ភ្នំពេញ ៖ ការិយាល័យអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានស្នើឲ្យក្រុមអង្គការ សង្គមស៊ីវិលជាតិ-អន្តរជាតិ បញ្ឈប់កម្មភាពលើកតម្កើង អ្នកប្រព្រឹត្តអំពើល្មើសច្បាប់ ធ្វើជា “វីរជន” ហើយគួរតែងាកមកអប់រំ ណែនាំពួកគាត់ ឲ្យដើរលើផ្លូវត្រូវវិញ។
ការលើកឡើងរបស់ក្រសួងព័ត៌មាន បន្ទាប់ពីក្រសួងបានសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ អង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានបរទេសមួយចំនួន បានផ្សព្វផ្សាយពីបុគ្គលឈ្មោះ អ៊ុក ម៉ៅ ដែលត្រូវបានជាប់បណ្ដឹងចំនួន១៥ សំណុំរឿងផ្សេងៗគ្នាពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់នានារបស់ខ្លួន តាំងពីខែកុម្ភៈ ឆ្នាំ២០២២ មក និងត្រូវបានចាប់ខ្លួនពីបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ បង្កហិង្សា និងការកាប់ទន្ទ្រានដីព្រៃរដ្ឋខុសច្បាប់ ដែលកំពុងជាប់ឃុំខ្លួន បណ្តោះអាសន្ន រង់ចាំ បន្តនីតិវិធី ដោយធ្វើអត្ថាធិប្បាយផ្សេងៗ ដែលប៉ះពាល់ដល់សុចរិតភាព និងស្ថានភាពជាក់ស្តែង ទាក់ទងនឹង បុគ្គលនេះ។ ក្រុមអង្គការសង្គមស៊ីវិល បានស្នើឲ្យតុលាការដោះលែងលោក អ៊ុក ម៉ៅ ដោយពួកគាត់អះអាងថា លោក អ៊ុក ម៉ៅហ៊ាននិយាយការពិត ពីបទល្មើសព្រៃឈើ។
លោក អ៊ុក ម៉ៅ ត្រូវបានតុលាការខេត្តស្ទឹងត្រែងកាលពីថ្ងៃ១៦ ឧសភា ចោទប្រកាន់ពីបទញុះញង់និងបទបរិហារកេរ្តិ៍ និងសម្រេចឲ្យជាប់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់មួយចំនួនទៀត។
យោងតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មានបានឲ្យដឹងថា ចំពោះក្រុមអង្គការ សង្គមស៊ីវិល ដែលបានអះអាងថា បុគ្គល អ៊ុក ម៉ៅ ក៏ជាអ្នកសារព័ត៌មានមួយរូបដែរនោះ ក្រសួងក៏បានទទួលស្គាល់ថា ពិតជាអ្នកបម្រើការនៅអង្គភាព ឥន្ទ្រីផ្លើស ញូស៍ មែន ប៉ុន្តែលោកមិនមាន បណ្ណសារព័ត៌មាន ដែលចេញដោយ ក្រសួងព័ត៌មានឡើយ ដោយសារលោកមិនអាចបំពេញ លក្ខខណ្ឌក្នុងការស្នើសុំបណ្ណ ពោលគឺរាល់អ្នកសារព័ត៌មាន ដែលស្នើសុំបណ្ណ ត្រូវតែមិនមានជាប់ពាក់ព័ន្ធនឹងបណ្ដឹងតវ៉ា ឬស្ថិតក្នុងនីតិវិធីតុលាការឡើយ ។
ក្រសួងគូសបញ្ជាក់ថា រាល់បទល្មើសដែលបុគ្គល អ៊ុក ម៉ៅ រងការចោទប្រកាន់ គឺជារឿងរបស់បុគ្គលលោកផ្ទាល់ មិនទាក់ទងនឹងការងារក្នុងក្របខណ្ឌវិជ្ជាជីវៈសារព័ត៌មានឡើយ។ ក្នុងនោះក្រសួងសង្កត់ធ្ងន់ទៅសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មាន បរទេសមួយចំនួន សូមកុំព្យាយាមធ្វើអាជីវកម្មនយោបាយ ជ្រុលហួសហេតុ ដោយបង្កើត បំភ្លៃព័ត៌មានខុស ពីការពិតពីបុគ្គលឈ្មោះ អ៊ុក ម៉ៅ ដែល អាចបង្ហាញថា អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានបរទេសមួយចំនួន គឺបង្កប់នូវរបៀបវារៈនយោបាយ ។
អ្នកនាំពាក្យក្រសួងព័ត៌មានសង្ឃឹមថា “សមាគម និងអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានបរទេសមួយចំនួន បញ្ឈប់ ការធ្វើអាជីវកម្មនយោបាយលើករណីនេះ និងបញ្ឈប់ការលើកតម្កើងជនដែលបានប្រព្រឹត្តល្មើសច្បាប់ ធ្វើជា «វីរជន» ប៉ុន្តែគួរចូលរួមអប់រំណែនាំជនទាំងនោះឲ្យគោរពច្បាប់ត្រឹមត្រូវ”៕
