ព្រះវិហារ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា បន្ទាប់ពីទាហានឈ្លានពានបានលួចឆ្មក់មកបាញ់ប្រហារបណ្តាឱ្យកងទ័ពកម្ពុជាម្នាក់បានពលីជិវិត នៅតំបន់មុំ៣ រាជរដ្ឋាភិបាលកម្ពុជា មិនបានឈរឱបដៃនោះទេ។
ការលើកឡើង រដ្ឋមន្ដ្រី នេត្រ ភក្ត្រា នាឱកាសអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធកំពុងឈរជើងនៅខ្សែត្រៀមជួរមុខការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នាបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នាឱកាសនោះដែរ លោក រដ្ឋមន្ត្រី សូមថ្លែងអំណនូវការកោតសរសើរចំពោះការលះបង់របស់កងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់នូវសេចក្ដីសុខរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពានពីសំណាក់កងទ័ពបរទេសមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានផ្ដល់សេចក្ដីសុខឱ្យប្រជាជន ប្រសិនបើគ្មានកងកម្លាំងប្រដាប់អាវុធឈរជើងដ៏អង់អាចប្រឆាំងនឹងជនឈ្លានពាន ច្បាស់ណាស់មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋនឹងមិនអាចអង្គុយធ្វើការស្រួលនោះទេ។ ទាំងនេះ គឺជាទឹកចិត្ដមួយដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់មិនអាចបំភ្លេចបានឡើង។
លោក នេត្រ ភក្ត្រា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ពីសំណាក់សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំ បង្រួបបង្រួម ផ្សះផ្សារជាតិ តាមរយៈការដាក់ចេញគោលនយោបាយឈ្នះឈ្នះ រហូតធ្វើឱ្យប្រទេសកម្ពុជា បានបិទបញ្ចប់ភ្លើងសង្គ្រាមស៉ីវិលទាំងស្រុង បញ្ចប់អង្គការចាត់តាំងយោធាខ្មែរក្រហមនៅឆ្នាំ១៩៩៨។ ត្រង់ចំណុចនេះហើយ បទពិសោធន៍របស់កម្ពុជាកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១១ ដំណាក់កាលដែលកម្ពុជា និងថៃ បានច្បាំងគ្នានៅតាមបន្ទាត់ព្រំដែន គឺបានស្តែងយ៉ាងច្បាស់ពីយុទ្ធវិធី ទេពកោសល្យ និងការដឹកនាំប្រទេសជាតិប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានលើកឡើងថា «បន្ទាប់ពីទាហានឈ្លានពានបានលួចឆ្មក់មកបាញ់ប្រហារបណ្តាឱ្យកងទ័ពកម្ពុជាយើងម្នាក់បានពលី នៅតំបន់មុំ៣ រាជរដ្ឋាភិបាលកម្ពុជា មិនបានឈរឱបដៃនោះទេ ពោលគឺកម្ពុជា បានប្រើប្រាស់យុទ្ធវិធីសន្តិភាពតាមរយៈការបញ្ជូនពាក្យបណ្តឹងទៅអង្គការយុត្តិធម៌អន្តរជាតិ ICJ ព្រមទាំងប្រើប្រាស់វិធីការពារខ្លួន, ការទូត ការត្រៀមកម្លាំងជាប់ជានិច្ចដើម្បីការពារកងទ័ពឈ្លានពានមករំលោភទឹកដែលអធិបតេយ្យភាព បូរណភាពទឹកដី និងការប្រើប្រាស់សរភូមិពព័ត៌មាន ដើម្បីវាយបកទៅលើការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាកេងចំណេញលើស្មារតី សតិអារម្មណ៍»។
លោក រដ្ឋមន្ដ្រី បន្ដថា «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាជនកម្ពុជា សូមគោរពកោតសរសើរ និងដឹងគុណចំពោះវីរភាព និងការលះបង់របស់កងទ័ពជួរមុខក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ យើងខ្ញុំឈរនៅពីក្រោយបងប្អូនជានិច្ច នៅក្នុងបុព្វហេតុជាតិដ៏ឧត្តុងឧត្តមនេះ។ ការចុះសួរសុខទុក្ខកងទ័ពនាពេលនេះ មិនត្រឹមតែដើម្បីនាំយកនូវជំនួយឧបត្ថម្ភមកជូនកងទ័ពជួរមុខប៉ុណ្ណោះទេ តែជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល»៕




