ព័ត៌មានជាតិ

សហជីពនៅកម្ពុជាថា រាជរដ្ឋាភិបាល បានលើកកម្ពស់លក្ខខណ្ឌការងារ ឱ្យកាន់តែមានស្ដង់ដារខ្ពស់ ដូចបណ្ដាប្រទេស នៅក្នុងតំបន់ដែរ

ភ្នំពេញ៖ សហជីពនៅកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ពង្រឹងជំនាញបច្ចេកទេសវិជ្ជាជីវៈ បង្កើនផលិតភាព ការងារដែលមានភាពបត់បែនខ្ពស់ ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ ឱ្យកាន់តែមានស្ដង់ដារខ្ពស់ដូចបណ្ដាប្រទេស នៅក្នុងតំបន់ដែរ។

លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា (NLC)បានថ្លែងថា៖«រាជរដ្ឋាភិបាលតាមរយៈឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺបានបង្ហាញការ តាំងចិត្ត និងយុទ្ធសាស្រ្តជាច្រើន ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ ការគោរពសិទ្ធិសេរីភាព របស់កម្មករនិយោជិត ដែលជាអាទិភាពដ៏សំខាន់បំផុត » ។

លោកបន្តថា៖«រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណា ពង្រឹង ជំនាញបច្ចេកទេសវិជ្ជាជីវៈ បង្កើនផលិតភាពការងារ ដែលមានភាពបត់បែនខ្ពស់ ក្នុងការឆ្លើយតប នឹងតម្រូវការទីផ្សារអន្តរជាតិ ជាពិសេសលើកកម្ពស់លក្ខខណ្ឌការងារ ឱ្យកាន់តែមានស្ដង់ដារខ្ពស់ ដូចបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ីដែរ» ។

បើតាមលោក សំ សឿន បានឱ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការ យុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ(២០២៤-២០២៨)របស់ខ្លួន ដើម្បីធានាការអនុវត្តលក្ខខណ្ឌស្តង់ដាការងារ សិទ្ធិសេរីភាពសហជីព សិទ្ធិរបស់កម្មករ និយោជិត និងធានាសុខមាលភាពរបស់កម្មករនិយោជិត និងទេសន្តរប្រវេសករ រួមទាំងការផ្តល់ទស្សន វិស័យសេដ្ឋកិច្ចទីផ្សារការងារផងដែរ ។

លោកបានសង្កត់ធ្ងន់ថា កម្ពុជា មិនមែនជាប្រទេសដែលអាក្រក់ដូច ដែលគេបានចោទនោះទេ កម្ពុជាតែងតែប្រៀបធៀបខ្លួនឯង ជាមួយប្រទេសដទៃផ្សេងទៀត ហើយមានអង្គការអន្តរជាតិខាងការងារ (ILO), គម្រោងប៊ីហ្វែសស៊ី (BFC) និងម្ចាស់ពាណិជ្ជសញ្ញា (Brand)ទាំងអស់ជាសាក្សីថា កម្ពុជាអនុវត្តន៍បានល្អយ៉ាងណាខ្លះ ក្នុងរយៈពេល២០ឆ្នាំមកនេះពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ និងសេរីភាពរបស់អង្គការវិជ្ជាជីវៈ ។

ចំពោះលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជា ពន្លឺកម្មករបានថ្លែងថា៖«ផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់រាជរដ្ឋាភិបាល ដែលមានបង្កើតទារកដ្ឋាននៅ តាមតំបន់រោងចក្រ និងការបង្កើតឱ្យមានការប្រកួតប្រជែង«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» គឺសុទ្ធសឹងតែជាផែនការលើកកម្ពស់ ទំនួលខុសត្រូវសង្គម និងពង្រឹងប្រសិទ្ធភាព និងគុណភាពស្របតាមស្ដង់ដារ អន្តរជាតិដូចទៅនឹងបណ្ដារប្រទេសក្នុងតំបន់ដែរ»។

លោកបន្តថា ការផ្តល់ការបណ្តុះបណ្តាល ជំនាញបច្ចេកទេសវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១.៥លាននាក់ជាមួយនឹង ប្រាក់ឧបត្ថម និងការផ្តល់ឱ្យកម្មករនិយោជិតមានឱកាសសិក្សា ដើម្បីបង្កើនសមត្ថភាព និងសិក្សាជំនាញថ្មីក៏ជាអ្វី ដែលរដ្ឋាភិបាលកម្ពុជាបានគិតគូ ហើយក៏ជាផ្នែកមួយចង់ឱ្យមានគុណភាព ទទួលស្គាល់ស្ដង់ដារទាំងការងារ និងផលិតផលដោយអន្តរជាតិ។

លើសពីនេះ លោកបានកត់សម្គាល់ឃើញថា កម្ពុជាបានត្រៀមនូវអ្វី ដែលជាកញ្ចប់ឆ្លើយតបទៅនឹងផលប៉ះ ពាល់ណាមួយដែលប៉ះពាល់ទៅលើវិស័យ ពាណិជ្ជកម្មកម្ពុជា ដោយសារតែការសម្រេចចិត្តដោយអយុត្តិធម៌ណាមួយ។ ការលើកកម្ពស់លក្ខខណ្ឌការងារ ការគោរពសេរីភាពកម្មករនិយោជិត វាគឺជាអាទិភាព ដូច្នេះបានជាកម្ពុជាភ្ជាប់ ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ ។

សហជីពលើកឡើងថា ក្នុងរយៈពេល២០ឆ្នាំមកនេះ កម្ពុជាមិនបានងាកចេញ ពីគោលនយោបាយនេះទេ ដែលសបញ្ជាក់យ៉ាងច្បាស់ ពីភាពចាំបាច់នៃការធានាលក្ខខណ្ឌការងារ សេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា ដើម្បីធានាថាផលិតផលដែលផលិតបាននៅកម្ពុជា គឺជាផលិតផលដែលមានភាព ស្អាតស្អំ និងគោរពតាមស្ដង់ដារអន្តរជាតិ ។
ចំណែកអនុសញ្ញាអន្តរជាតិនានា ដែលកម្ពុជាបានផ្ដល់សច្ចាប័ន កម្ពុជានៅតែបន្តពិនិត្យ និងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ ILO បើទោះបីគេមិនជឿលើកម្ពុជា ក៏គេជឿលើអ្វីដែលជាយន្តការ របស់អង្គការ ILO ដែលកំពុងតែអនុវត្តនៅកម្ពុជានេះស្រាប់។

ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារ ដើម្បីឱ្យឆ្លើយតបនឹងបម្រែបម្រួល រចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម និងបច្ចេកវិទ្យា ក៏ដូចជាជំរុញ កំណើនសេដ្ឋកិច្ច និងពង្រឹងសុខុមាលភាពសង្គម តាមរយៈការចូលរួមយ៉ាង សកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយជាតិសំខាន់ៗ មួយចំនួនដែលរាជរដ្ឋាភិបាលបានដាក់ចេញកន្លងមក៕

To Top