ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងព្រែកជីក ហ្វូណនតេជោ កំពុងដំណើរការយ៉ាងស្វាហាប់ ឆ្ពោះទៅកាន់វឌ្ឍភាពតាមការគ្រោងទុក ,និរន្តរភាព និងឯករាជ្យដឹកជញ្ជូនផ្លូវទឹក។

តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ន ក្រោយពីបញ្ចប់ការចុះកំណត់និយាមកា បោះបង្គោលព្រំដី និងរៀបចំ ផែនទីលម្អិត តាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ទី១ រួចរាល់ បច្ចុប្បន្ននេះក្រុមការងារ អន្តរក្រសួង បាននិងកំពុងបញ្ចប់នីតិវិធី នៃការចុះវាស់វែង បង្កើតកិច្ចពិភាក្សា និងដោះស្រាយផលប៉ះពាល់ ជាក់ស្តែងជាមួយប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ទាំងអស់ តាមយន្តការនិងនីតិវិធីដែលមានជាធរមាន។ ជាមួយគ្នានេះ ក្រុមការងាររបស់CMAC បាននិងកំពុងរុករកមីន និងយុទ្ធភ័ណ្ឌដែលមិនទាន់ផ្ទុះ ដើម្បីអាចចាប់ផ្តើមការងារជីកស្តារ និងសាងសង់គម្រោង ព្រែកជីកហ្វូណនតេជោ។
អ្នកនាំពាក្យ បន្ដថា ស្របពេលជាមួយគ្នានេះដែរ ក្រុមការងារជំនាញរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានបន្តចុះប្រមូលទិន្នន័យ បង្កើតបណ្តាញប្រព័ន្ធប្រតិភីវិភាគ ផលិតផែនទីភូមិសាស្រ្ត3D ដោយប្រើប្រាស់ឧបករណ៍ដ្រូន eBee X និង ដ្រូន DJI M350 ដែលជាបច្ចេកវិទ្យាទំនើបជំនាន់ ចុងក្រោយ ទើបត្រូវបានបំពាក់បន្ថែម ដើម្បីបញ្ចប់កិច្ចការ ចុះកំណត់និយាមកា បោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិត តាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ឱ្យបានរួចរាល់ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។ ជារួម គិតចាប់ពីថ្ងៃទី៣ ខែកុម្ភៈឆ្នាំ ២០២៥ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេស របស់អគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែនៃក្រសួងសាធារណការនិងដឹកជញ្ជូន បានចំណាយរយៈពេល ៥៥ ថ្ងៃរួចមកហើយ ដើម្បីចុះប្រមូលទិន្នន័យ បង្កើត បណ្តាញប្រព័ន្ធ ប្រតិភីវិភាគ(BM)សរុបបានចំនួន ៤០ ទីតាំង និងបានបញ្ចប់ការ ថតយករូបភាព ពីលើអាកាស សម្រាប់កំណាត់ទី២ ទាំងស្រុង ហើយការថតយករូបភាពពី លើអាកាសដោយប្រើប្រាស់ ឧបករណ៍ដ្រូនផែនទីទំនើបនេះ ត្រូវបានផលិតផែនទីលម្អិត និង ផលិតផែនទីភូមិសាស្រ្ត3D សរុបលើផ្ទៃដីប្រមាណ ១៥.៨៣៦ ហិកតារួចមកហើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ កិច្ចព្រមព្រៀង និងកិច្ចសន្យា ចំនួន ៥ច្បាប់ ពាក់ព័ន្ធនឹង “គម្រោងគ្រប់គ្រងធនធានទឹក ចម្រុះហ្វូណនតេជោ” (គម្រោងព្រែកជីកហ្វូណនតេជោ) ត្រូវបានចុះហត្ថលេខា ជាផ្លូវការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនវិនិយោគ និង រវាងក្រុមហ៊ុនវិនិយោគកម្ពុជា និងក្រុមហ៊ុនវិនិយោគរបស់ភាគីចិន ។
កិច្ចព្រមព្រៀង និងកិច្ចសន្យា ទាំង ៥ ពាក់ព័ន្ធរួមមានជាអារទិ៍ ៖ (១) កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (២)កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, (៣) កិច្ចព្រមព្រៀងវិនិយោគ, (៤) កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់ និង (៥) កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។ កិច្ចព្រមព្រៀង និងកិច្ចសន្យា ទាំង ៥នេះ និងធ្វើឱ្យដំណើរការនៃការវិនិយោគ ការសាងសង់ និងប្រតិ បត្តិការណ៍ព្រែកជីកហ្វូណនតេជោប្រកបដោយភាពរលូននិងច្បាស់លាស់។
គម្រោងព្រែកជីហ្វូណនតេជោ គឺ ជាគម្រោងប្រវតិ្តសាស្រ្ត របស់កម្ពុជា ហើយត្រូវបានចាត់ទុកថា ការបោះជំហានដ៏ សំខាន់មួយ ក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាផងដែរ។
គម្រោងនេះ ត្រូវប្រារព្ធពិធីបើកការដ្ឋាន ជាផ្លូវការយ៉ាងមហោឡារិក និងអធិកអធម កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដោយមានការចូលរួមគាំទ្រ យ៉ាងកងរំពងពីសំណាក់ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ។ គម្រោងព្រែកជីកហ្វូណនតេជោនេះ ត្រូវបានរំពឹងទុកថា នឹងត្រូវបានស្ថាបនា រួចរាល់នៅអំឡុង ឆ្នាំ២០២៨ខាងមុខ៕
