ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា កម្ពុជា ពោលក្រសួងព័ត៌មាន មានសមត្ថភាពពេញលេញ ក្នុងការធ្វើរបាយការណ៍ ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ដោយខ្លួនឯង ដោយឈរនៅលើការពិត ឈរលើមូលដ្ឋាននៃបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិធីសាស្ត្រ ដែលមានចែងជាសកល ដោយមិនត្រូវការពឹងផ្អែកបរទេស ហើយរឹតតែមិនចាំបាច់ ឱ្យបរទេសធ្វើការវាយតម្លៃជំនួសកម្ពុជា អំពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជានេះឡើយ ។
ការថ្លែងបញ្ជាក់របស់លោករដ្ឋមន្ត្រី ខាងលើនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ផ្សព្វផ្សាយរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥» នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងព័ត៌មាន ។
ថ្លែងក្នុងឱកាសនោះ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា នេះជាលើកទី២ ដែលកម្ពុជា បានវាយតម្លៃ ទៅលើរង្វាស់ស្ទង់ នៃសេរីភាពសារព័ត៌មាន របស់កម្ពុជាដោយផ្ទាល់ ហើយអ្នកដែលចូលរួមសុទ្ធសឹងតែជាអ្នកសារព័ត៌មាន ជនជាតិខ្មែរ ដែលបានចូលរួមអនុវត្តកិច្ចការងារនេះដោយផ្ទាល់ នៅក្នុងការងារប្រចាំថ្ងៃ ក្នុងជំនាញជាអ្នកសារព័ត៌មាន ហើយនេះគឺជាការពិត ដែលបង្ហាញអំពីស្ថានភាពពិតប្រាកដ នៃសេរីភាពសារព័ត៌មាន នៅកម្ពុជា ដែលនិយាយដោយជនជាតិកម្ពុជា ហើយវាយតម្លៃដោយជនជាតិកម្ពុជាខ្លួនឯង ដែលមិនមែនជនបរទេសណា មកនិយាយជំនួសឱ្យកម្ពុជាទេ ។
ក្នុងឆ្នាំ២០២៥ ស្ថានភាពសេរីភាពសារព័ត៌មាន និងសណ្តាប់ធ្នាប់សារព័ត៌មាន នៅកម្ពុជា ត្រូវបានវាយតម្លៃថា មានភាពល្អប្រសើរ។ នេះជាលទ្ធផលចេញពីការសិក្សាវាស់វែង តាមបែបវិទ្យាសាស្ត្រ និងដោយការស្ទង់មតិ ក្នុងចំណោម អ្នកសារព័ត៌មាន នៅទូទាំងប្រទេសកម្ពុជា ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ ដែលក្រសួងព័ត៌មាន បានដឹកនាំ រៀបចំ និងចងក្រង ក្នុងក្របខណ្ឌនៃការធ្វើបច្ចុប្បន្នភាព ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា។ ក្នុងនោះ អ្នកសារព័ត៌មានចំនួន ៨១,៤% ក្នុងចំណោមអ្នកស្ទង់មតិសរុបចំនួន ៤៦៧នាក់ តំណាងអ្នកសារព័ត៌មានទូទាំង ប្រទេសដែលបានចូលរួម បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ ក្នុងនោះ ៧២,២% បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានស្ថានភាពល្អ ខណៈ ៩,២% បានឆ្លើយថា សេរីភាពសារព័ត៌មានមាន ស្ថានភាពល្អបំផុត។
បើទោះបីជាមានរបាយការណ៍បែបនេះក៏ដោយ ក៏លោករដ្ឋមន្ត្រី សន្និដ្ឋានបានថា នៅពេលបន្តិចទៀត នឹងមានអង្គការបរទេសមួយចំនួន នឹងធ្វើការវាយតម្លៃដាក់កម្រិតលេខរបស់កម្ពុជា ក្នុងកម្រិតទាបណាមួយជាក់ជាមិនខាន លើសេរីភាពសារព័ត៌មាននេះ ខណៈដែលលោករដ្ឋមន្ត្រីយល់ថា នេះជាសិទ្ធិរបស់របស់គេដែលចង់វាយតម្លៃមកលើកម្ពុជា ប៉ុន្តែលំហរសេរីភាពសារព័ត៌មាន នៅប្រទេសកម្ពុជា មានតែប្រជាជនកម្ពុជា និងអ្នកសារព័ត៌មានកម្ពុជា ទើបបានដឹងច្បាស់ ហើយបាននិងកំពុងតែទទួលបាននូវផល ពីអ្វីដែលជាលំហរ នៃសេរីភាពសារព័ត៌មាននៅកម្ពុជា ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ថា “របាយការណ៍ស្តីពីស្ថានភាព សេរីភាពសារព័ត៌មាន របស់យើង ចេញទី២នេះ គឺជាស្នាដៃរបស់មន្ត្រីខ្មែររបស់យើង ហើយអ្នកដែលនៅដឹកនាំធ្វើការងារនេះដោយផ្ទាល់ គឺមានជាជនបង្គោល គឺមានឯកឧត្តម ទេព អស្នារិទ្ធ ដែលជាអនុរដ្ឋលេខាធិការ ឯកឧត្តម ស្លេះ អាល់ហ្វីន ជាអនុរដ្ឋលេខាធិការ ដែលបានដឹកនាំកិច្ចការងារនេះ សម្របសម្រួលជាមួយនឹងមន្ត្រី នៃក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានរាជធានីខេត្ត នេះហើយគឺជាស្នាដៃរបស់មន្ត្រីខ្មែរ ជាកូនខ្មែរ ដោយមិនចាំបាច់ពឹងទៅលើជំនួយបរទេសទេ ពីព្រោះខ្មែររបស់យើង រហូតមកដល់ម៉ោងនេះ យើងមានសមត្ថភាព ពេញលេញហើយ នៅក្នុងការធ្វើកិច្ចការដោយខ្លួនឯង ចឹងហើយបានជាអម្បិញមិញនេះ ខ្ញុំបានលើកឡើងថា យើងកុំរងចាំពឹងទៅលើជំនួយបរទេស ពីព្រោះយើងត្រូវការកសាងប្រទេសកម្ពុជារបស់យើង ទៅជាប្រទេសដែលមានមោទនភាព និងជាប្រទេសដែលជាសង្គមរស់រវើក ប្រជាជនមានសមត្ថភាព ហើយនេះហើយ ដែលជាកិច្ចការងារមួយ ដែលបង្ហាញអំពីដំណើរនៃការវិវឌ្ឍនៃសមត្ថភាពរបស់មន្ត្រីរបស់យើង ហើយកូនខ្មែររបស់យើង ដែលយើងមានសមត្ថភាពធ្វើដូចគ្នា”៕
