ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រកាសបើកសិក្ខាសាលា ស្តីអំពីការលើកកម្ពស់ហិរញ្ញប្បទានបៃតង និងចីរភាព មាគ៌ា និងកាលានុវត្តភាព សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាល របស់ធនាគារ ARDB ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោកបណ្ឌិត Prasun Kumar Das អគ្គលេខាធិការ សមាគមឥណទានជនបទ និងកសិកម្ម អាស៊ីប៉ាស៊ីហ្វិក (APRACA) ភ្ញៀវជាតិ អន្តរជាតិ ដៃគូរពាក់ព័ន្ធក្នុងវិស័យធនាគារ មន្រ្តីជំនាញមកពីក្រសួងបរិស្ថាន សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុននាំចេញអង្ករ ព្រមទាំងមន្រ្តីជំនាញនៃធនាគារ ARDB ដែលមានអ្នកចូលរួមសរុបប្រមាណ ១០០នាក់។

លោកបណ្ឌិត កៅ ថាច បានថ្លែងបន្ថែមថា ការពិភាក្សាសិក្ខាសិលាថ្ងៃនេះ នឹងនាំទៅរកកិច្ចសហការប្រកបដោយអត្ថន័យ និងលទ្ធផល ដែលអាចអនុវត្តបាននឹងជំរុញ ហិរញ្ញវត្ថុបៃតង ឆ្ពោះទៅមុខហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិត Prasun Kumar Das អគ្គលេខាធិការ APRACA គណៈកម្មាការ និងវាគ្មិនកិត្តិយស ភ្ញៀវជាតិ និងអន្តរជាតិ អ្នកចូលរួមទាំងអស់ ដែលបានលះបង់ពេលវេលា ដ៏មានតម្លៃសម្រាប់សិក្ខាសាលាថ្ងៃនេះផងដែរ ។
ជាមួយគ្នានោះ លោកបណ្ឌិត កៅ ថាច បានរំលឹកថា អនុស្សរណៈ នៃការយោគយល់គ្នារវាង ARDB និង APRACA ជាមជ្ឈមណ្ឌលមួយ ដែលឧទ្ទិសដល់ហិរញ្ញវត្ថុបៃតង និងអាកាសធាតុសម្រាប់វិស័យកសិកម្ម នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ជាពិសេស ធនាគារ ARDB និងACE-GFA ស្វែងរកការជំរុញការស្រាវជ្រាវ សម្របសម្រួលការផ្លាស់ប្តូរចំណេះដឹង ផ្តល់ការបណ្តុះបណ្តាល ជំរុញការសន្ទនាគោលនយោបាយ ការធ្វើតេស្តសាកល្បងនៃការច្នៃប្រឌិត និងផ្តល់សេវាកម្ម ការប្រឹក្សាយោបល់ ដើម្បីពង្រឹងហិរញ្ញវត្ថុបៃតងប្រកបដោយនិរន្តរភាពនៅក្នុងវិស័យកសិកម្ម។

លើសពីនេះ លោកបណ្ឌិត កៅ ថាច នៅតែចាត់ទុកថា ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ កំពុងកើតឡើងរួចហើយនៅទូទាំងពិភពលោក ប៉ុន្តែវិស័យកសិកម្ម ជាពិសេស ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មានភាពងាយរងគ្រោះជាពិសេសផងដែរ ។ ក្នុងនោះបញ្ហាអាកាសធាតុ មិនអាចទាយទុកជាមុនបាន គ្រោះរាំងស្ងួតយូរ និងទឹកជំនន់ខ្លាំង ការគំរាមកំហែងដល់សន្តិសុខស្បៀងរំខានដល់ជីវភាពរស់នៅ និងធ្វើឱ្យភាពក្រីក្រកាន់តែធ្ងន់ធ្ងរ នៅក្នុងតំបន់ជនបទ។
ទន្តឹមនោះ ដើម្បីផ្តល់សិទ្ធិអំណាចដល់ស្ថាប័នហិរញ្ញវត្ថុ ទាំងក្នុងស្រុក និងអន្តរជាតិ ក្នុងការរួមចំណែកយ៉ាងសកម្ម និងមានប្រសិទ្ធភាព ក្នុងការជំរុញការផ្លាស់ប្តូរនេះ ធនាគារ ARDBនិង ACE-GFA បានផ្តួចផ្តើមសិក្ខាសាលាថ្ងៃនេះសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ”។

