន់តែប្រសើរឡើង នៅក្នុងពេលចំពោះមុខ និងទៅអនាគត និងបង្កើនជំនឿទុកចិត្ត លើការបោះឆ្នោត ក៏ដូចជាលើសា្ថប័នរៀបចំការបោះឆ្នោត។

ការលើកឡើងរបស់លោក ប្រាជ្ញ ចន្ទ ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញ ថ្លែងបាឋកថា ក្នុងវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្ដីពី “សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា” ជូនដល់មន្ត្រីបោះឆ្នោត តំណាងសមាគម សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតមកពីគ្រឹះស្ថានសិក្សានានា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ គ.ជ.ប។
នាឱកាសនោះ លោក ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា អនុលោមតាមច្បាប់បោះឆ្នោត នៅប្រទេសកម្ពុជា ការបោះឆ្នោតចែកជា ២ប្រភេទ គឺការបោះឆ្នោតសកល និងការបោះឆ្នោតអសកល។ ការបោះឆ្នោតសកលរួមមាន ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលគិតចាប់ពីឆ្នាំ១៩៩៨ មក គ.ជ.ប បានរៀបចំសរុបចំនួន ១១លើក រួចមកហើយ។ ចំណែកការបោះឆ្នោតអសកលរួមមាន ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ដែលគិតចាប់ពីឆ្នាំ១៩៩៨ មក គ.ជ.ប បានរៀបចំសរុបចំនួន ៨លើក រួចមកហើយ។
លោកប្រធាន គ.ជ.ប បានគូសបញ្ជាក់ថា បន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៨ ការបោះឆ្នោតក៏ដូចជាការចុះឈ្មោះបោះឆ្នោត ជាបន្តបន្ទាប់នៅកម្ពុជា ត្រូវបានកែលម្អ និងកែទម្រង់ទាំងក្របខណ្ឌច្បាប់ ការងារគ្រប់គ្រង បច្ចេកទេស ការអនុវត្ត និងការងារសន្តិសុខសុវត្ថិភាព។

លោក បានសង្កត់ធ្ងន់ថា ការកែទម្រង់ជាបន្តបន្ទាប់នេះ ទទួលបានការគាំទ្រយ៉ាងទូលំទូលាយ ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ ការកែទម្រង់បានដោះស្រាយចំបញ្ហាប្រឈម និងការខ្វះខាតសំខាន់ៗ ដែលភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ បានលើកឡើងកន្លងមក។ ការកែទម្រង់នេះ បានបង្កលក្ខណៈល្អដល់ គ.ជ.ប ក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង នៅក្នុងពេលចំពោះមុខ និងទៅអនាគត និងបង្កើនជំនឿទុកចិត្ត លើការបោះឆ្នោត ក៏ដូចជាលើសា្ថប័នរៀបចំការបោះឆ្នោត។
លោក ប្រាជ្ញ ចន្ទ ក៏បានមានប្រសាសន៍ថា ដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់មួយ ក្នុងចំណោមដំណាក់កាលទាំង ៤ នៃដំណើរការរៀបចំការ
បោះឆ្នោតនៅកម្ពុជា ព្រោះបញ្ជីបោះឆ្នោត បានផ្ដល់នូវមុខងារសំខាន់ពីរដល់ គ.ជ.ប គឺការផ្ទៀងផ្ទាត់សុពលភាព នៃអ្នកបោះឆ្នោត បេក្ខជនឈរឈ្មោះបោះឆ្នោត និងការត្រួតពិនិត្យភាពស្របច្បាប់នៃការបោះឆ្នោត។
លោក បានរំលឹក អំពីការកែទម្រង់ការចុះឈ្មោះបោះឆ្នោត ពីការអនុវត្តដោយដៃ មកជាការអនុវត្តតាមបច្ចេកវិទ្យាថ្មីថា ចាប់តាំងពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០១៥ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវអនុវត្តដោយដៃតាមឃុំ សង្កាត់ រួចបញ្ជូនឯកសារមកបញ្ចូលទិន្នន័យ និងរៀបចំជាបញ្ជីបោះឆ្នោត នៅមជ្ឈមណ្ឌលកុំព្យូទ័រនៃ គ.ជ.ប។ ចាប់តាំងពីឆ្នាំ២០១៦ មក ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ត្រូវបានអនុវត្តតាមបច្ចេកវិទ្យាថ្មី និងបញ្ជូនទិន្នន័យតាមអ៊ីនធឺណិត មកនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ដើម្បីរៀបចំជាបញ្ជីបោះឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតនីមួយៗ តាមការកំណត់នៃច្បាប់។ ការប្រើប្រាស់បច្ចេកវិទ្យានេះ បានផ្តល់ភាពងាយស្រួលដល់ គ.