ព័ត៌មានជាតិ

ស៊ី ជីនពីង និង​មិត្តដែកថែប​របស់​លោក ​ពី​ប្រទេស​កម្ពុជា

លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានជួបជាមួយព្រះមហាក្សត្រខ្មែរ ព្រះនរោត្តម សីហមុនី នៅទីក្រុង Hangzhou នៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣។ (Xinhua/Yao Dawei)

ប៉េកាំង មេសា ១១​ (ស៊ីនហួ) នៅខែកុម្ភៈ ឆ្នាំ២០២៣ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានទទួលជួបសម្តេចតេជោ ហ៊ុន សែន ដែលពេលនោះជានាយករដ្ឋមន្ត្រីកម្ពុជា នៅឯផ្ទះសំណាក់រដ្ឋ Diaoyutai ក្នុងទីក្រុងប៉េកាំង ដែលជាការណាត់ជួបរវាងមិត្តចាស់ទាំងពីរ។

កាលពីដើមឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ខណៈប្រទេសចិនកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ លោក​បាន​ធ្វើ​ទស្សនកិច្ច​ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​របស់​កម្ពុជា​ចំពោះ​ប្រជាជន​ចិន​ក្នុង​ពេល​ដ៏​សំខាន់នោះ។ បី​ឆ្នាំ​ក្រោយ​មក សម្តេចតេជោ ហ៊ុន សែន បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ម្ដង​ទៀត​តាម​ការ​សន្យា។

នៅក្នុងកិច្ចប្រជុំឆ្នាំ ២០២៣ របស់អ្នកទាំងពី លោក​ ស៊ី បានរំឮកពីដំណើររបស់នាយករដ្ឋមន្ត្រីទៅកាន់ប្រទេសចិន ក្នុងអំឡុងពេលមានព្រិលធ្លាក់ខ្លាំង ដោយនិយាយថា លោករីករាយក្នុងការបំពេញ “កាណាត់ជួបរយៈពេលបីឆ្នាំ” ជាមួយមេដឹកនាំដែលមកបំពេញទស្សនកិច្ចនេះ។

មិត្តភាពដ៏កក់ក្តៅ និងរឹងមាំរវាងលោក ស៊ី និងសម្តេចតេជោ ហ៊ុន សែនដើរតួជាការឆ្លុះបញ្ចាំងដ៏ស្មោះត្រង់នៃចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងចិន និងកម្ពុជា ដែលចិញ្ចឹមបីបាច់យ៉ាងយកចិត្តទុកដាក់ដោយមេដឹកនាំជាច្រើនជំនាន់នៃភាគីទាំងពីរក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ហើយទំនាក់ទំនងនេះដែលត្រូវបានពិពណ៌នាដោយលោក ស៊ី ថាជា “ដែកថែប” ប្រាកដជានឹងត្រូវបានបន្តជាថ្មី នៅពេលដែលមេដឹកនាំចិនគ្រោងនឹងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទីពីររបស់គាត់ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជួបជាមួយសម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅពេលនោះ នៅឯផ្ទះសំណាក់រដ្ឋ Diaoyutai ក្នុងរដ្ឋធានីប៉េកាំង នៃប្រទេសចិន ថ្ងៃទី ១០ខែកុម្ភៈ ឆ្នាំ ២០២៣។ (Xinhua/Huang Jingwen)

កៅអីនៃមិត្តភាពតែមួយគត់

 នៅថ្ងៃដែល លោក ស៊ី បានមកដល់រាជធានីភ្នំពេញនៃប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៦ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ គាត់បានធ្វើទស្សនកិច្ចពិសេសទៅកាន់ព្រះបរមរាជវាំង ដើម្បីចូលគាល់សម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ។ សម្តេចម៉ែបាន​អញ្ជើញ​លោក ស៊ី ឲ្យ​អង្គុយ​លើ​កៅអី​ដែល​សម្តេច​ឪ នរោត្តម សីហនុ ឧស្សាហ៍​ប្រើ​ញឹកញាប់។

