ភ្នំពេញ ៖ កម្ពុជា និងសហរដ្ឋអាមេរិក បានធ្វើកិច្ចសហប្រតិបត្តិការ ទ្វេភាគីដ៏ល្អជាមួយគ្នា ដោយសម្រេចបាន នូវលទ្ធផលលើការ លើកកម្ពស់ សុខភាព សុខុមាលភាពប្រជាជនកម្ពុជា រួមទាំងចូលរួមចំណែកពង្រឹង សន្តិសុខសុខភាពសកល តាមរយៈការកាត់បន្ថយជំងឺឆ្លង ។

ក្នុងឱកាសអនុញ្ញាតឲ្យ លោកស្រី Bridgette L. Walker ភារៈធារី នៃស្ថានទូតអាមេរិកប្រចាំ កម្ពុជាចូលជួបសម្តែងការ គួរសម នាថ្ងៃ១ កក្កដា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល ស្វាគមន៍រដ្ឋាភិបាល និងប្រជាជន អាមេរិក ដែលបានផ្តល់ជំនួយ ដល់វិស័យសុខាភិបាល តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ ទ្វេភាគីនៃសហរដ្ឋអាមេរិកនានាដូចជា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) , មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (US-CDC) និងវិទ្យាស្ថានសុខភាពជាតិនៃសហរដ្ឋអាមេរិក (NIH) ដែលភ្នាក់ងារទាំងនេះ បានសហការគាំទ្រវិស័យសុខាភិបាល ដើម្បីលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា និងរួមចំណែកធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធសុខាភិបាល ដែលមានភាពធន់នៅកម្ពុជា។

លោកស្រី Bridgette L. Walker បានថ្លែងអំណរគុណ ក្រសួងសុខាភិបាល ដែលបានផ្តល់ការគាំទ្រ ដល់គម្រោងផ្តួចផ្តើមនានា របស់សហរដ្ឋអាមេរិក និងបានលើកឡើង ពីការកែសម្រួលថ្មីៗ របស់រដ្ឋាភិបាលអាមេរិក ដែលបានកាត់បន្ថយ និងតម្រង់ទិសឡើងវិញ លើការផ្តល់ជំនួយមួយភាគធំរបស់ភ្នាក់ងារ USAID។ ក្នុងស្ថានភាពនេះ លោកស្រីបានសង្កត់ធ្ងន់ លើការតាំងចិត្តរបស់ស្ថានទូតអាមេរិក ក្នុងការបន្តកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលកម្ពុជា ពិសេសក្នុងវិស័យសុខាភិបាល និងមានក្តីសង្ឃឹមថា ការប្រែប្រួល នៃការផ្តល់ ជំនួយរបស់អាមេរិននេះ នឹងជំនួសមកវិញនូវទម្រង់ នៃការផ្តល់ជំនួយមួយ ដែលកាន់តែមានប្រសិទ្ធភាព។

ជាការឆ្លើយតប សាស្ត្រាចារ្យ រដ្ឋមន្ត្រីវាយតំលៃខ្ពស់ ចំពោះការប្រឹងប្រែងរបស់ភ្នាក់ងារផ្តល់ ជំនួយសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ដែលបានបារម្ភចំពោះផលប៉ះពាល់នៃការកែប្រែលក្ខខណ្ឌ នៃការផ្តល់ជំនួយរបស់រដ្ឋបាលថ្មី និងបានបញ្ជាក់ពីការខិតខំអស់ពីកំលាំង កាយចិត្តធ្វើការ ពន្យល់ ដល់រដ្ឋាភិបាលអាមេរិក រហូតដល់អាចរក្សាបាន គម្រោងមួយចំនួនដែលមានភាព ចាំបាច់សម្រាប់ប្រជាជនកម្ពុជា ដែលងាយរងគ្រោះពិសេស ទាក់ទងនឹងការងារកាត់ បន្ថយជំងឺរបេង លុបបំបាត់ជំងឺគ្រុនចាញ់ និងលុបការឆ្លងជំងឺអេដស៍។

រដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់ពីការតាំងចិត្ត របស់ក្រសួងក្នុងរ៉ាប់រងការងារ ឆ្លើយតបនឹង ជំងឺឆ្លងដោយខ្លួនឯង និងការតាំងចិត្ត ទទួលខុសត្រូវក្នុង ការចូលរួមជាមួយសកលលោក ដើម្បីកាត់ផ្តាច់សង្វាក់នៃការឆ្លងនៃជំងឺឆ្លង ជាពិសេសជំងឺគ្រុនចាញ់ ជំងឺរបេង និងជំងឺអេដស៍ដែលកម្ពុជាបាន និងកំពុងសម្រេច បានសមិទ្ធផលជាទីពេញចិត្ត។ ទន្ទឹមនឹងការតាំងចិត្ត និងការទទួលខុសត្រូវ វិស័យសុខាភិបាល ក៏នៅតែស្វាគមន៍ ជំនួយបន្ថែមពី ដៃគូពាក់ព័ន្ធ ទាំងបច្ចេកទេស និងថវិកាដើម្បីជំរុញលទ្ធភាពរបស់ប្រព័ន្ធសុខាភិបាល បានកើនឡើងមួយកំរិតទៀត ៕










