ព័ត៌មានជាតិ

ជិត ២ឆ្នាំ នៃការអនុវត្តសាកល្បង ការចុះបញ្ជីអត្រានុកូលដ្ឋាន តាមប្រព័ន្ធអេឡិកត្រូនិក ទទួលបានលទ្ធផលជាង ១ម៉ឺនបញ្ជី

ភ្នំពេញ ៖ ការចុះបញ្ជីអត្រានុកូលដ្ឋាន តាមរយៈការជូនដំណឹងពីមូលដ្ឋានសុខាភិបាល ក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ ទទួលបានលទ្ធផលសរុបចំនួន ១០,៧៣៤បញ្ជី ចំនួននេះ គឺជាផ្នែកមួយដែលទទួលបានពីការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិកត្រូនិក ដោយប្រព័ន្ធនេះត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតដាក់ឱ្យអនុវត្តសាកល្បងដំបូងបំផុតនៅក្នុងសង្កាត់ចំនួន៦ នៃខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងចំណោមលទ្ធផលនៃការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិកត្រូនិកនេះ រួមមាន ៖ ការចុះបញ្ជីកំណើតចំនួន ៦,៩១១បញ្ជី ការចុះបញ្ជីមរណភាពចំនួន ៨៣៩បញ្ជី និងការចុះបញ្ជីអាពាហ៍ពិពាហ៍ចំនួន ២,៩៨៤បញ្ជី នេះបើគិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។

ដើម្បីចុះបញ្ជីអត្រានុកូលដ្ឋាន តាមប្រព័ន្ធអេឡិកត្រូនិកបាន ពលរដ្ឋអាចអនុវត្តតាមដំណើរការនេះ ចំពោះការចុះបញ្ជីកំណើតរស់ ឪពុកម្តាយ ឬអាណាព្យាបាល ឬញាតិជានីតិជន អាចដាក់ពាក្យស្នើសុំចុះបញ្ជីកំណើតរស់ទៅមន្ត្រីអត្រានុកូលដ្ឋាន នៅសង្កាត់ទាំង៦ ក្នុងខណ្ឌពោសែនជ័យ នៃទីលំនៅរបស់អ្នករាយការណ៍ ឬទីកន្លែងដែលកំណើតបានកើតឡើង ដោយភ្ជាប់មកជាមួយ នូវលិខិតជូនដំណឹងអំពីកំណើតរស់ ពីមូលដ្ឋានសុខាភិបាល ឯកសារអត្តសញ្ញាណឳពុកម្តាយ មានដូចជាសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្រកំណើត ឬអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ និងសំបុត្រអាពាហ៍ពិពាហ៍ ប្រសិនបើមាន៕

To Top