ព័ត៌មានជាតិ

សម្តេចធិបតី៖ ទោះ១០០ឆ្នាំទៀត ក៏គណបក្សប្រជាជនកម្ពុជា មិនចោលបុព្វហេតុដើម្បីជាតិ និងប្រជាជនដែរ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា គណបក្សប្រជាជនកម្ពុជា ទោះជា១០០ឆ្នាំទៀត ក៏មិនចោលនូវបុព្វហេតុរបស់ខ្លួនដែរ គឺដើម្បីជាតិនិងប្រជាជន នេះគឺជាការពិត ។

ក្នុងពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការកសាងមូលដ្ឋានគណបក្សនូវអាគារគណបក្សដ៏ធំបែបនេះ មិនមែនចៃដន្យ ឬមួយមិនមែនគ្រាន់តែអាគារសម្រាប់ប្រជុំនោះទេ ប៉ុន្តែបង្ហាញនូវការជឿជាក់ និងការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការដឹកនាំនិងបម្រើឱ្យប្រជាពលរដ្ឋ​​នៅរយៈពេលវែង មិនមែនរយៈពេលខ្លី ។

ក្នុងនោះ សម្តេចធិបតី គូសបញ្ជាក់ថា ជិត៥០មកហើយ រាប់ចាប់ពីឆ្នាំ១៩៧៩មក និងកំពុងបន្តទៅមុខទៀត គណបក្សប្រជាជនកម្ពុជា នៅតែជឿជាក់នូវភាពរឹងមាំ និងភាពជោគជ័យរបស់គណបក្ស ដែលបន្តនៅយូរអង្វែងតទៅមុខ ដើម្បីនៅជាមួយប្រជាជន និងដើម្បីដឹកនាំប្រទេសកម្ពុជាតទៅទៀត ។

សម្តេចធិបតី មានប្រសាសន៍ថា “ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ផែនការដាក់ត្រឹម២០៥០ ដែលយើងធានានិរន្តរភាព ប៉ុន្តែខ្ញុំជឿជាក់ថា មិនមែនត្រឹមនោះទេ គឺគណបក្សប្រជាជននឹងនៅជាមួយប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋ ហេតុអ្វី? កិច្ចការងារធំពីរ ដែលខ្ញុំនៅជឿជាក់ ជឿជាក់ទី១ គឺប្រជាពលរដ្ឋនៅតែឱ្យតម្លៃ ទៅលើសច្ចភាព ទៅលើការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា របស់អ្នកដែលខំធ្វើពិត ។ ទី២ ខ្ញុំនៅតែជឿជាក់ថា គណបក្សប្រជាជនកម្ពុជា ទោះជា១០០ឆ្នាំទៀត ក៏មិនចោលនូវបុព្វហេតុរបស់ខ្លួនដែល គឺដើម្បីជាតិនិងប្រជាជន នេះគឺជាការពិត” ។

បន្ថែមលើនេះ សម្តេចធិបតី អនុប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា កត្តាទាំងពីរខាងលើនេះបានផ្គុំគ្នា គឺធានានូវការដឹកនាំដ៏យូរអង្វែង ដែលហេតុធ្វើឱ្យជាគណបក្សមូលដ្ឋាន របស់គណបក្សប្រជាជនកម្ពុជា នៅតាមបណ្តារាជធានីខេត្ត ហើយជាពិសេសនៅរាជធានីភ្នំពេញ ដែលសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា ការកសាងគណបក្សមួយដែលធំ ដើម្បីបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅបន្តភាពជោគជ័យ និងនៅជាមួយប្រជាជន និងនៅតែទទួលបានការគាំទ្ររបស់ប្រជាជនយូរអង្វែង៕

To Top