ព័ត៌មានជាតិ

រដ្ឋាភិបាលកម្ពុជា បានបង្កើតពានរង្វាន់ ជាលើកដំបូង ដើម្បីវាយតម្លៃរោងចក្រ សហគ្រាស នៅកម្ពុជា ដែលមានភាពសុខសាន្ត ដើម្បីអបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ឧសភា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្តល់ពានរង្វាន់ ជូនរោងចក្រសហគ្រាស ដែលបានអនុវត្តលក្ខខណ្ឌ ការងារល្អប្រសើរ នៅក្នុងរោងចក្ររបស់ខ្លួន ដែលបង្កើតបានជាសហគ្រាស ប្រកបដោយភាពសុខសាន្ត។

យោងតាមលិខិត ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់ពានរង្វាន់ ជាលើកទីមួយដល់រោងចក្រ សហគ្រាស ដែលបំពេញ លក្ខណវិនិច្ឆ័យគោរពតាមច្បាប់ស្តីពីការងារ និងច្បាប់ពាក់ព័ន្ធផ្សេងៗ របស់រដ្ឋាភិបាល។ ការប្រកាសផ្តល់ពានរង្វាន់នេះ គឺដើម្បីអបអរសាទរខួប អនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ។

បើយោងតាមសារលិខិតដដែល ពានរង្វាន់ដែលរដ្ឋាភិបាល នឹងប្រគល់ជូនមានឈ្មោះថា ពានរង្វាន់ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ”។ សហគ្រាសដែលត្រូវបានជ្រើសរើស គឺត្រូវអនុលោមទៅតាមលក្ខណវិនិច្ឆ័យចំនួន ៨ចំណុចដែលរួមមាន ១. អនុលោមភាព នៃលក្ខខណ្ឌការងារ ២. អនុលោមភាព នៃការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង ៣.អនុលោមភាពទំនាក់ទំនងវិជ្ជាជីវៈ ៤.អនុលោមភាព នៃលក្ខខណ្ឌស្តីពីសុវត្ថិភាព និងសុខភាពការងារ ៥.អនុលោមភាព នៃរបបសន្តិសុខសង្គម ៦.អនុលោមភាព នៃការប្រើប្រាស់កម្មករ និយោជិតជាជនពិការ ៧.អនុលោមភាព នៃការអនុវត្តកម្មវិធី លើកកម្ពស់ ផលិតភាពការងារ និង៨.អនុលោមភាព នៃការអនុវត្តកម្មវិធីទទួលខុសត្រូវសង្គម។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរ ចំពោះជ័យលាភី ហើយក៏ថ្លែងអំណរគុណ ចំពោះគ្រប់រោងចក្រ សហគ្រាស ជាពិសេ សកម្មករ និយោជិត អង្គការវិជ្ជាជីវៈ ដែលបានបន្តចូលរួមក្នុង ចលនាជាតិដើម្បីប្រែក្លាយ សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ។

គួររំលឹកថា នៅក្នុងខួបលើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ យកប្រធានបទរួមគ្នា ដើម្បីការងារសមរម្យ និងកំណើន ប្រកបដោយចីរភាព និងភាពធន់ ធ្វើជាប្រធានបទសម្រាប់ទិវា ១ ឧសភា ឆ្នាំនេះ។

សម្រាប់រដ្ឋាភិបាលកម្ពុជា ការកំណត់យកប្រធានបទយ៉ាងដូច្នេះគឺជាការបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ អត្ថប្រយោជន៍ របបសន្តិសុខសង្គម អត្ថប្រយោជន៍នានា របស់កម្មករនិយោជិត និងការពង្រឹងយន្តការ ដោះស្រាយ វិវាទការងារ ដែលធ្វើឱ្យទំនាក់ទំនងវិជ្ជាជីវៈកាន់តែល្អប្រសើរឡើង ដែលជាសូចនាករគន្លឹះ របស់រដ្ឋាភិបាលនៅក្នុង គោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕

To Top