កៅអីនេះត្រូវបានថែរក្សាយ៉ាងល្អិតល្អន់ដោយគ្រួសាររាជវង្សកម្ពុជា តាំងពីសម្តេច​ឪយាងចូលទីវង្គត់ — ដោយគ្របទុក និងគ្មានការប៉ះពាល់ រហូតដល់ការទស្សនកិច្ចរបស់លោក ស៊ី។

ព្រះអង្គម្ចាស់ នរោត្តម អរុណរស្មី ដែលមានវត្តមានបានពន្យល់ថា “នេះជាឯកសិទ្ធិមួយសម្រាប់តែមិត្តជាទីគោរព និងជាទីស្រឡាញ់បំផុតប៉ុណ្ណោះ”។

ជាមួយនឹងស្នាមញញឹមដ៏កក់ក្តៅ លោក ស៊ី បាននិយាយដោយក្តីស្រលាញ់ចំពោះសម្តេចឪ សីហនុ ដោយពណ៌នាទ្រង់ថាជា “មិត្តជាទីគោរពរបស់ប្រជាជនចិន និងជានិមិត្តរូបនៃមិត្តភាពចិន-កម្ពុជា”។ ទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងជ្រាលជ្រៅរបស់សម្តេចឪ ជាមួយមេដឹកនាំចិនតាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់មិត្តភាពដ៏ស្រស់ត្រកាលរវាងប្រទេសទាំងពីរ។

លើសពីមួយដង លោក ស៊ី បានដកស្រង់សុភាសិតចិនចំណាស់មួយ ដើម្បីគូសបញ្ជាក់ពីរបៀបដែលមិត្តភាពចិន-កម្ពុជា ស៊ូទ្រាំនឹងបញ្ហាប្រឈម និងការផ្លាស់ប្តូរសកល៖ “ការធ្វើដំណើរដ៏វែងឆ្ងាយ សាកល្បងកម្លាំងសេះ ហើយពេលវេលាដ៏វែងបង្ហាញពីចិត្តរបស់មនុស្ស”។

នៅក្នុងអត្ថបទចុះហត្ថលេខារបស់លោក ស៊ី ដែលត្រូវបានបោះពុម្ពផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយកម្ពុជាមុនដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសនេះ ឆ្នាំ២០១៦ លោកបានកត់សម្គាល់ថាប្រទេសចិននឹងមិនភ្លេចតួនាទីរបស់កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រជាជាតិដំបូងគេដែលទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន និងជាជើងឯកនៃអាសនៈពេញសិទ្ធិរបស់ចិននៅអង្គការសហប្រជាជាតិ។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (ស្តាំ) ប្រារព្ធពិធីថ្វាយនូវមេដាយមិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន ដល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅមហាសាលប្រជាជនក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២០។ (Xinhua/Zhang Ling)

មិត្តភាព​រវាង​ប្រទេស​ជិតខាង​ទាំងពីរ​តែងតែមាន​ទំនាក់ទំនង​ទៅវិញទៅមក​។ ប្រទេសចិនគឺជាដៃគូដ៏រឹងមាំរបស់កម្ពុជា ដែលគាំទ្រឯករាជ្យជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន រួមទាំងការសាងសង់រោងចក្រស៊ីម៉ង់ត៍ និងស្ថានីយ៍ថាមពលកម្ដៅដំបូងបង្អស់របស់កម្ពុជា។

ដើម្បី​គោរព​ដល់​មិត្តភាព លោក ស៊ី បាន​ប្រគល់​មេដាយ​មិត្តភាព​ដល់សម្តេចម៉ែ នៅ​មហាសាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង​ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០២០។ លោកបានមានប្រសាសន៏ថា “មេដាយមិត្តភាព” ដ៏មានទម្ងន់នេះ តំណាងឱ្យការគោរពដ៏ជ្រាលជ្រៅរបស់ប្រជាជនចិន ចំពោះសម្តេចម៉ែ មុនីនាថ និងមិត្តភាពដ៏ជ្រាលជ្រៅរវាងចិន និងកម្ពុជា។

