ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា វិស័យសកម្មភាពមីន នៅតែជាវិស័យអាទិភាព របស់រាជរដ្ឋាភិបាល ហើយកម្ពុជាបន្តខិតខំប្រឹងប្រែង ដើម្បីឈានទៅសម្រេច តាមគោលដៅដែលបានគ្រោងទុក។

ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញដឹកនាំកិច្ចសន្ទនាជាន់ខ្ពស់ស្តីពី សកម្មភាពមីននៅកម្ពុជា ដោយមានការចូលរួមពីតំណាងទីភ្នាក់ងារ អង្គការសហប្រជាជាតិ, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទិសដៅឆ្ពោះទៅ សម្រេចគោលដៅ កម្ពុជាគ្មានមីន នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។
ជាកិច្ចចាប់ផ្ដើម, សម្តេចបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការរួមចំណែកដ៏សំខាន់ពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន ទីភ្នាក់ងារអង្គការសហប្រជាជាតិ, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងការកាត់បន្ថយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ។

សម្តេចបវរធិបតី បានគូសបញ្ជាក់ពីសមិទ្ធផល គួរឱ្យកត់សម្គាល់ដែលកម្ពុជា សម្រេចបាន រួមមាន៖ ការរំដោះផ្ទៃដីសង្ស័យមានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានសរុបជាង ៣,២៩៧ គីឡូម៉ែត្រក្រឡា, ការកាត់បន្ថយអត្រាអ្នករងគ្រោះមកនៅក្រោម ៥០នាក់ក្នុងមួយឆ្នាំ និងការប្រកាសខេត្តចំនួន ១៥ ជាខេត្តអស់មីន។

សម្តេចបវរធិបតី បានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងនេះ បានធានាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋរាប់លាននាក់ និងបានធ្វើឱ្យជីវភាព រស់នៅរបស់ប្រជាពលរដ្ឋកាន់ តែប្រសើរឡើងជាលំដាប់ ។ សម្តេចបវរធិបតីក៏បានលើកឡើង ពីការវិវត្តរបស់កម្ពុជា ដែលបានប្រែក្លាយ ពីប្រទេសដែលទទួលជំនួយផ្នែកសកម្មភាពមីន ទៅជាប្រទេស ដែលចូលរួមចំណែកយ៉ាងសកម្ម ក្នុងប្រតិបត្តិការបោសសម្អាតមីនជាសកល តាមរយៈការបញ្ជូនកងកម្លាំង រក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងការផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញបោសសម្អាតមីនមនុស្សធម៌ ទៅកាន់បណ្តាប្រទេសដែលរងផលប៉ះពាល់ដោយសារមីន។

ក្នុងឱកាសនេះដែរ, ទីភ្នាក់ងារអង្គការសហប្រជាជាតិ, តំណាងដៃគូអភិវឌ្ឍន៍ និង វិស័យឯកជន បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលសម្រេច គួរឱ្យកត់សម្គាល់លើសកម្មភាព បោសសម្អាតមីននៅកម្ពុជា។
បន្ថែមលើនេះ, វាគ្មិនទាំងអស់ ក៏បានកោតសរសើរតួនាទី ដ៏សកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈការចូលរួមក្នុងសកម្មភាព បោសសម្អាតមីនមនុស្សធម៌, ការចែករំលែកបទពិសោធន៍ និងការហ្វឹកហ្វឺន លើជំនាញបោសសម្អាតមីនមនុស្សធម៌ ព្រមទាំងបានសង្កត់ធ្ងន់ថា “បទពិសោធន៍ជោគជ័យរបស់កម្ពុជាគួរតែត្រូវបានចែករំលែក ជាមួយនឹងបណ្ដាប្រទេសនៅលើសកលលោក”។
ជាមួយគ្នានោះ, ទីភ្នាក់ងារអង្គការសហប្រជាជាតិ, តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនក៏បាន គូសបញ្ជាក់ពីការប្ដេជ្ញាបន្តគាំទ្រកិច្ចសហប្រតិបត្តិការ លើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សំដៅចូលរួមចំណែកសម្រេច ឱ្យបានគោលដៅកម្ពុជាគ្មានមីន។
មុននឹងបញ្ចប់, សម្ដេចបវរធិបតីបានបញ្ជាក់សាជាថ្មីថា «វិស័យសកម្មភាពមីននៅតែជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ហើយកម្ពុជាបន្តខិតខំប្រឹងប្រែង ដើម្បីឈានទៅសម្រេចតាមគោលដៅដែលបានគ្រោងទុក»។
សម្តេចបវរធិបតី បានលើកទឹកចិត្តគ្រប់ភាគី ពាក់ព័ន្ធ ឱ្យបន្តសហការគាំទ្រ, ចូលរួម និងយកចិត្តទុកដាក់លើការងារ បោសសម្អាតមីន, ការអប់រំពីគ្រោះថ្នាក់នៃគ្រាប់មីន, ការជួយស្ដារនីតិសម្បទា ដល់ជនរងគ្រោះដោយសារ គ្រាប់មីន,ការអភិវឌ្ឍ សហគមន៍ក្រោយការបោសសម្អាតមីន, ការពង្រឹងសមត្ថភាពបច្ចេកទេស និងឧបករណ៍, ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ៕
