ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងនាមជាអ្នកដឹកនាំនាវាកម្ពុជា គឺជ្រើសរើសយកទាំងស្ពៃរបស់ចិន និងសាច់គោរបស់អាមេរិក ដោយមិនអាចចោលមួយណាបាននោះទេ ដើម្បីជីវភាពពលរដ្ឋ ។
ក្នុងន័យសម្តេចនាយករដ្ឋមន្រ្តីបានប្រសាសន៍អំពីការជ្រើស យកស្ពៃរបស់ចិន និងសាច់គោ អាមេរិកនេះ គឺក្នុងអត្ថន័យបៀបធៀប ក្នុងការចាប់ យកប្រទេសទាំងពីរ ធ្វើជាដៃគូនិងទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយគ្នា ។ ការលើកឡើង ជាប្រសាសន៍របស់សម្តេចធិបតីនេះ បន្ទាប់ពីក្រុមប្រឆាំង នៅក្រៅប្រទេសបានបញ្ចេញសារ មកចំអកឲ្យមេដឹកនាំកម្ពុជាថា បើជ្រើសយកចិនគឺស្មើនឹង “ស្ពៃ” ប៉ុន្តែបើយកអាមេរិកស្មើនឹង “សាច់គោ” ក្នុងឱកាសលោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានបំពេញ ទស្សនកិច្ចនៅកម្ពុជា ក្រោយចូលឆ្នាំខ្មែររួច ដែលការណ៍បំពេញទស្សនកិច្ចជាផ្លូវរដ្ឋ របស់ប្រធានាធិបតីមហាអំណាចនេះ ក៏មានអ្នកតាំងខ្លួនជាបណ្ឌិត បានធ្វើការវិភាគជាបន្តបន្ទាប់អំពីស្ពៃ និងសាច់គោ។
ក្នុងវេទិកា ចុះសម្ពោធកំពង់ផែ ខេត្តកំពត នាថ្ងៃ២១ មេសា សម្តេចធិបតីបានមានប្រសាសន៍ថា មានអ្នកខ្លះគេបានវាយប្រហារ មកលើកម្ពុជា នៅពេលមានដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិននៅកម្ពុជារយៈពេល២ថ្ងៃកាលពីកន្លងមកថា មហាអំណាចចិន-អាមេរិក កំពុងតែផ្ទុះសង្គ្រាមពាណិជ្ជកម្ម ជាមួយគ្នាអំពីការដំឡើងរបាំងពន្ធគយ បែរជាកម្ពុជាអនុញ្ញាតឲ្យមេដឹកនាំចិនបំពេញ ទស្សនកិច្ចទៅវិញដែលនេះ គឺកម្ពុជា បានជ្រើសយកស្ពៃហើយ ប៉ុន្តែបើសម្រេចយកអាមេរិកគឺស្មើយកសាច់គោ ដូច្នេះទាំងស្ពៃនិងសាច់គោ សម្តេចជ្រើសយកទាំង២។
សម្តេចធិបតីគូសបញ្ជាក់ថា “ចឹងទស្សនៈទាំងសងខាង ហើយសួរកម្ពុជាថា រើសស្អី ស្ពៃឬសាច់គោយើងយកទាំង២គ្មានអ្នកណាមកផ្ចុងយើង បំបិទសិទ្ធិយើងឲ្យរើសបន្លែឬសាច់គោទេ យើងត្រូវរើសទាំង២ ព្រោះយើងគិតគូរពីសុខភាពរបស់យើង ។ សុខភាពរបស់យើង គឺសេដ្ឋកិច្ចនិងជីវភាពរស់ នៅរបស់កម្ពុជារបស់ប្រជាជនយើងនេះដែលយើងត្រូវរើស។ អ្នករើសស្ពៃរើសទៅ រើសគោរើសទៅ”។
សម្តេចនាយករដ្ឋមន្រ្តីបន្តថា នេះហើយគឺជាការរើស យករបស់រាជរដ្ឋាភិបាលទាំងសាច់គោនិងបន្លៃស្ពៃ ព្រោះកម្ពុជាមានឯករាជ្យភាព និងអធិបតេយ្យភាព ក្នុងការសម្រេចចិត្តផ្ទាល់ខ្លួនដោយគ្មានប្រទេស ណាមួយមកដាក់សម្ពាធបាននោះទេ ។
សម្តេចធិបតី មានប្រសាសន៍ទៀតថា កម្ពុជាក្រោមការដឹកនាំ របស់សម្តេចផ្ទាល់គឺយកទាំងសាច់គោនិងស្ពៃនេះ ដើម្បីឲ្យកម្ពុជាមានលំនឹង រឹងមាំដែល ជាការគិតគូរយ៉ាងម៉តចត់របស់រាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា ដោយរក្សាភាពអព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធ និងមិនចូលដៃ ជាមួយប្រទេសណាមួយ ក្នុងការប្រឆាំងប្រទេស ណាមួយទៀតទេ ខណៈមានអ្នកនយោបាយចាស់វស្សាម្នាក់ មិនទាន់ទាំងបានដឹកនាំប្រទេសផង បានប្រកាសយកប្រទេសមួយ ធ្វើកម្មសិទ្ធិ ផ្តាច់មុខរួចទៅហើយ ៕