លោក ស៊ី ក៏បានបង្ហាញការយកចិត្តទុកដាក់ជាពិសេសចំពោះគ្រួសាររាជវង្សរបស់កម្ពុជា។ លោកបានមានប្រសាសន៏ ពេលជួបព្រះមហាក្សត្រ សីហមុនី និងសម្តេចម៉ែ មុនីនាថ នៅឯផ្ទះសំណាក់រដ្ឋ Diaoyutai ទីក្រុងប៉េកាំងក្នុងឆ្នាំ២០១៤ ថា​​​ “រដ្ឋធានីប៉េកាំងគឺជាផ្ទះរបស់ព្រះអង្គ។ ព្រះអង្គលើសពីការស្វាគម៏អោយវិលត្រឡប់មកវិញនៅពេលណាដែលព្រះអង្គចង់” ។ គាត់ក៏បានរៀបចំការគិតទុកជាមុនសម្រាប់ការពិនិត្យសុខភាពរបស់ព្រះអង្គទាំងទ្វេនៅក្នុងប្រទេសចិនផងដែរ។ ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ព្រះមហាក្សត្រ សីហមុនី និងសម្តេចម៉ែ មុនីនាថ តែងតែយាងមកប្រទេសចិនយ៉ាងទៀងទាត់ ស្ទើរតែពីរដងក្នុងមួយឆ្នាំ។

​​​ប៉ុន្មានឆ្នាំមកនេះ លោក ស៊ី ក៏បានរក្សាការផ្លាស់ប្តូរជាញឹកញាប់ជាមួយសម្តេចតេជោ ហ៊ុន សែន ផងដែរ។ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា មិត្តភាពត្រូវបានបញ្ជូនបន្តទៅមនុស្សជំនាន់ក្រោយ។

  នៅខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជ្រើសរើសប្រទេសចិនជាគោលដៅក្រៅប្រទេសផ្លូវការដំបូងរបស់លោក បន្ទាប់ពីចូលកាន់តំណែង ដែលជាកាយវិការឆ្លុះបញ្ចាំងពីអាទិភាពការទូតរបស់កម្ពុជា។ ក្នុង​ជំនួប​ជាមួយ​លោក ស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​សន្យា​បន្ត​ពង្រឹង​ចំណង​មិត្តភាព​រវាង​កម្ពុជា និង​ចិន។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅមហាសាលប្រជាជននៅរដ្ឋធានីប៉េកាំង ប្រទេសចិន ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣។ (Xinhua/Huang Jingwen)

 លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងចិន និងកម្ពុជា មិនត្រឹមតែជាគំរូសម្រាប់ប្រទេសធំ និងតូច ក្នុងការរួមរស់ជាមួយគ្នាដោយការគោរពគ្នាទៅវិញទៅមក សមភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ដែលបាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

ផ្លូវទៅកាន់ក្តីសង្ឃឹម

សុភាសិតខ្មែរមួយឃ្លាថា “ទីណាមានផ្លូវ ទីនោះមានសង្ឃឹម”។ នៅខែឧសភា ឆ្នាំ ២០២៤ ផ្លូវមួយខ្សែរក្នុងរាជធានីភ្នំពេញត្រូវបានប្រសិទ្ធនាម​ឈ្មោះថា “មហាវិថី Xi Jinping” ដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគោរពដល់ការរួមចំណែកជាប្រវត្តិសាស្ត្ររបស់មេដឹកនាំចិនក្នុងការអភិវឌ្ឍន៍ប្រទេស។ នៅឆ្នាំ ១៩៦៥ សម្តេចឪ សីហនុ ក៏បានប្រសិទ្ធនាមឈ្មោះផ្លូវមួយខ្សែរតាមឈ្មោះ លោកប្រធាន ម៉ៅ សេទុង។

