ភ្នំពេញ៖ លោកនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបជាមួយលោកនាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរិ (MORISHITA YASUNORI) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន បានពិភាក្សាអំពីកាងាររកសាងសាលាបញ្ចូនសារ និងសាលាគីមីសាស្ត្រ ចំណុះឱ្យកងទ័ពជើងគោក ដោយកងស្វ័យការពារជើងគោកជប៉ុន បានឯកភាពជាគោលការណ៍ ក្នុងការជួយបណ្តុះបណ្តាលយោធាចារ្យ កម្មវិធី និងខ្លឹមសារហ្វឹកហ្វឺន ព្រមទាំងសម្ភារបច្ចេកទេស ។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ជំនួបទ្វេភាគីរវាងមេដឹកនាំកងទ័ពជើងគោកទាំងពីរ ធ្វើឡើងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងអំឡុងពេលដែល លោកនាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរិ (MORISHITA YASUNORI) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ដឹកនាំគណៈប្រតិ ភូបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះ សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធរវាង កម្ពុជា-ជប៉ុន ដែលបានបង្កើតតាំងពីឆ្នាំ១៩៥៣ និងបានសម្តែងការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ ដែលមានការរីក ចម្រើនជាលំដាប់លើគ្រប់វិស័យ។
ដោយក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណ ដល់ប្រទេសជប៉ុន ដែលបានចូលរួមស្វែងរកសន្តិភាព និងរក្សាសន្តិភាពនៅកម្ពុជា និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាល ក្រសួងការពារជាតិ កងស្វ័យការពារជប៉ុន ដែលតែងតែបានផ្ដល់ជំនួយជាសម្ភារៈ និងវគ្គហ្វឹកហ្វឺនដល់កងយោធពលខេមរភូមិន្ទ និយាយជារួម និងកងទ័ពជើគោក និយាយដោយឡែក។
ជាការឆ្លើយតប លោកនាយឧត្ដមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរិ (MORISHITA YASUNORI) បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារ នៃសពលោកព្រឹន្ទបាលឯក សួន រ៉ោន និង បានថ្លែងអំណរគុណ ចំពោះការរៀបចំបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ។ លោកបានបញ្ជាក់អំពី គោលបំណងដំណើរទស្សនកិច្ច មកកាន់កម្ពុជានាឱកាសនេះ គឺដើម្បីបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការលើការបណ្តុះបណ្តាល ធនធានមនុស្សដល់កងទ័ពជើងគោកកម្ពុជា។
លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងលោកនាយឧត្ដមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរិ (MORISHIT YASUNORI) ក៏បានពិភាក្សាអំពីកាងាររកសាង សាលាបញ្ចូនសារ និងសាលាគីមីសាស្ត ចំណុះឱ្យកងទ័ពជើងគោក ដោយកងស្វ័យការពារជើងគោកជប៉ុន បានឯកភាព ជាគោលការណ៍ ក្នុងការជួយបណ្តុះបណ្តាលយោធាចារ្យ កម្មវិធី និងខ្លឹមសារហ្វឹកហ្វឺន ព្រមទាំងសម្ភារបច្ចេកទេស។
បន្ថែមពីនេះ លោកមេបញ្ជាការទាំងពីរ ក៏បានឯកភាពពិនិត្យលទ្ធភាព លើសកម្មភាពកិច្ចសហ ប្រតិបត្តិការមួយចំនួនរួមមាន៖ (១) ការរៀបចំសមយុទ្ធទ្វេភាគី ក្រោមប្រធានបទ ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ (HADR) (២) ការលោតឆត្រយោងមិត្តភាព (៣) ការផ្លាស់ប្តូរនាយទាហានវ័យក្មេងផងដែរ៕
