ភ្នំពេញ ៖ លោកបណ្ឌិង យង់ ពៅ អ្នកវិភាគនយោបាយ និង សង្គមកម្ពុជា បានសាទរចំពោះ ការរក្សាទុកនូវព្រលានយន្តហោះពោធិ៍ចិនតុង សម្រាប់បម្រើប្រយោជន៍សាធារណៈ ព្រោះបានរក្សាតម្លៃ ជាប្រវត្តិសាស្ត្រ និងបិទបញ្ចប់ការទាញភ្ជាប់ អនាគតព្រលានយន្តហោះពោធិ៍ចិនតុង ទៅនឹងរឿងនយោបាយ ។

ការលើកឡើងរបស់លោកបណ្ឌិតនេះ បន្ទាប់ពីក្រុមអ្នកវិភាគ និងក្រុមប្រឆាំងបានលើកយកមកធ្វើជាប្រធាន វែកញែកចោទប្រកាន់រាជរដ្ឋាភិបាល ជុំវិញការលក់ទីតាំងព្រលានយន្តពោធិ៍ចិនតុង ទៅក្រុមហ៊ុនឯកជន ក្រោយមានការប្រកាសថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងបិទដំណើរ នារាត្រីថ្ងៃ៩ កក្កដា ឈានចូលថ្ងៃ១០ កក្កដាខាងមុខ ។ ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីពេលថ្មីនេះ បានស្នើឲ្យក្រុមប្រឆាំង និង អ្នកវិភាគចេះដឹងគ្រប់រឿងបញ្ចប់ការជជែកទៅ ព្រោះរដ្ឋគ្មានគោលការណ៍លក់ ឬដោះដូរជាថ្នូរនឹងអ្វីមួយ ជាមួយក្រុមហ៊ុនឯកជននោះទេ ។ ដោយរដ្ឋនឹងរក្សាតម្លៃជាប្រវត្តិសាស្រ្ត មិនឲ្យបាត់បង់ទៅណាឡើយ ព្រោះជាស្នាព្រហស្តរបស់អតីតព្រះមហាក្សត្រកម្ពុជា គឺព្រះបរមរតនកោដ្ឋ ដែលបានបម្រើដល់វិស័យដឹកជញ្ជូន ផ្នែកអាកាសរាប់ទសវត្សមកហើយ ។
លោកបណ្ឌិត យង់ ពៅ បានលើកឡើង នៅថ្ងៃ២១ ឧសភាថា ការរក្សាព្រលានយន្តហោះពោធិ៍ចិនតុងជាសម្បត្តិរបស់រដ្ឋ គឺជាទស្សនវិស័យដ៏វែងឆ្ងាយ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ លោកថា ទីតាំងព្រលានយន្តហោះពោធិ៍ចិនតុង គួរតែត្រូវបានគ្រប់គ្រងនិងថែរក្សាឲ្យបានគង់វង្ស ដើម្បីបង្ហាញអំពីវប្បធម៌ថែរក្សាមរតកអ្នកជំនាន់មុន ការបន្តនិរន្តរភាពនៃទីតាំងជាប្រវត្តិសាស្ត្រសម្រាប់ជាតិ និងគូសរំលេចអំពីដំណើរការអភិវឌ្ឍសង្គមជាតិ ដែលគាំទ្រដល់សុខមាលភាពសាធារណៈ និងទទួលបានការសាទរពីប្រជាពលរដ្ឋផងដែរ។
ម្យ៉ាងទៀតលោកបណ្ឌិត យង់ ពៅ ក៏បានផ្តល់យោបល់ថា ចំពោះទីធ្លាយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានបរិវេណធំទូលាយនេះ គួរត្រូវបានពិចារណាសម្រាប់ការរៀបចំ ជាទីតាំងបណ្ដុំក្រសួង-ស្ថាប័នរដ្ឋសំខាន់ៗ ដើម្បីកាត់បន្ថយភាពកកស្ទះចរាចរណ៍ និងការលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគ ក្នុងការស្វែងរកសេវាសាធារណៈផ្សេងៗ ។
លោកសង្កត់ធ្ងន់ទៀតថា ក្នុងនោះការសាងសង់មន្ទីរពេទ្យកម្រិតស្តង់ដាជាតិ ដ៏ធំមួយដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈ ក៏ជាជម្រើសមួយដ៏ ល្អប្រសើរផងដែរ ។
លោកបណ្ឌិតបញ្ជាក់ថា “ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជារឿងប្រសើរមួយដែលបានបិទបញ្ចប់ការបង្កើតទស្សនៈនយោបាយផ្សេងៗ ដើម្បីកេងចំណេញលើ ករណីនេះ ព្រោះអ្នកនយោបាយមួយចំនួន តែងតែទាញភ្ជាប់បញ្ហានេះទៅនឹងបញ្ហាផ្សេងៗទៀត ដែលបញ្ហានេះជាបញ្ហារ សើបមួយដែរ ព្រោះធ្លាប់មានការប្រើប្រាស់ ដីសាធារណៈផ្សេងៗទៅលើបញ្ហាមួយចំនួន ។ អីចឹងការលេចឡើងនូវការប្រើប្រាស់ដី ព្រលានយន្តហោះបច្ចុប្បន្ននេះ ទៅជាការដេញថ្លៃលក់ជាលក្ខណៈអីហូរហែរ ចេះតែមានអ្នកនយោបាយ អ្នកវិភាគ អ្នកបញ្ចេញទស្សនមតិ តាមបណ្តាញសង្គម បានទាញករណីនេះភ្ជាប់ទៅនឹងប្រធានបទយោបាយផ្សេងៗ តាមចេតនានិងការចង់បានរបស់ខ្លួន” ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង បានចាប់ផ្តើមកសាងជាលើកដំបូងដោយបារាំងនៅឆ្នាំ១៩៥៧ រួចធ្វើពិធីសម្ពោធនៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៥៩ ។ ប៉ុន្តែ ដើម្បីឆ្លើយតបនឹងកំណើនចំនួនអ្នកធ្វើដំណើរ អាកាសយានដ្ឋានត្រូវបានបើកការដ្ឋានរុះរើសាងសង់ជាថ្មីឡើងវិញនៅឆ្នាំ១៩៩៥ ដោយក្រុមហ៊ុន SCAរបស់បារាំង ។ អាកាសយានដ្ឋានដែលត្រូវបានសាងសង់ រួចរាល់ជាស្ថាពរនៅឆ្នាំ២០០២ មានលទ្ធភាពទទួលអ្នកដំណើរ បាន៥លាននាក់ក្នុង១ឆ្នាំៗ ។ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះ ទៅជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៣ ៕