  ក្នុងពិធីប្រកាសប្រសិទ្ធនាម​ឈ្មោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រោមការដឹកនាំ និងការខិតខំប្រឹងប្រែងរួមគ្នារបស់ លោក ស៊ី និងមេដឹកនាំកម្ពុជា ទំនាក់ទំនងទ្វេភាគីបានឈានចូលដល់ដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ។

ចាប់តាំងពីឆ្នាំ ២០១៣ មក ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-កម្ពុជាបានបន្តពង្រឹងដោយសារការរីកចំរើននៃកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ។ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលស្នើឡើងដោយលោក ស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍រួម និងផលប្រយោជន៍រួមសម្រាប់ភាគីទាំងពីរ។

ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សូត្រ​សមុទ្រ​បុរាណ កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដំបូង​គេ​ដែល​ចូល​រួម​កិច្ច​សហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ។ មេដឹកនាំរបស់ខ្លួនបានចូលរួមនៅក្នុងប្រទេសចិនទាំងបីលើកនៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ប៉ុន្មានឆ្នាំមកនេះ គម្រោង BRI សំខាន់ៗនៅក្នុងប្រទេសកម្ពុជាបានទទួលលទ្ធផលជាផ្លែផ្កា៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) បានទាក់ទាញសហគ្រាស និងស្ថាប័នអន្តរជាតិជាង ២០០ បង្កើតការងារចំនួន ៣២ ០០០ កន្លែង។ ផ្លូវល្បឿនលឿនដំបូងបង្អស់របស់ប្រទេសកម្ពុជា គឺផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងទាំងពីរ ពីជាងប្រាំម៉ោងមកតិចជាងពីរម៉ោង។ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​បាន​ជួយ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ ដោយបាន​ដំណើរការ ១៧ផ្លូវ ​ត្រឹមដំណាច់​ឆ្នាំ​មុន​។

រូបថតដ្រូនពីលើអាកាស ថតនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ បង្ហាញពីផ្នែកនៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្នុងខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា។ (រូបថតដោយ Xinhua)

លោក នាក់ ចិន្តារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី២១ មានប្រសាសន៍ថា “តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រួមជាមួយនឹងគម្រោង BRI សំខាន់ៗផ្សេងទៀតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកម្ពុជាសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆិតាក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០”។

ពាណិជ្ជកម្មទ្វេភាគីក៏រីកចម្រើនផងដែរ។ ប្រទេសចិនគឺជាអ្នកវិនិយោគបរទេស និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ ទិន្នន័យផ្លូវការបង្ហាញថាក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជិតបួនដង។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់បានជួយសម្រួលដល់ការនាំចេញផលិតផលកម្ពុជាដូចជា អង្ករ ចេក ផ្លែមាន និងត្រីបាសា ទៅកាន់ទីផ្សារចិន។

លោក ស៊ី គាំទ្រទស្សនទានទូលំទូលាយមួយ ចំពោះកិច្ចសហប្រតិបត្តិការចិន-កម្ពុជា។ នេះជាមូលហេតុដែលលោកបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីសារៈសំខាន់នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី “ត្បូងពេជ្រឆកោណ” ដែលគ្របដណ្តប់លើវិស័យសំខាន់ៗចំនួនប្រាំមួយគឺ នយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

  លោក ថោង ម៉េងដាវីដ សាស្ត្រាចារ្យនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះបានផ្តល់កម្លាំងរុញច្រានថ្មីសម្រាប់ការកសាងសហគមន៍រួមវាសនាតែមួយកម្ពុជា-ចិនដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី ដែលជាចក្ខុវិស័យដែលបានសន្យាដោយមេដឹកនាំនៃប្រទេសទាំងពីរ។

  សៀវភៅចែករំលែកការយល់ដឹងដ៏មានតម្លៃ

នៅក្នុងខែមេសា ឆ្នាំ២០១៧ ការបោះពុម្ពជាភាសាខ្មែរនៃសៀវភៅភាគទីមួយ ស៊ី ជីនពីង: អភិបាលកិច្ចប្រទេសចិន ត្រូវបានចេញផ្សាយនៅក្នុងប្រទេសកម្ពុជាដោយមាន សម្តេចតេជោ ហ៊ុន សែន ចូលរួមក្នុងពិធីសម្ពោធ។

