អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយរូប ដែលមានគណនីឈ្មោះ Kuch Naren បានបញ្ចេញទស្សនៈជុំវិញរឿងដែលកំពុងផ្ទុះ និងល្បីខ្លាំងក្នុងបណ្ដាញសង្គម គឺរឿង«អ្នកជិះឡានទំនើប និងបុគ្គលិកចាក់សាំង ជជែកវែកញែករឿងលុយ ១០០០ ឬ២០០០ រៀល » ។
នេះជាខ្លឹមសារទាំងស្រុងរបស់គណនីហ្វេសប៊ុកឈ្មោះ Kuch Naren ដែលបានសរសេរបង្ហោះនាថ្ងៃទី១៩ មេសានេះ «រាល់ពេលមានបញ្ហាកើតឡើង គឺយើងត្រូវរកចំណុចកណ្តាលដើម្បីដោះស្រាយ។ រឿងលុយកាក់នេះទៀតសោត គឺកាន់តែរសើប។ ហេតុអ្វី? មុនលម្អិត ថាតើ នរណាខុស ឬនរណាត្រូវ រឿងយកលុយរៀល ទៅចាក់សាំង ហើយតម្រូវឱ្យថែមកន្ទុយ? តើអ្នកប្រើប្រាស់បណ្តាញសង្គម ថតយករូបភាព ឬវីដេអូ ទៅបង្ហោះជាសាធារណៈ ហើយការចែកចាយនេះអាចធ្វើឲ្យប៉ះពាល់ដល់សិទ្ធិបុគ្គល ជាពិសេសទាក់ទងនឹងសិទ្ធិខាងរូបភាពរបស់បុគ្គល។ តើរូបភាពមួយចំនួន ដែលបានថត និងចែកចាយដោយមិនមានការអនុញ្ញាតពីម្ចាស់រូប វាអាចធ្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ ក៏ដូចជាភាពឯកជនរបស់អ្នកដទៃដែរ ឬទេ? ព្រោះនៅលើបណ្តាញសង្គមយក្សចិន TikTok និង Facebook កំពុងផ្ទុះកក្រើការវែកញែកគ្នាបែកផ្សែង ដោយក្នុងនោះអ្នកប្រើប្រាស់បញ្តាញសង្គមខ្លះ រាប់ទាំងអ្នកសិល្បៈផង ក៏សម្តែងការអាណិតអាសូរដល់បុគ្គលិកស្រីនៅស្ថានីយ៍ចាក់សាំង ខណៈខ្លះទៀតក៏ឈរលើជំហររបស់ម្ចាស់ឡានផងដែរ។
អ៊ីចឹងមកគិតចំណុចគួរពិចារណាមួយចំនួន៖
១- ឈរលើទស្សនៈរបស់ម្ចាស់ឡាន៖ ម្ចាស់ឡាន (ប្តី-ប្រពន្ធ) បានថតរូប និងសរសេរសារបង្ហោះលើបណ្តាញសង្គម TikTok ថា «ខំបោលឡានដល់ការាស់សាំងហើយ មានលុយខ្មែរគេមិនចាក់អោយទៀត»។ ប្រាកដណស់វីដេអូនេះ ត្រូវបានចែកចាយយ៉ាងផុសផុលលើបណ្តាញសង្គម TikTok និងត្រូវបានចែកចាយដូចទឹកបាក់ទំនប់លើបណ្តាញសង្គម Facebook ផងដែរ។
ឈរលើជំហររបស់ម្ចាស់ឡាន គឺមិនខុសទេ ដែលត្រូវសួរនាំឱ្យច្បាស់លាស់ នៅពេលគិតលុយសម្រាប់ការចាក់សាំងឡាន ឬចាក់ម៉ាស៊ូតនៅតាមស្ថានីយ៍។ ហេតុអ្វី? ព្រោះតម្លៃសាំង ឬម៉ាសូត ក្នុងមួយលីត្រ ត្រូវបានដាក់បង្ហាញច្បាស់ថា តម្លៃប៉ុន្មាន? តាមអ្វីដែលម្ចាស់ឡានសួរនាំ គឺមិនចង់ឱ្យមានការគេងបន្លំណាមួយ។
