ព័ត៌មានជាតិ

រដ្ឋមន្រ្តីបរិស្ថាន៖ ការបង្កកំណើតផ្កាថ្ម ក្នុងដែនសមុទ្រកម្ពុជា ជាសញ្ញាដ៏ល្អដែលបញ្ជាក់ថា សភាពបរិស្ថានសមុទ្រ កំពុងតែប្រសើរឡើង និងមានសុខភាពល្អ

ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ការបង្កកំណើតផ្កាថ្មនៅក្នុងដែនសមុទ្ររបស់កម្ពុជា ដែលបានរកឃើញជាប់ៗគ្នា២ឆ្នាំបន្តបន្ទាប់នេះ ជាសញ្ញាដ៏ល្អដែលបញ្ជាក់ថា សភាពបរិស្ថានសមុទ្រនៅកម្ពុជា កំពុងតែមានស្ថានភាពប្រសើរឡើង និងមានសុខភាពល្អ ខណៈមានការពង្រឹងសកម្មភាពអភិរក្ស និងការត្រួតពិនិត្យសកម្មភាពដែលប៉ះពាល់បរិស្ថានសមុទ្រ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានឲ្យដឹងថា ការអភិរក្សផ្កាថ្ម និងការបន្តពូជផ្កាថ្ម ជាសកម្មភាពដ៏សំខាន់ក្នុងការការពារបរិស្ថានសមុទ្រ ដោយផ្កាថ្មមានតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូស៊ីសមុទ្រ ជម្រកសត្វសមុទ្រ បង្កើនតម្លៃសេដ្ឋកិច្ចតាមរយៈទេសចរណ៍ និងនិរន្តភាពនៃការនេសាទ។

លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា នេះបង្ហាញពីជោគជ័យនៃការអភិរក្សធនធានធម្មជាតិ និងការគ្រប់គ្រងបរិស្ថានយ៉ាងមានប្រសិទ្ធភាព ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា ព្រមទាំងការចូលរួមយ៉ាងសកម្មរបស់រដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធទាំងអស់ដែលជាសេនាធិការ អនុវត្តយុទ្ធសាស្ត្រអភិរក្ស និងអភិវឌ្ឍន៍បរិស្ថានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

សូមបញ្ជាក់ថា អង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា សហការជាមួយ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការគាំទ្រពី Bubbles Up Dive Centre, Khmer Dive Group និងមូលនិធិសង្សារ បានបន្តធ្វើការ សិក្សាស្រាវជ្រាវអំពីការបង្កកំណើតរបស់ផ្កាថ្មប៉ប្រះទឹក នៅប្រជុំកោះរ៉ុងនៃប្រទេសកម្ពុជា នៅក្នុងអំឡុងខែកុម្ភៈ និង ខែមីនា ឆ្នាំ២០២៥ តាមការព្យាករណ៍ថាជារដូវបង្កកំណើតរបស់ផ្កាថ្ម។

នេះជាឆ្នាំទី២ហើយដែលក្រុមការងារ ចុះស្រាវជ្រាវអំពីការបង្កកំណើតរបស់ផ្កាថ្មនៅសមុទ្រកម្ពុជា បន្ទាប់ពីបានរកឃើញជាលើកដំបូងនៅឆ្នាំ២០២៤ ហើយត្រូវបានរកឃើញសារជាថ្មីម្តងទៀត នៅក្នុងឆ្នាំ២០២៥។ ការរកឃើញការបង្កកំណើតផ្កាថ្មជាលើកទី២ នៅក្នុងឆ្នាំ២០២៥នេះ បានបង្ហាញពីភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិ រក្សរួមគ្នារបស់ក្រសួង ស្ថាប័ន អាជ្ញាធរ និងអង្គការពាក់ព័ន្ធ ដែលបង្កលក្ខណៈអំណោយផល ដល់ការរស់រានមានជីវិត របស់ផ្កាថ្មប៉ប្រះទឹកនៅប្រជុំកោះរ៉ុង ជួយឱ្យផ្កាថ្មមានភាពធន់ និងមានសុខភាពល្អ បើទោះបីជាផ្កាថ្មនៅតំបន់នេះ ធ្លាប់ទទួលរងផលប៉ះពាល់ពីព្រឹត្តិការណ៏នៃផ្កាថ្មប្រែពណ៌ស (Coral Bleaching Event) ក្នុងឆ្នាំ២០២៤ ក៏ដោយ។ ក្រុមការងារកំពុងបន្តតាមដានសុខភាព និងស្ថានភាពនៃផ្កាថ្ម នៅក្នុងដែនសមុទ្រកម្ពុជាយ៉ាងយកចិត្តដាក់ ដើម្បីយល់ដឹងនិងកត់ត្រាទិន្នន័យ អំពីការបង្កកំណើតរបស់ផ្កាថ្ម ដើម្បីជាទុនក្នុងការតាមដានដំណើរការនៃការបន្តពូជ និងការរស់រានមានជីវិតរបស់ផ្កាថ្មនៅក្នុងតំបន់ ៕

To Top