ព័ត៌មានជាតិ

កម្ពុជា បោះជំហានលើមាគ៌ាបៃតង ឆ្ពោះទៅរកអព្យាក្រឹត្យកាបូន និងការអភិវឌ្ឍប្រកបដោយចីរភាព

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងវេទិកា ដ៏សំខាន់មួយស្តីពី «មាគ៌ាបៃតង៖ ទំនាក់ទំនងរវាងការគ្រប់គ្រង តំបន់ទេសភាពជាមួយនឹង ធនធានជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីសម្រាប់អនាគត ប្រកបដោយចីរភាព» លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា កម្ពុជាកំពុងបោះជំហានយ៉ាងម៉ឺងម៉ាត់ លើមាគ៌ាបៃតង ឆ្ពោះទៅរកអព្យាក្រឹត្យកាបូន និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបណ្ឌិត បានថ្លែងបន្តថា កម្ពុជាបាននិងកំពុងចូលរួមយ៉ាងសកម្ម និងស្មើមុខស្មើមាត់ ជាមួយសហគមន៍អន្តរជាតិក្នុងកិច្ចការពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ការផ្សារភ្ជាប់គោលនយោបាយ បរិស្ថានជាតិ និងសកល ជាមួយនឹងការអនុវត្តជាក់ស្តែង នៅតាមមូលដ្ឋាន គឺជាគន្លឹះដ៏សំខាន់ក្នុងការបង្កើនសមត្ថភាព និងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន តាមរយៈការអភិវឌ្ឍ នៅនឹងកន្លែង។ ឧទាហរណ៍ជាក់ស្តែងរួមមាន ការអភិវឌ្ឍនៅតំបន់ភ្នំគូលែន គិរីរម្យ និងភ្នំខ្នងផ្សារ ដែលធ្វើឡើងស្រប តាមអនុសាសន៍ណែនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ក្រុមការងារមូលនិធិបរិស្ថានសកល (GEF) ក៏បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោងរបស់កម្ពុជា ជាពិសេសក្រសួងបរិស្ថាន។ តាមរយៈវេទិកានេះ និងកិច្ច សហប្រតិបត្តិការនានា កម្ពុជានឹងបន្តចែករំលែកលទ្ធផល បទពិសោធន៍ និងគំនិតថ្មីៗ ដើម្បីលើកកម្ពស់ការគ្រប់គ្រង តំបន់ការពារទេសភាព ការការពារ និង អភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងរួមចំណែកដល់ចក្ខុវិស័យកម្ពុជា ជាប្រទេសអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។

លោក រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី Allisar Chaker នាយកប្រចាំប្រទេសកម្ពុជារបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) មូលនិធិបរិស្ថាន សកល (GEF) និងដៃគូពាក់ព័ន្ធផ្សេងទៀតដូចជា Wildlife Alliance, WCS, CI ចំពោះការគាំទ្ររបស់ពួកគេ ក្នុងការជំរុញការផ្លាស់ប្តូរឆ្ពោះទៅរកឯករាជ្យភាព ភាពធន់ដោយខ្លួនឯង និងការចូលរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។

ទន្ទឹមនឹងការងារអភិរក្សធនធានធម្មជាតិ ក្រសួងបរិស្ថានក៏ផ្តោតលើការអភិវឌ្ឍសហគមន៍ តាមរយៈគំនិតផ្តួចផ្តើមឱ្យមានគម្រោងស្រូវ និងការចិញ្ចឹមសត្វ (គោ ក្របី ជ្រូក មាន់ ត្រី) រួមទាំង ការលើកកម្ពស់ការដាំបន្លែ និងផ្សិត ដើម្បីកសាងជីវភាពប្រកបដោយនិរន្តរភាព។ ដែលនេះជាដំណោះស្រាយរួមគ្នា ជាមួយវិស័យជាច្រើនដូចជា ឧស្សាហកម្ម ថាមពល កសិកម្ម រុក្ខាប្រមាញ់ សំណល់ និងទឹក ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ និងសហគមន៍។

លើសពីនេះ កម្ពុជាក៏បានជំរុញគោល នយោបាយអាកាសធាតុ និងជីវៈចម្រុះ: ក្រសួងបានសម្រេចការងារជាច្រើនដូចជា៖ ផែនការយុទ្ធសាស្ត្រឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣ (នឹងប្រកាសផ្លូវការថ្ងៃទី២២ ឧសភា)។ របាយការណ៍ជាតិ២ឆ្នាំម្តង (BTR) ជូនលេខាធិការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។ ផែនការបង្ហាញផ្លូវជាតិក្នុងការកាត់បន្ថយឧស្ម័នមេតានកម្ពុជា (Cambodia Methane Road) ជូន UNFCCC។ និងបានកំពុងរៀបចំផែនការជាតិរួមចំណែកការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC3.0) និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ និងផែនការសកម្មជាតិស្តីពីជីវៈចម្រុះ (NBSAP)។

កម្ពុជា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ)៕

To Top