ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង ប្រធានគណៈកម្មការ អន្ដរក្រសួង ដើម្បី ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងជា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ទោះបីជាស្ថានភាព កូវីដ-១៩ នៅកម្ពុជាបច្ចុប្បន្ន ស្ថិតនៅស្ថានភាព អាចគ្រប់គ្រងបាន ប៉ុន្ដែភាគីពាក់ព័ន្ធ ត្រូវបន្ដបង្កើនការតាមដាន យកចិត្តទុក ដាក់បន្ថែមទៀត ហើយត្រៀមបម្រុង ចំពោះការរាតត្បាត នៅតាមសហគមន៍ ។
ក្នុងកិច្ចប្រជុំត្រៀមបង្ការ និងឆ្លើយតបចំពោះ ការរាតត្បាតជាសកល នៃជំងឺកូវីដ-១៩ នៅកម្ពុជា នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ លោក ម៉ម ប៊ុនហេង បានឲ្យដឹង ថា ក្នុងពេល ដែលពិភពលោកមិនទាន់យល់ច្បាស់ នឹងវិរុសថ្មី នៅឡើយហើយអ្នកវិទ្យាសាស្ដ្រ បាននិងកំពុងតាមដាន លើការវិវត្តន៍វិរុសថ្មីនេះ ព្រមទាំងពន្លឿនការស្រាវជ្រាវ រកថ្នាំព្យាបាល ក៏ដូចជា វ៉ាក់សាំងការពារផងដែរ ។
លោកបន្ដថា ដើម្បីឆ្លើយតបទៅ នឹងការព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលទាមទារឲ្យប្រទេស ទាំងអស់ បង្កើនសមត្ថភាពបន្ថែមទៀត ក្នុងការ ការពារទប់ស្កាត់កូវីដ-១៩ ឲ្យទាន់ពេលវេលា ជាពិសេស ពង្រឹងកិច្ចសហការប្របត្តិការបន្ថែម មិនត្រឹមតែឆ្លើយតប ការរាតត្បាត កូវីដ-១៩ ក្នុងសាកលប៉ុណ្ណោះទេ ប៉ុន្ដែសម្រាប់ការរាតត្បាត ជំងឺឆ្លងនានា អាចកើតមានឡើង នៅពេល អនាគត ។
លោក មានប្រសាសន៍ថា « ទោះបីជាស្ថានភាព កូវីដ-១៩ នៅកម្ពុជាបច្ចុប្បន្ន ស្ថិតនៅស្ថាន ភាពអាចគ្រប់គ្រងបាន តែយើងត្រូវបន្ដបង្កើនការតាមដាន យកចិត្តទុកដាក់បន្ថែមទៀត និង ត្រៀមបម្រុងរួចជាសម្រេច ចំពោះការរាតត្បាតនៅតាម សហគមន៍ ដែលនឹងអាចកើតមាន ឡើងជាយថាហេតុ»។
ជាមួយគ្នានោះលោកស្រី Pauline Tamesis អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ (អ.ស.ប) នៅកម្ពុជា បានលើកឡើងថាទោះបីជាពុំទាន់ឃើញសញ្ញាច្បាស់លាស់ អំពី ការឆ្លង ក្នុងសហគមន៍ តែស្ថានភាពនេះអាចប្រែប្រួលយ៉ាងឆាប់រហ័សដូច្នេះយើងត្រូវត្រៀមខ្លួនជា ស្រេចដើម្បីឆ្លើយតប ទៅតាមស្ថានភាពជាក់ស្ដែង។
លោកស្រី Pauline Tamesis អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ (អ.ស.ប) នៅកម្ពុជា បានថ្លែងថា «ទោះបីជាយើងពុំទាន់ឃើញសញ្ញាច្បាស់លាស់ អំពី ការឆ្លង ក្នុងសហគមន៍ ដោយស្ថានភាពនេះអាចប្រែប្រួលយ៉ាងឆាប់រហ័ស។យើងត្រូវត្រៀមខ្លួនជា ស្រេច និងបន្ស៊ាំការឆ្លើយតបរបស់យើង ទៅតាមស្ថានភាពនោះ»។
លោកស្រីបន្ដថា ប្រទេសជាច្រើននៅលើពិភពលោក ក៏ដូចជា កម្ពុជា ប្រឈមនឹងការលំបាក ដ៏ស្មុគស្មាញមួយ ក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់ជំងឺកូវីដ-១៩ មិនត្រឹមតែក្នុងវិស័យ សុខា ភិបាលប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងក្នុងវិស័យដទៃទៀតផងដែរ ដូចជា ការអប់រំ ទេសចរណ៍ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងឧស្សាហកម្ម។
លោកស្រីបញ្ជាក់ថា ទោះបីនៅពុំទាន់មានការផ្ទុះឡើង កូវីដ-១៩ ជាទ្រង់ទ្រាយធំនៅកម្ពុជា ក៏ដោយ ការធ្លាក់ចុះនៃសេដ្ឋកិច្ច នៅក្រៅប្រទេស កំពុងបង្កផលប៉ះពាល់មកលើសេដ្ឋកិច្ចជាតិ រួចមកហើយ ៕ ដោយ ៖ អេង ប៊ូឆេង