បោះពុម្ពលើកដំបូងក្នុងឆ្នាំ ២០១៤ សៀវភៅដែលមាន ១៨ជំពូកនេះចងក្រងនូវសុន្ទរកថា ការពិភាក្សា ការពោលប្រាស្រ័យ កិច្ចសម្ភាសន៍ ការណែនាំ និងសារអបអរសាទរចំនួន៧៩ ដោយលោក ស៊ី ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១២ ដល់ខែមិថុនា ឆ្នាំ ២០១៤។ សៀវភៅជាស៊េរី ដែលឥឡូវនេះមាន ៤ភាគ ដើរតួជាកន្លែងសំខាន់សម្រាប់អ្នកអានទូទាំងពិភពលោកដើម្បីស្វែងយល់ពីទស្សនវិជ្ជារបស់លោក ស៊ី ក្នុងការដឹកនាំប្រទេសធំមួយដូចជាប្រទេសចិន។

 ថ្លែងនៅចំពោះមុខទស្សនិកជនជាង៧០០នាក់ សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីសង្ឃឹមថា មន្ត្រីកម្ពុជា បញ្ញវន្ត និងសិស្សានុសិស្សអាចទទួលបានការយល់ដឹងដ៏មានតម្លៃពីសៀវភៅនេះ ហើយយកមកប្រើប្រាស់ក្នុងលក្ខខណ្ឌពិសេសរបស់កម្ពុជា ដោយហេតុនេះរួមចំណែកដល់អភិបាលកិច្ចកាន់តែមានប្រសិទ្ធភាព។

លោក ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បាន​ដឹកនាំ​ក្រុម​បកប្រែ។ តាមទស្សនៈរបស់គាត់ ការអភិវឌ្ឍន៍នាពេលថ្មីៗនេះរបស់កម្ពុជាត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការរៀនសូត្រពីបទពិសោធន៍ និងគំនិតរបស់ប្រទេសចិន ដែលភាគច្រើនត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសៀវភៅរបស់លោក ស៊ី។

អត្ថបទមួយនៅក្នុងសៀវភៅនេះផ្តោតលើការកាត់បន្ថយភាពក្រីក្រ និងការបង្កើតទ្រព្យសម្បត្តិនៅក្នុងតំបន់ក្រីក្រ។ ក្រោមការដឹកនាំរបស់លោក ស៊ី ប្រទេសចិនបានលុបបំបាត់ភាពក្រីក្រទាំងស្រុងនៅឆ្នាំ ២០២០។ សមិទ្ធិផលនេះបានអនុញ្ញាតឱ្យប្រទេសចិនសម្រេចបាននូវគោលដៅលុបបំបាត់ភាពក្រីក្រនៅក្នុងរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ១០ ឆ្នាំមុនកាលវិភាគ។

លោក មុនីឫទ្ធិ មាន​ប្រសាសន៍​ថា៖ «មន្ត្រី​កម្ពុជា​ផ្តោត​ជា​ពិសេស​លើ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​តាម​ដាន​បទ​ពិសោធន៏​អភិបាលកិច្ច​របស់​ប្រទេស​ចិន​ក្នុង​ផ្នែក​នេះ​យ៉ាង​ជិតស្និទ្ធ»។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការកាត់បន្ថយភាពក្រីក្ររវាងប្រទេសទាំងពីរបាននឹងកំពុងបោះជំហានយ៉ាងរឹងម៉ាំ ដោយមានការបង្កើតភូមិគំរូកាត់បន្ថយភាពក្រីក្រជាការគូសបញ្ជាក់។ ភាគីចិនបានចែករំលែកជាមួយសមភាគីកម្ពុជានូវបទពិសោធន៍ដ៏ដែលមានប្រយោជន៍ក្នុងការធ្វើសមាហរណកម្មកសិកម្មទំនើប ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍន៍​ជនបទ។

រូបថតនេះថតនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ បង្ហាញពីអគារពហុបំណងមិត្តភាពកម្ពុជា-ចិន ស្ថិតក្នុងភូមិតានន ស្រុកបាទី ខេត្តតាកែវ ប្រទេសកម្ពុជា។ ធ្លាប់ជាភូមិក្រីក្រ ដាច់តែឯង និងស្ងាត់ជ្រងំនៅតំបន់ដាច់ស្រយាលរបស់ប្រទេសកម្ពុជា ភូមិតានន ឥឡូវនេះបានក្លាយជាភូមិទំនើបមួយដែលមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តមូលដ្ឋានយ៉ាងល្អក្រោមគម្រោងកាត់បន្ថយភាពក្រីក្រដែលគាំទ្រដោយប្រទេសចិន។ (រូបថតដោយ វណ្ណពៅ/Xinhua)

  ដោយសារតែការខិតខំប្រឹងប្រែងទាំងនោះ ផ្លូវបេតុង ប្រឡាយទឹកអំពូលថាមពលពន្លឺព្រះអាទិត្យ និងប្រព័ន្ធទឹកស្អាតត្រូវបានសាងសង់នៅក្នុងភូមិ។

  យោងតាមឯកសារកម្មវិធីប្រចាំប្រទេសរបស់ UNDP ឆ្នាំ ២០២៤-២០២៨ដែលបានចេញផ្សាយកាលពីឆ្នាំមុន ប្រទេសកម្ពុជាបានលើកប្រជាជនចំនួន ២,៨ លាននាក់ ឬ ៥០ភាគរយនៃអ្នកក្រីក្រសរុបរបស់ប្រទេសនេះចេញពីភាពក្រីក្រក្នុងរយៈពេល ៧ឆ្នាំកន្លះចុងក្រោយនេះ។

  លោក ស៊ី បានគាំទ្រកម្ពុជាក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍ដែលសមស្របទៅនឹងលក្ខខណ្ឌជាតិតែមួយគត់របស់ខ្លួន។ គោលការណ៍នេះគឺជាចំណុចកណ្តាលនៃសមិទ្ធិផលនៃអព្ភូតហេតុភ្លោះរបស់ប្រទេសចិន៖ កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងស្ថិរភាពសង្គមយូរអង្វែង។

  ជាមួយនឹងសំណើដដែលៗរបស់គាត់ ប្រទេសចិន និងកម្ពុជាកំពុងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅក្នុងការបន្ស៊ីគ្នា រវាងBRI ជាមួយនឹង “យុទ្ធសាស្ត្របញ្ចកោណ” របស់កម្ពុជាសម្រាប់ការអភិវឌ្ឍន៍ជាតិ។

  ក្នុង​ក្រសែភ្នែក​សម្តេចតេជោ ហ៊ុន សែន លោក ស៊ី គឺជា​មេដឹកនាំ​ដ៏​អស្ចារ្យ និង​ជា​បុគ្គល​ដ៏​ឆ្នើម​ម្នាក់​ដែល​មាន​សមត្ថភាព​ដឹកនាំ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន។

  សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “រាល់គំនិតផ្តួចផ្តើមដែលគាត់បានស្នើឡើង ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលភ្ជាប់អតីតកាល និងបច្ចុប្បន្ន គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល ឆ្លុះបញ្ចាំងពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់គាត់”។ “ប្រាប់ខ្ញុំផង តើមេដឹកនាំណាទៀតដែលមានការគិតទុកជាមុនបែបនេះ?”

ដោយអ្នកនិពន្ធស៊ីនហួ Chang Yuan, Liu Chang

(អ្នកយកព័ត៌មានស៊ីនហួ Wu Changwei, Sovan Nguon នៅភ្នំពេញ និង Zhang Yuan នៅប៉េកាំង ក៏បានចូលរួមចំណែកក្នុងរឿងនេះផងដែរ។)

To Top