Covid-19

កម្ពុជា ជំរុញឲ្យអាស៊ាន-អាមេរិក រួមគ្នាលុបបំបាត់ ព័ត៌មានក្លែងក្លាយ ទាក់ទិនកូវីដ១៩

ភ្នំពេញ៖ ដើម្បីជាការរួមចំណែក ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល ក៏ដូចជាក្នុងស្មារតីចូលរួម ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានជំរុញឲ្យបណ្ដាប្រទេសសមាជិកអាស៊ាន និងអាមេរិក រួមគ្នាទប់ស្កាត់ ជាពិសេសលុបបំបាត់ព័ត៌មាន ក្លេងក្លាយពាក់ព័ន្ធនឹងកូវីដ១៩ ដែលអាចនាំឲ្យមានការ ភ័យតក់ស្លុតជាសាធារណៈ ការរើសអើងគ្នា និងការចោទប្រកាន់គ្នាទៅវិញទៅមក ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ ។

នៅព្រឹកថ្ងៃទី២៣ មេសានេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក បានបើកកិច្ចប្រជុំពិសេស ស្ដីពីកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាម Video Conference ។ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ ក៏បានចូលរួមក្នុងកិច្ចប្រជុំពិសេសនេះ ។ កិច្ចប្រជុំពិសេសនេះ មានឡាវ គឺជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ ជាមួយអាមេរិក ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំពិសេសនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងអំពីមធ្យោបាយ នានា ដើម្បីដោះស្រាយការ រីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដូចខាងក្រោម៖

-នៅខណៈពេលដែលយើង ទទួលស្គាល់អំពីសារៈសំខាន់ នៃការចែករំលែកព័ត៌មាន បទពិសោធន៍ និងឧត្តម្មានុវត្តន៍នានា ក្នុងការព្យាបាលតាមគ្លីនិក ដើម្បីប្រយុទ្ឋប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ យើងត្រូវ ធ្វើឱ្យកាន់តែសកម្មឡើងទៀត នូវការផ្លាស់ប្តូរជំនាញបច្ចេកទេស និងចំណេះដឹង ដែលជាវិធានការបន្ថែមទៀត និងរិះរកការស្រាវស្រាវរួម និងអភិវឌ្ឍន៍ខាងថ្នាំពេទ្យ។

-យើងត្រូវការបង្កើនកិច្ចសហប្រតិបត្តិការ ចេញពីបណ្តាញផ្សព្វផ្សាយព័ត៌មាន ដើម្បីបញ្ឈប់ការ រាលដាលព័ត៌មានមិនពិត ដែលអាចបណ្តាលឱ្យមានការ ភ័យតក់ស្លុតជាសាធារណៈ ការរើសអើងគ្នា និងការចោទប្រកាន់គ្នាទៅវិញទៅមក។ យើងគួរកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែងទាំងឡាយ ក៏ដូចជា តួនាទីនាំមុខរបស់ អង្គការសុខភាពពិភពលោក ជាស្ថាប័នសុខភាពពិភពលោកមួយ ដែលគួរឱ្យគោរពក្នុងការ ផ្តល់ជូននូវព័ត៌មាន ការបណ្តុះបណ្តាល និងអនុសាសន៍នានា និងការត្រួសត្រាយផ្លូវ សម្រាប់បុព្វហេតុដ៏ធំ របស់មនុស្សជាតិ ។

-អាស៊ាន និងសហរដ្ឋអាមេរិក គួរតែរិះរកនូវមធ្យោបាយទំាងឡាយណា ដើម្បីធ្វើយ៉ាងណាធានាឱ្យ មានលក្ខណៈជាយុទ្ធសាស្រ្ត នូវការបើកចំហសង្វាក់ផ្គត់ផ្គង់តំបន់ និងសកលោក ព្រមទាំងលំហូរទំនិញ សំខាន់ៗនានា ជាពិសេសការផ្គត់ផ្គង់ថ្នាំពេទ្យ និងស្បៀងអាហារ។ កម្ពុជាបានព្យាយាមកាត់បន្ថយនូវ ផលប៉ះពាល់ជាអវិជ្ជមាននៃជំងឺឆ្លងនេះ លើសេដ្ឋកិច្ចជាតិ ព្រមទាំងត្រៀមខ្លួនសម្រាប់ដំណាក់កាល ជាសះស្បើយឡើងវិញ ដោយរក្សាឱ្យរោងចក្រនៅបន្តដំណើរការ ដែលនេះបានការពារកម្មករ មិនឱ្យបាត់បង់ ការងារ។ ដើម្បីទ្រទ្រង់ដំណើរនេះបានក្នុងរយៈពេលវែង ការគាំទ្រពីសហរដ្ឋអាមេរិកដែលជាដៃគូ ពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា គឺមានសារៈសំខាន់បំផុត ៕

To Top