ភ្នំពេញ ៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួង សុខាភិបាល បានលើកឡើងថា បើគ្រប់គ្នាចង់កម្ពុជា គ្មានជំងឺគ្រុនចាញ់ ចាប់ពីពេលនេះទៅ គឺត្រូវប្តេជ្ញាចិត្តរួមគ្នា ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥នេះទាំងអស់។

ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៥ ក្រោមប្រធានបទ៖ «យើងបញ្ចប់ជំងឺគ្រុនចាញ់ ដោយវិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ» នាថ្ងៃ២៥ មេសា ។

សាស្ដ្រាចារ្យ ឈាង រ៉ា មានប្រសាសន៍ថា ការរៀបចំប្រារព្ធទិវានេះ ក្នុងគោលបំណងស្នូលពន្លឿន វឌ្ឍនភាពឆ្ពោះ ទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈការជំរុញ កិច្ចខិតខំប្រឹងប្រែងឡើងវិញ នៅគ្រប់កម្រិតចាប់ ពីកម្រិតគោលនយោបាយ រហូតដល់សកម្មភាពអនុវត្តរបស់សហគមន៍ ការបង្កើន ការវិនិយោគ យុទ្ធនាការសុខភាព ឬសារតស៊ូមតិ ផ្សព្វផ្សាយ ទូលំទូលាយ នូវយុទ្ធសាស្ត្រ និងវិធីសាស្រ្តប្រកបដោយភាព ច្នៃប្រឌិតដោះស្រាយ បញ្ហាប្រឈមទាន់ពេល និងមានប្រសិទ្ធភាពប្រសើរជាងមុន។

លោកសាស្ដ្រាចារ្យ គូសបញ្ជាក់ថា “យើងត្រូវរួបរួមគ្នា ដើម្បីលប់បំបាត់ជំងឺគ្រុនចាញ់ នៅដំណាច់ឆ្នាំ២០២៥នេះ និងត្រូវតែបញ្ចប់ជំងឺគ្រុនចាញ់ក្នុងសកលលោក នាឆ្នាំ២០៣០” ។

ឆ្លៀតក្នុងឱកាសអបអរសាទរទិវានេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់ជាអនុសាសន៍ណែនាំដល់អាជ្ញាធរមូលដ្ឋាន និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ដោយត្រូវបេ្តជ្ញាចិត្តរួបរួមគ្នាទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥នេះ ៖

ត្រូវធ្វើការអប់រំ និងពន្យាល់ពីការពារ និងព្យាបាលជំងឺគ្រុនចាញ់ ដល់ប្រជាពលរដ្ឋគោលដៅ , អ្នកនឹងអាចជាដាច់ គ្រាន់តែលេបថ្នាំព្យាបាល ជំងឺគ្រុនចាញ់ ត្រឹមរយៈពេល ៧ ថ្ងៃ , ភូមិខ្ញុំ សហគមន៍ ក្រុមគ្រួសារខ្ញុំ ត្រូវលប់បំបាត់ លែងមានជំងឺគ្រុនចាញ់ ដោយត្រូវធ្វើជាបុគ្គល ឬប្រជាពលរដ្ឋគំរូ ក្នុងការការពារ ខ្លួនពីជំងឺគ្រុនចាញ់ , ត្រូវការពារជំងឺ គ្រុនចាញ់ ពេលប្រជាពលរដ្ឋ ត្រូវធ្វើដំណើរចូលព្រៃ , ប្រសិនបើប្រជាពលរដ្ឋមានអាការៈមិនស្រួលខ្លួន ត្រូវទៅធ្វើតេស្ត ឈាមជាបន្ទាន់ ដើម្បីស្វែងរកជំងឺគ្រុនចាញ់ ត្រូវអនុវត្តពាក្យស្លោក ពេលខ្ញុំក្តៅខ្លួន ត្រូវធ្វើតេស្តឈាម , អាជ្ញាធរមូលដ្ឋាន ត្រូវមានកាតព្វកិច្ចផ្តល់ព័ត៌មាន ដល់អ្នកចូលព្រៃ និងត្រូវណែ នាំឱ្យប្រជាពលរដ្ឋទទួល និងលេបបង្ការជំងឺគ្រុនចាញ់ មុនចូលព្រៃ , អាជ្ញាធរមូលដ្ឋាន អ្នកចល័ត និង អ្នកចំណូលថ្មី ត្រូវទៅពិនិត្យ និងធ្វើតេស្តជូនគាត់តែម្តង , ត្រូវចូលរួមក្នុង ការព្យាបាល ដែលមានរយៈពេល ៧ថ្ងៃនៃការលេបថ្នាំ និងមុនចូលព្រៃ ត្រូវទៅទទួលសេវាបង្ការជំងឺគ្រុនចាញ់ និងដោយកុំនាំជំងឺគ្រុនចាញ់ ចូលក្នុងស្រុកភូមិ គ្រួសារយើង និងសហគមន៍យើង៕






