វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងធ្វើការសម្រេចចិត្តថាតើលោក នឹងបញ្ជាឱ្យមានការវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។
លោកស្រី Leavitt បានអានសេចក្តីថ្លែងការណ៍របស់លោក ដូណាល់ ត្រាំ ដែលបានឆ្លើយតបទៅនឹងការរំពឹងទុកថា តើសហរដ្ឋអាមេរិកនឹងចូលរួមដោយផ្ទាល់នៅក្នុងជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលថា “ដោយផ្អែកលើការពិតដែលថា មានឱកាសច្រើននៃការចរចា ដែលអាច ឬមិនអាចកើតឡើងជាមួយអ៊ីរ៉ង់ នាពេលអនាគតដ៏ខ្លីខាងមុខនេះ។
លោកស្រី បានលើកឡើងថា អ៊ីរ៉ង់ត្រូវតែយល់ព្រមលើការមិនបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម ហើយទីក្រុងតេអេរ៉ង់ ត្រូវតែមិនអាចសម្រេចបាននូវអាវុធនុយក្លេអ៊ែរ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងការទូតណាមួយឡើយ។
លោកបានបន្ដថា ការឆ្លើយឆ្លងគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបន្តនៅពេលដែលភាគីទាំងពីរចូលរួមក្នុងការចរចា អ្នកនាំពាក្យរូបនេះបន្ដថា បេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈឹមបូព៌ាលោក Steve Witkoff និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានពិភាក្សាគ្នាតាមទូរស័ព្ទជាច្រើនដងចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី ១៣ ខែមិថុនា ក្នុងគោលបំណងស្វែងរកការបញ្ចប់ការទូត។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីមន្ត្រីការទូតបីនាក់ ដែលឲ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កិច្ចពិភាក្សានេះរួមមានការពិភាក្សាខ្លីមួយអំពីសំណើរបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសអ៊ីរ៉ង់ ក្នុងគោលបំណងបង្កើតសម្ព័ន្ធតំបន់ ដែលនឹងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅខាងក្រៅប្រទេសអ៊ីរ៉ង់ ដែលរហូតមកដល់ពេលនេះទីក្រុងតេអេរ៉ង់ បានច្រានចោលម្ដងហើយម្ដងទៀត។
លោក Araghchi បានប្រាប់ទៅបេសកជនពិសេសរបស់សហរដ្ឋអាមេរិកថាទីក្រុងតេអេរ៉ង់ “អាចបង្ហាញភាពបត់បែនក្នុងបញ្ហានុយក្លេអ៊ែរ” ប្រសិនបើរដ្ឋាភិបាលសហរដ្ឋអាមេរិក ដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ចប់សង្គ្រាម ដោយបន្ថែមថា ទីក្រុងតេអេរ៉ង់ នឹងមិនវិលត្រឡប់ទៅរកការចរចានោះទេ លុះត្រាតែអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារនោះ។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា លោក ដូណាល់ ត្រាំ បានអនុម័តផែនការវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីយប់ថ្ងៃអង្គារ ប៉ុន្តែបានរារាំងការសម្រេចចិត្តចុងក្រោយក្នុងករណី ដែលអ៊ីរ៉ង់ យល់ព្រមបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា
