ព័ត៌មានជាតិ

ទូតឥណ្ឌា៖ ការអភិវឌ្ឍន៍ជនបទ នៅប្រទេសកម្ពុជា និងឥណ្ឌា មានសភាពប្រហាក់ប្រហែលគ្នា

ភ្នំពេញ៖លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា បានអះអាងថា ការអភិវឌ្ឍន៍ជនបទ នៅក្នុងប្រទេសទាំងពីរ មានសភាពប្រហាក់ប្រហែលគ្នា ដោយបច្ចុប្បន្នប្រជាជនឥណ្ឌាប្រមាណ ៥០% គឺរស់នៅតំបន់ជនបទ ។ លោកក៏បានឱ្យដឹថា រដ្ឋាភិបាលឥណ្ឌា ក៏បានកំណត់ចក្ខុវិស័យរបស់ខ្លួន ប្រែក្លាយប្រទេសឥណ្ឌា ជាប្រទេសអភិវឌ្ឍន៍ក្នុងឆ្នាំ ២០៤៧ ផងដែរ។

នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោកVanlalvawna Bawitlung បានមានប្រសាសន៍បន្ថែមទៀតថា ឥណ្ឌានិងបន្តគាំទ្រ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការផ្តល់ជាជំនួយផ្សេងៗបន្ថែមទៀត ការផ្តល់ជាវគ្គបណ្តុះបណ្តាលពិសេស លើជំនាញអភិវឌ្ឍន៍ជនបទ ជូនដល់មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

ក្នុងឱកាសនេះ លោក ឆាយ ឫទ្ធិសែន បានជម្រាបជូនលោកឯកអគ្គរដ្ឋទូត និងសហការី អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនាចំនួន ៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព និងមានគន្លឹះអាទិភាពចំនួន ៥ ទៀតរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឱ្យបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមាន ប្រាក់ចំណូលកម្រិតខ្ពស់។

លោករដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានា ដែលសម្រេចបានកន្លងមក និងទិសដៅអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ“ការកសាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ធានាបានកំណើន ប្រាក់ចំណូល ក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈការដាក់ ចេញនូវយុទ្ធសាស្ត្រចំនួន ៥ រួមមាន ៖ (ទី១)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, (ទី២)ការលើកកម្ពស់ សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ,(ទី៣) ការអភិវឌ្ឍសហគមន៍ជនបទ (ទី៤)ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និង(ទី៥)ការពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។

បន្ថែមពីនេះទៀតលោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ លើការរៀបចំភូមិគំរូគន្លិះ ព្រោះភូមិគំរូគន្លឹះ គឺជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍ ដែលផ្ដល់សេវាសង្គម សេដ្ឋកិច្ច និងផលជះវិជ្ជមានដល់ភូមិដទៃ ដែលនៅជុំវិញ ដែលអាចធានាបាននូវកំណើនមុខរបរ និងប្រាក់ចំណូល របស់ប្រជាពលរដ្ឋរស់នៅ តំបន់ជនបទ ដែលកាត់បន្ថយវិសមភាពសង្គមរវាងជនបទ និងទីក្រុង ពោលគឺជាតំបន់ជនបទស៊ីវីល័យ។

ជាមួយគ្នានោះផងដែរ លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រទេសឥណ្ឌា នាពេលកន្លងមកលើវិស័យ វប្បធម៌ អប់រំ និង លើផ្នែកជាច្រើនទៀត។ ជាមួយគ្នានេះប្រទេសឥណ្ឌា ក៏បានផ្តល់ជាជំនួយតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ មានដូចជាគម្រោង អភិវឌ្ឍន៍សហគមន៍ ចម្រុះតាមរយៈទឹកស្អាត អនាម័យ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ, គម្រោងលុបបំបាត់សារធាតុអាសេនិច ពីទឹកបរិភោគនៅជុំវិញ បឹងទន្លេសាប, គម្រោងការការពារបរិស្ថានតាមរយៈ ការលុបបំបាត់សារធាតុបំពុល ក៏ដូចជាការផ្តល់ជា វគ្គបណ្តុះបណ្តាល នានា ជូនដល់មន្ត្រី របស់ក្រសួងអភិវឌ្ឍន៍ផងដែរ ។

លោករដ្ឋមន្រ្តីក៏បានលើកឡើងបន្ថែមទៀតថា ប្រទេសឥណ្ឌាជាប្រទេសមួយ ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ដាច់ដោយឡែក ដូចប្រទេសកម្ពុជាដែរ ដូចនេះលោករដ្ឋមន្ត្រី ក៏ស្នើសូមតាមរយៈលោកអគ្គរដ្ឋទូត ក្នុងការផ្សាភ្ជាប់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងអភិវឌ្ឍន៍ នៃប្រទេសទាំងពីរ ក្នុងការចែករំលែកនៅបទពិសោធន៍ រវាងគ្នាក្នុងការរៀបចំ និងអភិវឌ្ឍន៍នៅតំបន់ជនបទ៕

To Top