សម្រាប់ លោកបណ្ឌិត Prasun Kumar Das អគ្គលេខាធិការ APRACA ក៏បានបង្ហាញ ពីហិរញ្ញវត្ថុបៃតង និងនិរន្តរភាព បញ្ហាប្រឈម នៃការប្រែប្រួលអាកាសធាតុ ដែលបញ្ជាក់ពីការវិនិយោគបៃតង ក៏ដូចជាឱកាសសម្រាប់ស្ថាប័នហិរញ្ញវត្ថុ រួមទាំងបទពិសោធន៍ ពីគ្រឹះស្ថានហិរញ្ញវត្ថុអាកាសធាតុកម្ពុជា (CCFF) ក្រោមមូលនិធិអាកាសធាតុបៃតង (GCF) ។

បន្ទាប់មកសិក្ខាសិលា ក៏មានការពិភាក្សាជាក្រុមដែលអ្នកជំនាញចូលរួមក្នុង កិច្ចសន្ទនាលើប្រធានបទសំខាន់ៗទាំងនេះ ដោយផ្តោតលើ ដំណោះស្រាយជាក់ស្តែង យុទ្ធសាស្ត្រ និងឱកាសសម្រាប់ការជំរុញហិរញ្ញវត្ថុបៃតង និងនិរន្តរភាពនៅក្នុងតំបន់។
ក្នុងនោះមានបទបង្ហាញលើប្រធានបទទី១”ក្របខ័ណ្ឌគំនិតនៃហិរញ្ញវត្ថុបៃតងដល់វិស័យកសិកម្ម” ដោយបណ្ឌិត Prasun Kumar Das អគ្គលេខាធិការ APRACA ,បទបង្ហាញលើប្រធានបទទី ២ “យុទ្ធសាស្ត្រជាតិសម្រាប់ការជំរុញគំនិតផ្តួចផ្តើមហិរញ្ញវត្ថុបៃតង” ដោយលោក អ៊ុង សឿន អ្នកឯកទេសហិរញ្ញវត្ថុ អាកាសធាតុនៃអគ្គនាយកដ្ឋាន គោលនយោបាយនិងយុទ្ធសាស្ត្រក្រសួងបរិស្ថាន, បទបង្ហាញលើប្រធានបទទី៣” គោលនយោបាយលើកកម្ពស់ការផ្លាស់ប្តូរហិរញ្ញវត្ថុបៃតង ក្នុងវិស័យកសិកម្ម” ដោយលោក ថៃ ហ្សឺឌី ប្រធាននាយកដ្ឋានហិរញ្ញវត្ថុបៃតងនៃធនាគារ ARDB។

សម្រាប់បទបង្ហាញលើប្រធានបទទី៤ គឺ បញ្ហាប្រឈមនិងឱកាសសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការជំរុញការអនុវត្តហិរញ្ញវត្ថុបៃតង ដោយលោក សឿង ផន ប្រធានផ្នែកឥណទាន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងឥណទានធនាគារអេស៊ីលីដា និងបទបង្ហាញលើប្រធានបទទី៥ “ការអនុវត្តល្អបំផុត៖ Cambodia Climate Finance Facility (CCFF) ក្រោមមូលនិធិអាកាស ធាតុបៃតង (GCF)” ដោយកញ្ញា ជួន មុនីរ័ត្ន (ម៉ូណា) អ្នកគ្រប់គ្រងផ្នែក ហិរញ្ញវត្ថុអាកាសធាតុនិងយុទ្ធសាស្ត្រមេគង្គផងដែរ ៕
