កំពង់ធំ: លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ជាអនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្ទោង និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួម ក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ០២ភូមិ គឺភូមិនាងនយ និងភូមិជីអាប់ នៅឃុំចំណារក្រោម ស្រុកស្ទោង ដែលមានបណ្ណសរុប ៣.៣៥៧បណ្ណ ស្មើនឹង ១.៣៤០គ្រួសារ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។

ជាមួយគ្នានោះដែរ លោក នួន ផារ័ត្ន ថ្លែងថា លទ្ធផលសម្រេចបាននៃការចុះបញ្ជីដីធ្លីនេះ ពិតជាបានពង្រឹងនូវទីផ្សារដីធ្លី ជាពិសេសបង្កើន ចំណូលថវិការដ្ឋតាមរយៈពន្ធប្រថាប់ត្រា និងការប្រមូលពន្ធប្រចាំឆ្នាំលើអចលនទ្រព្យផងដែរ។ លើសពីនេះទៀត លោក បានជំរុញដល់មន្ត្រីជំនាញ សហការជាមួយអាជ្ញាធរដែនដី ពន្លឿននៃការចុះបញ្ជីដីធ្លីឲ្យបានឆាប់ គ្រប់ភូមិ/ឃុំ ដែលនៅមិនទាន់វាស់វែង តាមរយៈការជូនដំណឹង ដល់បងប្អូនជាម្ចាស់ដី សហការចុះកំណត់ព្រំដីផ្លូវ ត្រពាំង ប្រឡាយទឹក ឲ្យបានច្បាស់លាស់ និងជួយសម្របសម្រួល ដោះស្រាយវិវាទព្រំ ឬការដណ្តើមសិទ្ធលើក្បាលដី ការសម្រួលឯកសាររណប មានដូចជាអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ លិខិតស្នាក់នៅ ការបញ្ជាក់ភាពនៅលីវ លែងលះ ជាដើម ជូនដល់ប្រជាពលរដ្ឋ ព្រោះការចុះបញ្ជីដីធ្លីនាំឲ្យមានការកំណត់ច្បាស់លាស់រវាងដីរដ្ឋ និងដីឯកជន ការកំណត់ព្រំ និងសិទ្ធ លើក្បាលដី ការរៀបចំដែនដី បរិយាកាសគ្មានវិវាទ ដើម្បីចូលរួមចំណែក កាត់បន្ថយទំនាស់ និងកាត់បន្ថយភាពក្រីក្រ ព្រោះបើដីមានប្លង់កម្មសិទ្ធិ គឺមានការពារដោយច្បាប់ ធានាដោយរដ្ឋ ហើយប្រជាពលរដ្ឋអាចយកប្លង់ទៅប្រើប្រាស់ ទាញយកប្រយោជន៍ដើម្បីលើកស្ទួយជីវភាព ឲ្យកាន់តែប្រសើរឡើង។
លោក ថោ ជេដ្ឋា បានសំដែងការអំណរសាទរ ជូនចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ និងក្រុមការងារ ចុះបញ្ជីដីធ្លីដែលបានសម្រេចលទ្ធផលជាបន្តបន្ទាប់ ក្នុងការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីមាន លក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី អ្នកកាន់កាប់ដី និងស្ថាប័នរដ្ឋ និងបាន រៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ជូនប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ ដែលបានអនុវត្ត តាមនីតិវិធីច្បាប់។

លោក បន្ថែមទៀតថា ការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីនៅថ្ងៃនេះ ពិតជាបានចូលរួមចំណែកក្នុងការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ធ្វើឱ្យទំនាស់ដីធ្លីមានការថយចុះ ។ លើសពីនេះ លោក រដ្ឋមន្ត្រី បានសូមសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋ ពេលមានតម្រូវការ សាងសង់ លំនៅដ្ឋាន ឫសំណង់អាគារផ្សេងៗដូចជារបង ឃ្លាំង ជាដើម ត្រូវសុំការអនុញ្ញាតច្បាប់សាងសង់ ជាមុន មិនត្រូវសាងសង់លើដីសាធារណៈ ដូចជាដីចំណីផ្លូវ ចំណីស្ទឹង ឫសាងសង់រំលោភលើ ព្រំអ្នកជិតខាងដែលនាំឲ្យកើតមានវិវាទខាតបង់ពេលវេលា និងផលប្រយោជន៍ ព្រមទាំងសំណូមពរដល់មន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខិតខំជំរុញការវាស់វែង ឲ្យបានចប់សព្វគ្រប់ទូទាំងខេត្តតាមផែនការ របស់ក្រសួងក្នុងបំណាច់ឆ្នាំ២០២៥ ខាងមុខនេះ ៕ ដោយសំនៀង
