ភ្នំពេញ ៖ លោក យន់ ស៊ីណាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូអធិការកិច្ចបក្សកុម្មុយនិស្តចិន និងរដ្ឋ ខេត្តយូណានចំនួន ៥ រូប ដឹកនាំដោយលោក Lei Gang សមាជិកអចិន្ត្រៃយ៍ នៃគណៈអធិការកិច្ចបក្សកុម្មុយនិស្តចិនខេត្តយូណាន និងគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន នៅ អ.ប.ព. ។

បន្ទាប់មក ក្នុងជំនួបពិភាក្សាការងារ លោក ជា សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានប្រតិបត្តិការ នៃ អ.ប.ព. បានពាំនាំនូវការស្វាគមន៍ និងសួរសុខទុក្ខ ពីសំណាក់ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ចំពោះគណៈប្រតិភូ ។
លោក អគ្គនាយក បានជម្រាបជូនគណៈប្រតិភូអំពីការងារប្រយុទ្ធប្រឆាំងអំពើពុករលួយកម្ពុជា ដែលជាការងារអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាលតាំងពីអាណត្តិសម្តេចតេជោ ហ៊ុន សែន និងបន្តមករាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយបានចាត់ទុកការកែទម្រង់ និងពង្រឹងអភិបាលកិច្ចស្អាតស្អំជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទីមួយ។

ជាមួយគ្នានេះ លោក ជា សំអាត ក៏បានលើកឡើង អំពីរចនាសម្ព័ន្ធ នៃស្ថាប័នប្រឆាំងអំពើពុករលួយ និងភារកិច្ចរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយ ចំណុចសំខាន់ៗនែច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែលពាក់ព័ន្ធនឹងអំណាចស៊ើបអង្កេតរបស់ អ.ប.ព. ព្រមទាំងយន្តការប្រឆាំងអំពើពុករលួយនៅកម្ពុជា ដែលផ្តោតលើការងារសំខាន់បី គឺការងារអប់រំ ការងារបង្ការទប់ស្កាត់ និងការបង្ក្រាប និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដែលជាសមត្ថកិច្ចផ្តាច់មុខរបស់ អ.ប.ព.។
ជាការឆ្លើយតប លោក Lei Gang បានថ្លែងអំណរគុណចំពោះការអញ្ជើញរបស់ អ.ប.ព. និងការទទួលស្វាគមន៍ដ៏កក់ក្តៅចំពោះគណៈប្រតិភូ ព្រមទាំងសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដោយឡែកនៅ អ.ប.ព. នាពេលនេះ។

លោក Lei Gang បានលើកឡើងអំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅប្រទេសចិន ដោយឡែកនៅខេត្តយូណាន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជិនពីង បានដាក់ចេញគោលនយោបាយកម្ទេចជនពុករលួយ ដោយប្រកាន់យកគោលការណ៍តឹងរឹងនៃការអនុវត្តច្បាប់ និងវិន័យ របស់បក្ស និងរដ្ឋ ដោយទទួលបានជោគជ័យធំធេង។
លោកក៏បានលើកឡើងអំពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ដែលមានការរីកចម្រើនជាលំដាប់ ហើយមកទប់ពេលនេះបានឈានដល់ការកសាងសហគមន៍ជោគវាសនារួម និងកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» និងបានផ្លាស់ប្ដូរស៊ីជម្រៅជាមួយនាយកដ្ឋានពាក់ព័ន្ធ និងថ្នាក់ដឹកនាំរបស់ អ.ប.ព. ស្វែងយល់ពីយន្តការទ្វេភាគីលើវិស័យស៊ើបអង្កេតករណីពុករលួយឆ្លងដែន និងការបណ្ដុះបណ្ដាលធនធានមនុស្ស ។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងដែលមានកន្លងមក និងជំរុញឱ្យមានការសម្របសម្រួលលើកិច្ចការស្នូលឲ្យកាន់តែស៊ីជម្រៅ ដែលរួមមាន លើកកម្ពស់វិសាលភាពការងារ និងការពង្រីកការយល់ឃើញស្របគ្នាលើការបដិសេធមិនផ្តល់ជម្រកសម្រាប់ជនពុករលួយក្នុងក្របខណ្ឌពហុភាគី រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រឆាំងអំពើពុករលួយ៕
