ភ្នំពេញ ៖ ក្រោយពីមានប្រជាពលរដ្ឋមួយចំនួន សំណូមពរឲ្យសមត្ថកិច្ចពន្យាពេល អនុវត្តន៍ ច្បាប់ចរាចរណ៍សិន ដោយរង់ចាំ កូវីដ-១៩ ចប់សព្វគ្រប់នោះ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា ការអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ភាគី ពាក់ព័ន្ធ មានគម្រោងមុន កូវីដ-១៩ កើតទៀត ដូច្នេះវិធានការនេះ ត្រូវតែធ្វើបន្ដទៀត ដើម្បី សុវត្ថិភាពពេលធ្វេីដំណើរ។
ថ្មីៗនេះ ពលរដ្ឋមួយចំនួន បានសម្ដែងការគាំទ្រពេញទំហឹងចំពោះអនុក្រឹត្យ ស្ដីពី ការពិន័យ អន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ ស្ដីពី ការចរាចរណ៍ផ្លូវគោក ដែលនឹងធ្វើ ការផាក ពិន័យធ្ងន់ធ្ងរលើអ្នកល្មើសច្បាប់ តែពលរដ្ឋសំណូមពរឲ្យសមត្ថកិច្ចពន្យាពេល អនុវត្តន៍សិន ដោយរង់ចាំវិបត្តិ កូវីដ-១៩ បានផុតរលត់ ដើម្បីទុកពេលឲ្យពលរដ្ឋធ្វើការរស្ដារ សេដ្ឋកិច្ចកិច្ច ឡើងវិញសិន។ពីព្រោះពលរដ្ឋកំពុងជួបបញ្ហាធ្លាក់ចុះសេដ្ឋកិច្ច។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វិធានការរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក» នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ លោក ហ៊ឹម យ៉ាន បានរំលឹកថា ថវិកានរគបាលផាក ពិន័យបាន រាជរដ្ឋាភិបាល ផ្ដល់រង្វាន់លើកទឹកចិត្តដល់នគរបាល ៧០% ក្រៅពីនឹង ផ្ដល់ឲ្យអង្គ ភាព និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។លោកថា ការផាកពិន័យមិនចង់សំដៅចង់បានថវិកា ពីពលរដ្ឋឡើយ គឺធ្វេីឡេីងក្នុងគោលបំណងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
លោកមានប្រសាសន៍ថា «សម្រាប់ប្រទេសយើង កូរូណានេះ (កូវីដ-១៩) មិនទាន់មានស្លាប់ទេ ទោះវាជាជំងឺឆ្លងក៏ដោយ ដែលពិភពលោកខ្លាចវា។រាជរដ្ឋាភិបាលកម្ពុជា ខិតខំដឹកនាំបង្ការ មិនឲ្យមានគ្រោះថ្នាក់ដល់ស្លាប់ សម្រាប់ប្រទេសយើង។ផ្ទួយទៅវិញ គ្រោះថ្នាក់ចរាចរណ៍ មានស្លាប់រាល់ថ្ងៃ។ហើយបញ្ហាគម្រោងរឹតបន្ដឹងនេះ (រឹតបន្ដឹងច្បាប់ចរាចរណ៍) មិនមែនទើប ថ្ងៃនេះទេ គឺគម្រោងតាំងពី ខែតុលា ឆ្នាំ២០១៩ ក្រោយពីមើលឃើញថា កំណើនគ្រោះថ្នាក់ ក្នុងឆ្នាំ២០១៩ មានការកើនឡើងខ្ពស់ គម្រោងមុនកូរូណាកើតទៀត»។
លោករៀបរាប់ថា នៅពេលពលរដ្ឋបង់ប្រាក់ពិន័យ គឺត្រូវបង់កន្លែងស្នាក់ការនគរបាល ដែលនៅជិតផ្ទះពួកគាត់។លោកថា តម្លៃកម្រិតផាកពិន័យ មិនស្នើនឹងជាមួយ កម្រិតនៃការ ព្យាបាលរបួស នៅពេលជួបគ្រោះថ្នាក់ទេ។នៅពេលពលរដ្ឋគោរពច្បាប់ចរាចរណ៍ បានចំណេញ ច្រើនណាស់ ព្រមទាំង ចំណេញពេលវេលាផងដែរ។
ជាងនេះទៀត អគ្គស្នងការរងនគរបាលជាតិ ក៏បានអំពាវនាវ ទៅដល់ម្ចាស់រថយន្ដទាំងអស់ ត្រូវយករថយន្ដទៅ ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) កុំឲ្យទទួលការផាកពិន័យ បន្ថែមទៀត។
អគ្គស្នងការរងនគរបាលជាតិ បានក្រើនរំលឹកថា ច្បាប់ចរាចរណ៍ បានចែកថា ប្រសិនបើ នគរបាលចរាចរណ៍ណាម្នាក់ ប្រព្រឹត្តិខុសឆ្គងពីភារៈកិច្ចរបស់ខ្លួន គឺត្រូវទទួលទោសតាម ផ្លូវច្បាប់ ជាពិសេស ពលរដ្ឋក៏មានសិទ្ធប្ដឹងទៅតុលាការ ចំពោះនរគបាលណា ដែលប្រព្រឹត្តិ ខុសឆ្គង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
នាឱកាសនោះដែរ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក លោក សូ ពីសី បានលើកឡើងថា «យើងតម្រូវឲ្យមានបណ្ណបើកបរ ប្រភេទ ក គឺសម្រាប់តែម៉ូតូ ដែល មានកម្លាំង ១២៥ C C ឡើងទៅ ទោះបីយើងមានបណ្ណបើកបរ ប្រភេទ ខ គ ឃ ង ក៏ដោយ មិនអាចមកបើកបរម៉ូតូបានទេ»។
លោករៀបរាប់ថា ម៉ូតូកម្លាំង១២៥ C C ឡើងទៅ ត្រូវមានបណ្ណបើកបរ ប្រភេទ ក ហើយរថយន្ដត្រូវមានបណ្ណបើកបរ ប្រភេទ ខ គ ឃ ង។ជាងនេះទៅទៀត អ្នកមានបើបករ ប្រភេទ ក មិនអាច បើកម៉ូតូកង់៣ ឬម៉ូតូកង់៤ បានឡើយ ត្រូវមានបណ្ណបើកបរប្រភេទផ្សេងៗ ទៀត។
សូមរំលឹកថា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ តទៅ កម្លាំងននគរបាល ត្រៀមអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ចំនួន៣.៩១៩នាក់ និង៥៦៨គោលដៅ ផងដែរ៕ដោយ ៖ អេង ប៊ូឆេង