ជ.ប ក្នុងការគ្រប់គ្រងបញ្ជីឈ្មោះអ្នកបោះឆ្នោត ធ្វើឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ បើប្រៀបធៀបនឹងទិន្នន័យ ដែលអ្នកចុះឈ្មោះផ្តល់ឱ្យ ពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត និងផ្តល់ភាពងាយស្រួល ក្នុងការស្វែងរកព័ត៌មាន អ្នកបោះឆ្នោតបានយ៉ាងឆាប់រហ័ស។
លោក ប្រាជ្ញ ចន្ទ បានបន្ថែមថា កន្លងមកការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតប្រចាំឆ្នាំ អ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត បានធ្វើការកែតម្រូវទិន្នន័យរបស់ខ្លួន ដែលមានការប្រែប្រួលស្ថានភាព ដូចជាករណី ការផ្លាស់ប្តូរលំនៅឋាន ឬទីសំណាក់ ការកែតម្រូវករណីខុសឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ករណីផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតរបស់អ្នកបោះឆ្នោត តាមឯកសារថ្មីប៉ុណ្ណោះ ប៉ុន្តែ គ.ជ.ប ពុំបានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (មានរូបថត និងស្នាមម្រាមដៃ) របស់អ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតយ៉ាងតិច ១០ឆ្នាំឡើងទៅនោះទេ។ ហេតុនេះហើយបានជា គ.ជ.ប សម្រេចធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ របស់អ្នកបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយយ៉ាងតិច ១០ឆ្នាំ ដើម្បីឱ្យមកធ្វើបច្ចុប្បន្នភាព ជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។
លោក ក៏បានបញ្ជាក់បន្ថែមថា ចាប់ពីឆ្នាំ២០២៥ នេះតទៅ តាមរយៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គ.ជ.ប នឹងធ្វើឱ្យបញ្ជីបោះឆ្នោត កាន់តែមានភាពប្រសើរឡើង ប្រកបដោយគុណភាព និងដើម្បីធានាដល់សិទ្ធិបោះឆ្នោត របស់ប្រជាពលរដ្ឋគ្រប់រូប។
ឆ្លៀតក្នុងឱកាសនោះ លោក ប្រាជ្ញ ចន្ទ បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយ ប៉ុន្តែបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ និងយុវជន យុវនារី ពិសេសក្មួយៗ សិស្ស និស្សិត ដែលទើបដល់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ គឺកើតមុន ឬត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០០៧ អញ្ជើញទៅជួបក្រុមចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ដើម្បីបំពេញលក្ខខណ្ឌចុះឈ្មោះបោះឆ្នោតថ្មី។
ជាមួយគ្នានេះ លោកប្រធាន គ.ជ.ប ក៏បានអញ្ជើញប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ រួចហើយ សូមទៅជួបក្រុមចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលខ្លួនរស់នៅ ដើម្បីកែតម្រូវទិន្នន័យជីវប្រវត្តិ ឬធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្ររបស់ខ្លួន។
សូមជម្រាបជូនថា វគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពី សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា មានការអញ្ជើញចូលរួមពីប្រធាន លធ.ខប ទាំង២៥ តំណាងសមាគម សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត មកពីគ្រឹះស្ថានសិក្សានានាក្នុងរាជធានីភ្នំពេញ មន្រ្តីនៃទីស្តីការ គ.ជ.ប និងអ្នកសារព័ត៌មាន ប្រមាណជាង ២០០០ នាក់៕