២- ឈរលើជំហររបស់បុគ្គលិកស្រីនៅស្ថានីយ៍សាំង៖ ជាបុគ្គលិកគេតូចតាច។ គាត់ អាចមានចំណេះដឹងមិនបានរៀនសូត្រជ្រៅជ្រះ។ តែគាត់បានប្រើប្រាស់សម្តីសមរម្យពន្យល់ទៅម្ចាស់ឡាន ថាហេតុអ្វីទើបត្រូវសុំកន្ទុយ ឱ្យថែមលុយ ១០០០ រៀល បន្ថែមនៅពេលចាក់សាំង ឬម៉ាសូត។
ជារួម អាចការសន្ទនាគ្នា មិនយល់ច្បាស់ទៅវិញទៅមក។ ឬ អាចនិយាយបានថា ខ្វះការយោគយល់គ្នា។ ឬអាចនិយាយម្យ៉ាងទៀតថា ចាក់សាំង ឬម៉ាសូត ប្រាប់គេឱ្យច្បាស់ៗថា «សូមចាក់ ដោយគិតជាដុល្លារ បើសិនជាមានលុយដុល្លារតាមខ្លួន។ ឬ បើចាក់លុយរៀល ប្រាប់ថា សុំចាក់ជាលុយរៀល»។ ឬ ក៏អាចនិយាយម៉្យាងទៀតថា ១- ករណីនេះ បើម្ចាស់ឡានមិនពេញចិត្ត ក៏គួរទៅជជែកជាមួយម្ចាស់ស្ថានីយ៍ផ្ទាល់ ឬប្រធានផ្នែកទទួលបន្ទុកនៅទីតាំងស្ថានីយ៍នោះផ្ទាល់ បើមិនចង់ ឬមិនពេញចិត្តការពន្យល់របស់បុគ្គលិកស្រី ដែលសុំឱ្យម្ចាស់ឡាន ថែមកន្ទុយ ១០០ រៀល បើសិនជាបង់ប្រាក់ជាលុយរៀល ព្រោះគាត់បុគ្គលិកសាមញ្ញតូចតាច ធ្វើទៅតាមគោលការណ៍របស់ក្រុមហ៊ុនទេ (នេះបើស្តាប់តាមហេតុផលគាត់ពន្យល់)។
*** មិនមែនជាអ្នកច្បាប់ទេ គ្រាន់តែមួយរយៈនេះចូលចិត្តអានច្បាប់ និងស្រាវជ្រាវរឿងខ្លះៗ អ៊ីចឹងសូមនិយាយអី សិទ្ធិខាងរូបភាព៖
នៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ ប្រព័ន្ធបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងខ្លាំង ពលរដ្ឋខ្មែរក៏មានការប្រើប្រាស់ស្មាតហ្វូនច្រើនលើសលប់ និងតែងតែចូលរួមចែករំលែករឿងរ៉ាវផ្សេង ទាំងរឿងល្អ រឿងគ្រួសារខ្លួនឯងផងដែរ។ នៅក្នុងនោះ ប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម ដូចជា ហ្វេសប៊ុក តិកតុក ជាដើម មានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ជាមួយនឹងមុខងារជាច្រើនដែលផ្ដល់ឲ្យអ្នកប្រើប្រាស់បង្ហោះរូបភាព វីដេអូ ឬបញ្ចេញនូវមតិ និងចែកចាយព័ត៌មានផ្សេងៗទៅឱ្យអ្នកដទៃបានដឹងផងដែរ។
ប្រាកដណាស់ មិនមែនមានស្មាតហ្វូន អាចផ្តិតនូវរូបភាព និងវីដេអូ រួចបងប្អូនយករូបថត វិដេអូ ដែលបានថត និងចែកចាយដោយមិនមានការអនុញ្ញាតពីម្ចាស់រូប វាអាចធ្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ ក៏ដូចជាភាពឯកជនរបស់អ្នកដទៃ ដែលអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន។
