ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលទាំងអាណត្តិមុននិងអាណត្តិថ្មីនេះ ពុំមានគោលការណ៍លក់ ឬដោះដូរដីធ្លីទីតាំងព្រលានយន្តពោធិ៍ចិនតុងទៅក្រុមហ៊ុនឯកជននោះទេ។
ការមានប្រសាសន៍របស់សម្តេចធិបតីនេះ ក្រោយសម្តេចបានឃើញប្រជាពលរដ្ឋលើកយកប្រធានបទអំពីការបិទព្រលានយន្តអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុងនាពេលខាងមុខថា រាជរដ្ឋាភិបាលមានគម្រោងលក់ព្រលានយន្តហោះពោធិ៍ចិនតុងទៅឲ្យក្រុមហ៊ុនឯកជនតាំងពី១៥ឆ្នាំមុនមកម្ល៉េះ ។ ត្រង់ចំណុចនេះ ថ្លែងចេញពីក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុ នាថ្ងៃ១៦ ឧសភា សម្តេចធិបតីបានមានប្រសាសន៍អះអាងយ៉ាងច្បាស់ៗថា ទាំងសម្តេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្រ្តី និងសម្តេចផ្ទាល់ពុំបានដឹងលឺពីការលក់ឬដោះដូរព្រលានយន្តហោះពោធិ៍ចិនតុង ជាថ្នូនឹងអ្វីមួយនោះទេ ដូច្នេះបានសម្តេចលើកជាសំណូមពរទៅកាន់សាធារណជនកុំឲ្យមានការយល់ច្រឡំបន្តទៀត ។

សម្តេចធិបតីគូសបញ្ជាក់យ៉ាងច្បាស់ដើម្បីកុំឲ្យមហាជនខ្មែរយល់ច្រឡំថា ក្រោយមានការបិទព្រលានយន្តហោះចាស់ដែលជាព្រលានយន្តហោះពោធិ៍ចិនតុងនោះ គឺដីធ្លីនៅតំបន់ព្រះលានយន្តពោធិ៍ចិនតុង គ្មានការលក់ទៅឲ្យក្រុមហ៊ុនណាមួយដើម្បីអភិវឌ្ឍន៍អចលនទ្រព្យអ្វីនោះទេ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាកាសចរណ៍ស៊ីវិលដដែល ដែលជាសេនាធិការរបស់រដ្ឋ ដោយទុកដីនៅតំបន់នោះដើម្បីបម្រើផលប្រយោជន៍សាធារណៈជន ។
សម្តេចធិបតីបន្ថែមទៀតថា ម្យ៉ាងទៀត ទីតាំងព្រលានយន្តពោធិ៍ចិនតុងរដ្ឋនឹងរក្សាតម្លៃជាប្រវត្តិសាស្រ្តមិនឲ្យបាត់បង់ទៅណាឡើយ ព្រោះជាស្នាព្រហស្តរបស់អតីតព្រះមហាក្សត្រកម្ពុជា គឺព្រះបរមរតនកោដ្ឋដែលបានបម្រើដល់វិស័យដឹកជញ្ជូនផ្នែកអាកាសរាប់ទសវត្សមកហើយ ។
សម្តេចធិបតីមានប្រសាសន៍ថា “អីចឹងអ្នកដែលនិយាយ អ្នកជជែកគ្នា ខ្ញុំសូមឲ្យបញ្ចប់ ម៉ោងនេះ ស្មើនេះ គឺគ្មានគោលការណ៍ ហើយពីមុនមកគឺគ្មានគោលការណ៍កន្លែងណាដែលថាសម្រេចលក់ព្រលានយន្តហោះ(ព្រលានយន្តហោះពោធិ៍ចិនតុង)នេះ ឲ្យទៅឯកជននោះទេ ។ សំណួរសួរថា មានអត់ ឆ្លើយខ្លីថា អត់មាន មិនដែលមានទេ ហើយក៏គ្មានគម្រោងក្នុងការលក់ព្រលានយន្តហោះនេះដែរ។ សូមបញ្ជាក់ឲ្យច្បាស់”។
កាលពីប៉ុន្មានថ្ងៃមុន អ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានអះអាងថា បើសិនគ្មានការប្រែប្រួលអ្វីនោះទេ ព្រលានយន្តហោះពោធិ៍ចិនតុងនឹងបិទដំណើរការទាំងស្រុង នៅរាត្រីថ្ងៃ៩ឈានចូលថ្ងៃ១០កក្កដា ខាងមុខស្របពេលព្រលានយន្តអន្តរជាតិតេជោ នៅស្រុកកណ្តាលស្ទឹងជាប់ព្រំប្រទល់ជាមួយក្រុងតាខ្មៅនឹងបើកសម្ពោធ ហើយប្រតិបត្តិការទាំងអស់ នឹងត្រូវរុះរើទាំងស្រុង ទៅកាន់ព្រលានយន្តហោះអន្តរជាតិ តេជោតាមការគ្រោងទុក។
សូមបញ្ជាក់ថា អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង ចាប់ផ្តើមកសាងជាលើកដំបូងដោយបារាំងនៅឆ្នាំ១៩៥៧ រួចធ្វើពិធីសម្ពោធនៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៥៩ ។ ប៉ុន្តែ ដើម្បីឆ្លើយតបនឹងកំណើន ចំនួនអ្នកធ្វើដំណើរ អាកាសយាន្តដ្ឋានត្រូវបាន បើកការដ្ឋានរុះរើសាងសង់ជាថ្មីឡើងវិញ នៅឆ្នាំ១៩៩៥ ដោយក្រុមហ៊ុន SCAរបស់បារាំង ។ អាកាសយានដ្ឋានដែលត្រូវបានសាងសង់ រួចរាល់ជាស្ថាពរនៅឆ្នាំ២០០២ មានលទ្ធភាពទទួលអ្នកដំណើរ បាន៥លាននាក់ក្នុង១ឆ្នាំៗ ។ អាកាសយានដ្ឋាន អន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះ ទៅជាអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៣៕
