ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក Chan Chun Sing រដ្ឋមន្រ្តីក្រសួងអប់រំ នៃប្រទេសសិង្ហបុរី បានពិភាក្សាផ្លាស់ប្តូរបទពិសោធការងារ និងវឌ្ឍនភាពប្រព័ន្ធអប់រំរបស់ប្រទេសទាំងពីរ ប្រកបដោយភាពស្និទ្ធស្នាល សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើង។
ក្នុងជំនួបពិភាក្សាការងារនេះ ធ្វើឡើងអំឡុងទស្សនកិច្ចផ្លូវការនៃកម្មវិធី Lee Kuan Yew Exchange Fellowship នៅប្រទេសសិង្ហបុរី។
មានប្រសាសន៍នាឱកាសនេះ លោក រដ្ឋមន្ត្រីក្រសួងអប់រំសិង្ហបុរី បានលើកឡើងពីកម្មវិធីសិក្សានៅប្រទេសសិង្ហបុរីរួមមានប្រព័ន្ធអប់រំទូទៅ និងសញ្ញាបត្រអន្តរជាតិ ដោយបានរំលេចពីការអនុវត្តនានារួមមាន ការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្រិតមធ្យមសិក្សា ការអនុញ្ញាតឱ្យសិស្សជ្រើសរើសកម្រិតសិក្សានៃមុខវិជ្ជាផ្អែកលើចំណូលចិត្តនិងសមត្ថភាព ភាពខុសគ្នានៃចំនួនសិស្សស្តង់ដាក្នុងថ្នាក់រៀន ការបញ្ចូលបញ្ញាសិប្បនិម្មិត (AI) នៅក្នុងវិធីសាស្រ្តបង្រៀន និងសាលារៀនដែលអាចបំពេញតម្រូវការពិសេសសម្រាប់សិស្សនិងជំនួយដល់ការបង្រៀនរបស់គ្រូជាដើម។
ក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីការអនុវត្តកម្មវិធីអន្តរជាតិស្តីពី រង្វាយតម្លៃការសិក្សារបស់សិស្ស (PISA) នៅប្រទេសកម្ពុជា ដែលជាតេស្តអន្តរជាតិមួយប្រើប្រាស់ក្នុងការវាយតម្លៃប្រព័ន្ធអប់រំ ដោយផ្តោតលើពិន្ទុជាមធ្យមនៃមុខវិជ្ជាអំណាន គណិតវិទ្យា និងវិទ្យាសាស្រ្ត អត្រារួមនៃការសិក្សានៅមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ និងអត្រាបោះបង់ការសិក្សានៅមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ដែលជាសូចនាករសមិទ្ធកម្មគន្លឹះ។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា លោក ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់រដ្ឋាភិបាលសិង្ហបុរី ដោយបានគូសបញ្ជាក់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ ក្នុងឱកាសខួបលើកទី ៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានលើកឡើងបន្ថែមពីអាទិភាពចំនួន ៣ របស់ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអេកូសិក្សា និងប្រសិទ្ធភាពនៃការសិក្សា ដែលរួមមាន៖ ១) កំណែទម្រង់សាលារៀន ២) ការពង្រឹងការបណ្តុះបណ្តាលគ្រូ និង ៣) ការកែលម្អវិធីសាស្រ្តបង្រៀន៕