ងាកមកច្បាប់សារធាតុដែលកំពុងនៅជាធរមាន ក៏មានចែងអំពីសិទ្ធិបុគ្គលនេះផងដែរ ទាំងនៅក្រមព្រហ្មទណ្ឌ និងក្រមរដ្ឋប្បវេណី។ មាត្រា ១០ ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យនិយមន័យ «សិទ្ធិបុគ្គល សំដៅទៅលើសិទ្ធិដែលមានអត្ថន័យពាក់ព័ន្ធនឹងជីវិត រូបកាយ សុខភាព សេរីភាព នាម កិត្តិយស ភាពឯកជន ឬសិទ្ធិផ្សេងទៀតដែលជាផលប្រយោជន៍ទាក់ទងនឹងលក្ខណបុគ្គល»។ ន័យនេះ សិទ្ធិខាងរូបភាព គឺជាផ្នែកមួយនៃសិទ្ធិបុគ្គល ដែលសិទ្ធិនេះ សំដៅលើសិទ្ធិដែលមានអត្ថន័យពាក់ព័ន្ធជិវិត រូបកាយ សុខភាព សេរីភាព នាម កិត្តិយស ភាពឯកជន ឬ សិទ្ធិផ្សេងទៀតដែលជាផលប្រយោជន៍ទាក់ទងនឹងលក្ខណៈបុគ្គល។
ចំពោះការថតរូប ឬ វិដេអូ លើបុគ្គលណាម្នាក់មកបង្ហោះជាសាធារណៈដោយគ្មានការអនុញ្ញាត្តពីម្ចាស់រូប ស្មើនឹងទង្វើផ្ទុយនឹងច្បាប់ ម្ចាស់រូបអាចមានសិទ្ធិប្តឹងវិញបាន។
បើតាម ក្រមព្រហ្មទណ្ឌ និងក្រមរដ្ឋប្បវេណី ៖
១-ការថតរូបបុគ្គលនៅទីកន្លែងឯកជន ៖
-ត្រូវមានទោសតាមមាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌ «បទប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល» អាចជាប់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែន ទៅ ២លានរៀល។ ជនរងគ្រោះ អាចប្តឹងទៅតុលាការ ដើម្បីផ្តន្ទាទោសជនល្មើស និងទាមទារសំណងជំងឺចិត្ត ជាដើម។
២-ការថតរូបបុគ្គលនៅទីសាធារណៈ ៖
-ជាការប៉ះពាល់សិទ្ធិខាងរូបភាព ដែលសិទ្ធិនេះមានចែងក្នុងមាត្រា ១០ នៃក្រមរដ្ឋប្បវេណី។
-ជនរងគ្រោះ មានសិទ្ធិទាមទារឲ្យបញ្ឈប់សកម្មភាពថត (ហាមមិនឲ្យថត) (មាត្រា ១១) ឬសិទ្ធិទាមទារឲ្យលុបចោលរូបថត ក្នុងករណីមានការថតរួច (មាត្រា ១២) និងទាមទារសំណងនៃការខូចខាត តាមរយៈអំពើអនីត្យានុកូល (មាត្រា ១៣ និង មាត្រា ៧៤៣)។
៣-ការបង្ហោះចែកចាយរូបអ្នកដទៃ ដោយពុំមានការអនុញ្ញាត ៖
-ជនរងគ្រោះ មានសិទ្ធិទាមទារឲ្យលុបចោលរូបដែលបង្ហោះចែកចាយ (មាត្រា ១២) និងសិទ្ធិទាមទារសំណងនៃការខូចខាត តាមរយៈអំពើអនីត្យានុកូល (មាត្រា ១៣ & មាត្រា ៧៤៣)។
បើសិនជាមានចំណុចខ្វះខាតអី សូមបងៗជួយបន្ថែមផងបាទ។ សូមអរគុណទុកជាមុន ទានម្ចាស់!» ៕
