ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា កម្ពុជា បានយកចិត្តទុកដាក់លើការ កាត់បន្ថយអត្រាឆ្លងរាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍ ដោយគិតចាប់ពីឆ្នាំ១៩៩៦មក អត្រាឆ្លងមេរោគអេដស៍បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។
ការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យលោកស្រី Winnie Byanyima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការ UNAIDS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួបនេះ, លោកស្រី Winnie Byanyima បានសម្តែងការកោតសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ និងសមិទ្ធផលលេចធ្លោជាច្រើនរបស់កម្ពុជា ។ លោកស្រី អគ្គលេខាធិការរង បានកោតសរសើរ ជាពិសេសចំពោះការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍និងជំងឺអេដស៍។ លោកជំទាវបានបន្តថា កម្ពុជាបានសម្រេចគោលដៅសកលចំនួន ២ ជាមួយលទ្ធផល ៩២-១០០-៩៨ ក្នុងចំណោមគោលដៅសកល ទាំងបី ៩៥-៩៥-៩៥ ( ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាពផ្ទុកមេរោគ អេដស៍ របស់ពួកគេ, ៩៥% នៃអ្នកបានដឹងពីស្ថានភាពមេរោគអេដស៍ របស់ខ្លួនបានទទួលការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍, ៩៥% នៃអ្នកបានទទួលការព្យាបាលមានបន្ទុកមេរោគអេដស៍) របស់អង្គការសហប្រជាជាតិ និងបានកាត់បន្ថយអត្រាឆ្លង មេរោគអេដស៍ថ្មីជាបន្តបន្ទាប់។

លោកស្រី Winnie Byanyima បានគូសបញ្ជាក់ថា លទ្ធផលជោគជ័យរបស់កម្ពុជាក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ មិនត្រឹមតែបានកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង ក្នុងតំបន់ និង ជាសកល ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺឆ្លងនានា ។ បន្ថែមលើនេះ, លោកស្រី អគ្គលេខាធិការរង បានវាយតម្លៃខ្ពស់ ចំពោះកម្ពុជា ដែលជាប្រទេសមួយបានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត ប្រកបដោយមហិច្ឆតាលើការងារប្រយុទ្ធប្រឆាំង នឹងមេរោគអេដស៍ និងជំងឺអេដស៍។

លោកស្រី បានបញ្ជាក់ជាថ្មីថា UNAIDS នឹងបន្តគាំទ្រកម្ពុជាបន្ថែមទៀត ដើម្បីឈានទៅសម្រេចផែនការយុទ្ធសាស្ត្រដែលបានដាក់ចេញ ហើយអង្គការសហប្រជាជាតិនឹងបន្តភាពជាដៃគូជាមួយកម្ពុជា ដើម្បីរួមគ្នាសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ជាការឆ្លើយតប, សម្តេចបវរធិបតី បានថ្លែងអំណរគុណអង្គការសហប្រជាជាតិ ចំពោះការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះ UNAIDS ដែលបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅកម្ពុជា។
សម្តេចបវរធិបតី បានគូសបញ្ជាក់ពីការយក ចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍តាមរយៈការដាក់ចេញ នូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាច្រើន ហើយថ្មីៗនេះ កម្ពុជាទើបតែបានដាក់ចេញ នូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ សម្តេចបវរធិបតី បានលើកឡើងថា «កម្ពុជាបានយកចិត្តទុកដាក់លើការកាត់បន្ថយអត្រាឆ្លងរាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ដោយគិតចាប់ពីឆ្នាំ១៩៩៦មក អត្រាឆ្លងមេរោគអេដស៍បានធ្លាក់ចុះគួរឱ្យកត់សម្គាល់»។
សម្តេចបវរធិបតី បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានផ្ដោតអាទិភាពខ្ពស់លើការពង្រឹងវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់ សុខុមាលភាពប្រជាពលរដ្ឋ ។ រាជរដ្ឋាភិបាល បានពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល, កសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការពង្រឹង សមត្ថភាពមណ្ឌលសុខភាព ដេីម្បីពង្រីកសេវាសុខាភិបាលឱ្យកាន់តែជិតប្រជាពលរដ្ឋ។ សម្តេចបវរធិបតី បានសង្កត់ធ្ងន់ថា «នៅពេលដែលយើង និយាយពីការកសាងមូលធនមនុស្ស យើងត្រូវយកចិត្តទុកដាក់លើសុខភាពរបស់ប្រជាពលរដ្ឋ»។
ក្នុងជំនួបនោះដែរ, សម្តេចបវរធិបតី បានគូសបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយ UNAIDS ដើម្បីបន្តពង្រឹងវិស័យសុខាភិបាលរបស់កម្ពុជា ជាពិសេស ពង្រឹងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។
សម្តេចបវរធិបតី បានលើកទឹកចិត្តដល់ UNAIDS ឱ្យបន្តភ្ជាប់ទំនាក់ទំនងឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីរួមគ្នាបន្តសម្រេចគោលដៅក្នុងការឆ្លើយតបទៅនឹងគោលដៅសកលទាំងបីរបស់អង្គការសហប្រជាជាតិក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍៕
