បរទេស៖ សម្រាប់អ្នកទេសចរណាម្នាក់ ទៅកាន់ទីក្រុងដ៏រស់រវើកនៃទីក្រុង តែល អាវីវ (Tel Aviv) សារមន្ទីរ Ben Gurion គឺជាគោលដៅ ដែលមិនគួររំលង ជាពិសេសសម្រាប់អ្នក ដែលកំពុងស្វែងរកស្វែង យល់ពីប្រវត្តិសាស្ត្រ និងបេតិកភណ្ឌរបស់អ៊ីស្រាអែល ។ Ben Gurion មិនត្រឹមតែជាសារមន្ទីរធម្មតាប៉ុណ្ណោះទេ វាថែមទាំងជាវិមានរស់រាន មានជីវិត បង្កើតឡើងវិញនូវជីវិត និងអាជីពរបស់លោក David Ben Gurion ដែលជាស្ថាបនិកនៃរដ្ឋអ៊ីស្រាអែល និងជានាយករដ្ឋមន្ត្រីទីមួយ នៃប្រទេសនេះ។
យោងតាមសារព័ត៌មាន THE GIOI AND VIET NAM ចេញផ្សាយកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា សារមន្ទីរ David Ben Gurion មិនត្រឹមតែបង្ហាញអនុស្សាវរីយ៍ផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀបរាប់អំពីជីវិត និងអាជីពរបស់មេដឹកនាំដ៏សំខាន់បំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ នៃរដ្ឋអ៊ីស្រាអែលថែមទៀត។
សារមន្ទីរមិនត្រឹមតែផ្តោតលើមេដឹកនាំ Ben Gurion ប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវទិដ្ឋភាព ដ៏ទូលំទូលាយ អំពីការបង្កើតរដ្ឋអ៊ីស្រាអែល ដោយពណ៌នាអំពីបញ្ហាប្រឈម ដែលប្រទេសនេះបានជួបប្រទះក្នុងដើមឆ្នាំ ចាប់ពីការតស៊ូទាមទារឯករាជ្យ រហូតដល់ការកសាងប្រទេស ក្នុងបរិបទនយោបាយដ៏ច្របូកច្របល់។
មានទីតាំងនៅផ្ទះ ដែលនាយករដ្ឋមន្រ្តី Ben Gurion រស់នៅកំឡុងឆ្នាំចុងក្រោយរបស់គាត់ សារមន្ទីរគឺផ្តល់ ឱ្យអ្នកទស្សនា នូវបទពិសោធន៍ពិសេសមួយ ដែលអនុញ្ញាត ឱ្យពួកគេឈានជើង ចូលទៅក្នុងលំហរស់នៅ របស់មេដឹកនាំដ៏សំខាន់បំផុតមួយនៃសតវត្សទី 20 ។
ការដាក់តាំងបង្ហាញមានចាប់ពីការសរសេរ រូបថត ការថតសំឡេង រហូតដល់របស់ផ្ទាល់ខ្លួនរបស់លោក Ben Gurion និងសហសម័យរបស់គាត់ ដែលជួយឱ្យអ្នកទស្សនាយល់កាន់តែច្បាស់អំពីគោលនយោបាយ ចក្ខុវិស័យ និងឥទ្ធិពលរបស់គាត់លើការអភិវឌ្ឍន៍រដ្ឋអ៊ីស្រាអែល។
ក្នុងដំណើរការសិក្សាអំពីនាយករដ្ឋមន្ត្រីដំបូង របស់អ៊ីស្រាអែល អ្នកយកព័ត៌មានវៀតណាមនៅអ៊ីស្រាអែល បានរកឃើញទំនាក់ទំនងពិសេសរវាង ប្រធានាធិបតីវៀតណាម ហូ ជីមិញ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Ben Gurion។
យោងតាមឯកសារ និងរបាយការណ៍សារព័ត៌មាន របស់អ៊ីស្រាអែល មេដឹកនាំទាំងពីរមានឱកាសជួបគ្នានៅឆ្នាំ ១៩៤៦ នៅសណ្ឋាគារ Royal Monceau ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នៅពេលដែលអ្នកទាំងពីរកំពុង ស្វែងរកការគាំទ្រពីអន្តរជាតិសម្រាប់ការតស៊ូ ដើម្បីឯករាជ្យរបស់ប្រជាជន។
ដោយមានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងប្រវត្តិសាស្ត្រ និងស្មារតីនៃការតស៊ូដែលមិនអាចប្រកែកបានដើម្បីសេរីភាព មេដឹកនាំទាំងពីរមានការសន្ទនាយ៉ាងស្និទ្ធស្នាលដែលមានរយៈពេលប្រហែលពីរសប្តាហ៍។ នៅពេលនោះ លោក Ben Gurion ដែលជាប្រធានទីភ្នាក់ងារជ្វីហ្វ កំពុងសញ្ជឹងគិត អំពីជំហានបន្ទាប់របស់អង្គការរបស់គាត់ បន្ទាប់ពី “Black Saturday” – ការចាប់ខ្លួនជនជាតិជ្វីហ្វចំនួន ៣.០០០ នាក់ និងការបិទអគារទីភ្នាក់ងារជ្វីហ្វ។
ទីក្រុងប៉ារីស នៅដើមឆ្នាំក្រោយសង្គ្រាម គឺជាមជ្ឈមណ្ឌលនៃចលនា Zionist នៅអឺរ៉ុប ដែលលោក Ben Gurion បានជួយសម្របសម្រួលការ ធ្វើចំណាកស្រុកនៃអ្នករស់រានមានជីវិតពីការសម្លាប់រង្គាល ដែលគាត់សង្ឃឹមថានឹងរួម ចំណែកដល់ការបង្កើតរដ្ឋជ្វីហ្វថ្មីមួយ។
គួរឱ្យចាប់អារម្មណ៍ បន្ទប់របស់ប្រធានហូជីមិញ ស្ថិតនៅពីលើបន្ទប់របស់នាយករដ្ឋមន្ត្រី Ben Gurion នៅសណ្ឋាគារ Le Royal Monceau។ រដូវក្តៅនោះ ប្រធានហូជីមិញបានទៅទីក្រុងប៉ារីស ដើម្បីចូលរួមក្នុងការចរចា Fontainebleau ស្តីពីឯករាជ្យរបស់វៀតណាម។
យោងតាមដំណើររឿងក្រោយរបស់នាយករដ្ឋមន្ត្រី Ben Gurion ទៅកាន់អតីតអ្នកកាសែតអ៊ីស្រាអែលដ៏ល្បីល្បាញ Maariv Shmuel Segev ដែលក្រោយមកបានសរសេរសៀវភៅអំពីប្រទេសវៀតណាម ក្នុងអំឡុងពេលពីរសប្តាហ៍នោះ លោក និងលោកប្រធាន ហូជីមិញបាន ជួបប្រជុំគ្នាជារៀងរាល់ថ្ងៃ ដើម្បីផ្លាស់ប្តូរទស្សនៈលើផ្លូវឆ្ពោះ ទៅរកឯករាជ្យភាព សម្រាប់ជាតិរបស់ពួកគេ។
លោកបានរំលឹកថា “គាត់ (ប្រធានហូជីមិញ) បានផ្តល់ចំណាប់អារម្មណ៍ដល់ប្រជាជនថា ជាមនុស្សគួរឲ្យស្រលាញ់ មេដឹកនាំជាតិនិយម តស៊ូដើម្បីឯករាជ្យជាតិរបស់ប្រជាជន”។
នាយករដ្ឋមន្ត្រី Ben Gurion ក៏បានរៀបរាប់ពីរបៀបដែលគាត់អាចវិនិច្ឆ័យវឌ្ឍនភាពនៃការចរចាររបស់វៀតណាមជាមួយបារាំងដោយប្រវែងនៃកម្រាលព្រំក្រហមនៅមុខបន្ទប់របស់លោកពូ ហូ។ ដំបូង កំរាលព្រំក្រហមលាតសន្ធឹងពីផ្លូវទៅកាន់ទ្វារបន្ទប់… ជាដំណាក់កាលៗ កម្រាលព្រំក្រហមត្រូវបានដកចេញ ពីចិញ្ចើមផ្លូវខាងក្រៅ កន្លែងទទួលភ្ញៀវ និងជណ្តើរ។ នៅពេលដែលកំរាលព្រំនៅខាងក្រៅ ទ្វាររបស់គាត់ត្រូវបានដកចេញ គាត់ដឹងថាការចរចាបានបរាជ័យ។
ប៉ុន្មានម៉ោងក្រោយមក ប្រធានហូជីមិញបានមកបន្ទប់របស់គាត់ដើម្បីនិយាយលា មើលទៅហត់នឿយ និងខកចិត្ត។ គាត់បានប្រាប់នាយករដ្ឋមន្រ្តី Gurion ថា “គ្មានអ្វីនៅសល់ក្រៅពីការប្រយុទ្ធ” ។ ប៉ុន្មានខែក្រោយមក សង្រ្គាមឥណ្ឌូចិនលើកទីមួយបានចាប់ផ្តើមរវាងកងកម្លាំងវៀតណាម និងបារាំង។
ទោះបីជាវាមិនបាននាំទៅ រកកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាម និងអ៊ីស្រាអែលនាពេលនោះក៏ដោយ ប៉ុន្តែជំនួបនេះគឺជាសក្ខីភាពមួយចំ ពោះចក្ខុវិស័យអន្តរជាតិ និងសាមគ្គីភាព របស់ប្រធានហូជីមិញ ជាមួយនឹងចលនារំដោះជាតិ ជុំវិញពិភពលោក។ ជាមួយគ្នានេះ នេះក៏បានបង្ហាញឱ្យឃើញថា មេដឹកនាំទាំងពីរគឺជាអ្នកបដិវត្តន៍ដែលមានឧត្តមគតិ និងគោលដៅឯករាជ្យជាតិច្បាស់លាស់។
សម្រាប់ជនជាតិអ៊ីស្រាអែលជាច្រើន ទោះបីពួកគេមិនធ្លាប់ទៅប្រទេសវៀតណាមក៏ដោយ លោកប្រធានហូជីមិញ គឺជាបុគ្គលប្រវត្តិសាស្ត្រដ៏អស្ចារ្យដែលមានឥទ្ធិពលអន្តរជាតិ។ តាមពួកគេ ប្រធានហូជីមិញ ជាមេដឹកនាំដែលមានភាពធន់ ឆ្លាតវៃ និងមើលឃើញវែងឆ្ងាយ។ លោកមិនត្រឹមតែតស៊ូដើម្បីឯករាជ្យជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំផុសចលនារំដោះជាតិផ្សេងទៀតជុំវិញពិភពលោកថែមទៀត។
រឿងរ៉ាវនៃការតស៊ូ ការលះបង់ និង ការតាំងចិត្តរបស់គាត់ គឺអាចជាការបំផុសគំនិតដល់មនុស្ស ជាច្រើននៅក្នុងប្រទេសផ្សេងៗគ្នា រួមទាំងអ៊ីស្រាអែលផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
